​ប្រែ​សម្រួល​: វាសនា​/​បាងកក​៖ នាយកដ្ឋាន​អប់រំ​កែប្រែ​បាន​និយាយថា មេដឹកនាំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ម្នាក់ ដែល​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​ពេល​រង់ចាំ​ការនាំ​ឡើង​សវនាការ​ចំពោះ​បទចោទប្រកាន់​​ប្រមាថ​ស្តេច ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​ក្រោយពី​ធ្វើ​កូដកម្ម​អត់​អាហារ​អស់​៤៦​ថ្ងៃ​។​

​ផា​រិត “​ផេន​គ្វី​ន​” ជីវ៉ា​រ៉ាក់ បាន​ស្រក​ទម្ងន់​អស់​១២​គីឡូក្រាម និង​ត្រូវបាន​នាំ​ចូល​ពេទ្យ​ដោយសារ​តែ​មន្ត្រី​គុក​ព្រួយបារម្ភ​ខ្លាច​គាត់​សន្លប់​ប្រសិន​បើ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​និង​ទាមទា​រការ​​មើលថែរ​ពី​គ្រូពេទ្យ​ឯកទេស​។​

​ម្តាយ​របស់​ផា​រិត បាន​និយាយថា​សុខភាព​របស់​កូន​គាត់​កាន់តែ​អាក្រក់​ទៅ ហើយ​ស្ថានភាព​សុខភាព​របស់​គាត់​ត្រូវបាន​សារព័ត៌មាន​ថៃ​ចាប់​អារម្មណ៍​។​

​ម្តាយ​បាន​ស្វះស្វែង​សុំ​ធានា​ខ្លួន​កូន​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​សុក្រ និង​ជា​ការប៉ុនប៉ង​ដូច្នេះ​លើក​ទី​១០​។​លោកស្រី​បាន​កោរសក់​នៅមុខ​តុលាការ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ស្រី​ថា​ជា​អំពើ​អយុត្តិធម៌​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​បាន​ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ​មួយ​សំរាប់​ផា​រិត “​ផេន​គ្វី​ន​” ជីវ៉ា​រ៉ាក់ ផងដែរ​។​

​ទោស​ប្រមាថ​ស្តេច​មួយៗ​អាច​ជាប់គុក​១៥​ឆ្នាំ នៅក្រោម​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​ដ៏​តឹងរឹង​របស់​ថៃ​។​

​ផា​រិត បាន​លេចធ្លោ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​យុវជន​ថៃ​កាលពី​ឆ្នាំ​មុន​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ ប្រា​យុទ្ធ ចាន់ អូ​ចា​ដែល​បាន​បន្ត​នៅក្នុង​អំ​​ណា​ច​ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៩​បន្ទាប់ពី​លោក​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​។​

​ពួក​មេដឹកនាំ​តវ៉ា​ប្រឆាំង​ក៏​បាន​អំពាវនាវ​អោយ​កែ​ទំរង់​របបរាជានិយម និង​លុប​ចោល​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​។​បណ្តឹង​ក៏​ធ្វើ​ឡើង​ប្រឆាំង​មេដឹកនាំ​បាតុកម្ម​រាប់សិប​នាក់​ទៀត​ចំពោះ​ការអំពាវនាវ​​នេះ​៕

​ផា​រិត “​ផេន​គ្វី​ន​” ជីវ៉ា​រ៉ាក់ ត្រូវ​រថយន្ត​ពេទ្យ​មក​ទទួល​ដល់​គុក​កាលពី​ថ្ងៃ​សុក្រ​