ដោយ:សរិទ្ធ/កណ្តាល: លោក រស់ ផុនចាន់និមល ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ សម្រេចចេញដីកាឃុំខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

គួររំលឹកថា ក្រុមជនសង្ស័យចំនួន ៤នាក់នេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យរួចក៏ឃាត់ខ្លួន យកមកសួរនាំ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីយប់ ស្ថិតនៅចំណុចលើផ្លូវបេតុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំងនោះរួមមានទី១.ឈ្មោះ ទន ចាន់នី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ មុខរបរលក់បន្លែ, ទី២.ឈ្មោះ ថា រចន្នី ភេទស្រី អាយុ ១៨ឆ្នាំ រស់ នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ មុខរបរ នៅផ្ទះ, ទី៣. ឈ្មោះលី គឹមស្រៀង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិ លេខ១សង្កាត់ស្វាយរលំក្រុងតាខ្មៅ មុខរបរលក់ដូរ, ទី៤.ឈ្មោះ សុខ ធាវី ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ១ សង្កាត់ស្វាយ រលំ ក្រុងតាខ្មៅ មុខរបរលក់ដូរ។

លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបាន ឲ្យដឹងថា មុនពេលកើតហេតុលោកមេភូមិដើមគរ ឈ្មោះឡឹក កុសល ដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យចំនួន ៤នាក់ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំរួចរាយការណ៍ជួនលោកមេប៉ុស្តិ៍នាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ រួចនាំជនសង្ស័យទាំង ៤នាក់យកមកប៉ុស្តិ៍ធ្វើការឆែកឆេរ តែរកមិនឃើញវត្ថុតាងអ្វីឡើយ។

លោកវរសេនីយឯក បន្តថា ប្រមាណជា ៥នាទីក្រោយមក លោកមេភូមិដើមគរ រាយការណ៍តាមទូរស័ព្ទមកលោកមេប៉ុស្តិ៍ថា បានរកឃើញថ្នាំញៀនចំនួន ១ថង់ ស្មើ៦កញ្ចប់ធំ លាក់ទុកនៅក្រោមដុំថ្មកន្លែងឈ្មោះ សុខ ស្រីវី អង្គុយលើ៕