ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៥ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​១ ខែឧសភា​ឆ្នាំ​២០២១​ថា​រាជរដ្ឋាភិបាល​បាន​បន្ត​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ជុំ​ទី​៨​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើ​យោងតាម​សេចក្តីបញ្ជាក់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៥ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​“​បាន​បណ្តាលឱ្យ​ករណី​វិជ្ជមាន​នៃ​ជំងឺ កូ​វីដ​-១៩ កើនឡើង​យ៉ាង គំហុក និង​គួរឱ្យ​ព្រួយបារម្ភ ព្រមទាំង​បាន​ឆក់យក​អាយុជីវិត​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ រាជរដ្ឋាភិបាល​បាន បន្ត​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ជុំ​ទី​៨​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ក្នុង​គោលបំណង ១.​កាត់បន្ថយ​ផលប៉ះពាល់​មកលើ ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ដែល​បណ្ដាលមកពី​ការឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​,២.​បន្ត​សុពលភាព​នៃ​វិធានការ ដែល បានដាក់​ចេញ​នាពេល​កន្លងមក ដែល​នឹង​ផុតកំណត់​ក្នុងពេល​ឆាប់ៗ​ខាងមុខ , ៣. បន្ត​ដាក់ចេញ និង​អនុវត្ត​នូវ វិធានការ​ទ្រទ្រង់ និង​ស្តារ​អាជីវកម្ម និង​ធុរកិច្ច ឱ្យ​ងើប​ឡើងវិញ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​បរិការណ៍ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង ៤.​បន្ត​ជួយ​ទំនុកបម្រុង​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​រួមមាន​៖

១-​វិធានការ​បន្ត​ជួយ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​វិស័យ​ទេស ចរណ៍ៈ​
​បន្ទាប់ពី​រោងចក្រ សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង​ផលិតផល​ធ្វើ ដំណើរ​និង​កាបូប និង​វិស័យ​ទេសចរណ៍ ទទួលបាន​លិខិត​អនុញ្ញាតឱ្យ​ព្យួរ​កិច្ចសន្យាការងារ​ពី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​នៃ​ការព្យួរ​កិច្ចសន្យាការងារ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​៖​បន្ត​ផ្តល់ ប្រាក់ឧបត្ថម្ភ ៤០​ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត ១​នាក់​ដែល​បំពេញការងារ​ក្នុង​វិស័យ វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១​។ ម្ចាស់​រោងចក្រ សហគ្រាស​ក្នុង​វិស័យនេះ​ត្រូវ​បន្ថែមចំនួន ៣០​ដុល្លារ អាមេរិក​សម្រាប់​កម្មក​រ​និយោជិត ១​នាក់ (​ជា​សរុប​កម្មករនិយោជិត ១​នាក់​ទទួលបាន​៧០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​)​។​

​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ជូន​កម្មករនិយោជិត ១​នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ ទេសចរណ៍ ដែលមាន​ដូចជា សណ្ឋាគារ​, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង​ភ្នាក់ងារ ទេសចរណ៍ សម្រាប់​រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១​។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម លទ្ធភាព​ជាក់ស្តែង​បន្ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ​ដែល​រាជរដ្ឋាភិបាល បានផ្ដល់​ជូន​។​

​បានចាប់ផ្តើម​អនុវត្ត​ឡើងវិញ​នូវ​ការបើកប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយបាន​កំណត់​កាលបរិច្ឆេទ​នៃ​ការ ទូទាត់​ជា​ដំណាក់កាល ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​សម្រួល​ដល់​ជីវភាព​បង ប្អូន​កម្មករនិយោជិត​ក៏ដូចជា​ជួយ សម្រាល​បន្ទុក​និយោជក​ក្នុងការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព ការងារ​នេះ​ក្នុង​គោលបំណង​រក្សាបាន​នូវ​និរន្តរភាព ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង វិជ្ជាជីវៈ​។​

​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល​៣​ខែ​បន្ថែម ទៀត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១​។ អាជីវកម្ម​ទាំងនេះ​នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ​។​
​បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងអំឡុងពេល​ព្យួរ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​។​

២-​វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍ៈ​
​បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា (Minimum Tax) សម្រាប់​រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​។​បន្ត​ពន្យារ​ការបង់ប្រាក់ ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល សម្រាប់​រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១ ជាមួយនឹង​ការអនុញ្ញាត ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ រៀបចំ​បង់ប្រាក់​ជំពាក់​នោះ ជា​ដំណាក់កាល ក្រោយពី​រយៈពេល​នៃ​ការពន្យារ​នេះ​។​

៣-​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ៣​ខែ​បន្ថែមទៀត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ទាំងអស់ និង​អំពាវនាវ​ដល់​បុគ្គល ឯកជន​ដែលជា​ម្ចាស់​អគារ​ទីតាំង​អាជីវកម្ម និង​រោងចក្រ សហគ្រាស ជួយ​សម្រួល​ដល់​ភាគី​ជួល ដោយ​ចៀស វាង​ការបញ្ឈប់​កិច្ចសន្យា ឬ​កា​រប​ណេ្ត​ញ​ចេញ តាមរយៈ​ការពន្យារពេល​នៃ​ការបង់​ថ្លៃឈ្នួល ឬ​បញ្ចុះ​ថ្លៃឈ្នួល ឬ​មិន​យក​ថ្លៃឈ្នួល​តាម​លទ្ធភាព​ជាក់ស្តែង​៕​សរន​