ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ស្នើ លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​

3432
ចែករម្លែក

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ​ទី​៧​ឧសភា បាន​ស្នើ​ឱ្យ​លោក​ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​​នៃ​ប្រទេស​រុស្ស៊ី ហើយ​បាន​ដាក់ពាក្យ​តែងតាំង​ទៅ​រដ្ឋសភា​ឌូ​ម៉ា ដែល​ជា​សភា​ជាន់​ទាប​របស់​រុស្ស៊ី​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រធានាធិបតី​បានតែងតាំង​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ ឱ្យ​ទទួលបាន​ការយល់​ព្រម​ពី​រដ្ឋសភា​ឌូ​ម៉ា​​ដើម្បី​ត្រូវបានតែងតាំង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​សហព័ន្ធរុស្ស៊ី​” ។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​មុន​ដែល​ដឹកនាំ​ដោយ​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ បាន​លាលែង​ពី​តំណែង បន្ទាប់ពី​លោក លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​ស្បថ​ចូលកាន់​តំណែង​ ដើម្បី​ចាប់ផ្តើម​អាណត្តិ​ទី​៤​របស់​លោក​ជា​ប្រធានាធិបតី​រុស្ស៊ី​។​

​ក្រោយមក​ប្រធានាធិបតី​នេះ​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែល​បញ្ជា​ឱ្យ​រដ្ឋាភិបាល​បន្ត​ធ្វើការ​រហូតដល់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​

​រដ្ឋសភា​ឌូ​ម៉ា ត្រូវបាន​គេ​រំពឹងថា​នឹង​សម្រេចចិត្ត​ថា​អនុម័ត​លើ​ការតែងតាំង​របស់​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែ​ឧសភា​ដែរ​ឬ​អត់​៕​ដោយ​៖​សុខា​/sn


​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ចាប់​ដៃ​ជាមួយ​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ (ស្តាំ)នៅ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ចន្ទ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ