ដោយ:បាយ័ន/សៀមរាបៈ ជនសង្ស័យជាប្តីត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដោលសង្ស័យថាបានសម្លាប់ប្រពន្ធរបស់ខ្លួនហើយយកទៅដុតចោល រកឃើញនៅសល់តែឆ្អឹង។

លោក វរសេនីយ៍ទោ ម៉ាន់ ម៉ុន អធិការរងទទួលបន្ទុកព្រហ្មទ័ណ្ឌបាននិយាយថា ករណីឃាតកម្មកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ៈ៣០នាទី នៅចំណុចព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ (ត្រពាំងត្បាល់) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

អង្គហេតុខាងលើបានបញ្ជាក់ថា នៅវេលាម៉ោង០៨ៈ០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានមកប្តឹងផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ដោយគាត់ប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ លី កូលាប អាយុ ៣៦ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី២៧ ០៤ ២០២១ មិនដឹងទៅណាទេ។ ក្រោយទទួលពត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិ និងប្រជាពលរដ្ឋ បានជួយរក។ លុះម៉ោង១០ៈ៣០នាទី ថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំការរបស់ឈ្មោះ អេង អឿន ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។

ដោយមានការសង្ស័យទៅលើបុរសជាប្តី ដោយសារជនរងគ្រោះជាមនុស្សញៀនល្បែងស៊ីសង ចំណែកប្ដីដែលមជាមនុស្សសេពសុរាជាប្រចាំផង ទើបឃាត់បុរសជាប្តីរូបនេះជាបណ្តោះអាសន្ន៕