ដោយៈ​សុផល​/​ភ្នំពេញ​៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានធ្វើការ​ក្រើន រំឭក​ទៅដល់​ម្ចាស់​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព ដែល​ទទួលបាន​លិខិតអនុញ្ញាត​ឱ្យប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ ១៩ ត្រូវ មាន​ដាក់​បង្ហាញ​តម្លៃ​នៅ​ទីសាធារណៈ និង​មានការ​យល់ព្រម​ដោយ​ធ្វើ​កិច្ចព្រមព្រៀង​ធ្វើ តេស្ត​កូ​វីដ ១៩ ផងដែរ​។​

​លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​១​ខែឧសភា​នេះ បានចេញ​លិខិត​ជម្រាប​ទៅដល់​ម្ចាស់ មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព​ទាំងអស់​ដែល បានទទួល​លិខិតអនុញ្ញាត​ក្នុង​ការប្រើ​តេស្ត​រហ័ស​នេះ អា​ចរក​ទិញ​ប្រភេទ​តេស្ត​រហ័ស Abbott និង Roche ពី​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​ស្របច្បាប់ ដើម្បី​យក ទៅ ប្រើប្រាស់​នៅក្នុង​មូលដ្ឋាន​សុខាភិបាល​ឯកជន​របស់ខ្លួន​។​

​លោក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​ម្ចាស់​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក ព្យាបាល និង​សម្ភព ត្រូវធ្វើ​ការកំណត់​តម្លៃ​ឱ្យបាន​សមរម្យ និង​ណែនាំ​ដល់​បុគ្គលិក ក្រោម​ឱវាទ​ត្រូវមាន​ដាក់​បង្ហាញ​តម្លៃ​នៅ​ទីសាធារណៈ​ក្នុង​មូលដ្ឋាន សុខាភិបាល​ឯកជន របស់ខ្លួន និង​ត្រូវ​ជូនដំណឹង​ឱ្យ​អតិថិជន​បានដឹង​មុន និង​មានការ​យល់ព្រម​ដោយ​ធ្វើ​កិច្ច ព្រមព្រៀង​ធ្វើតេស្ត​កូ​វីដ ១៩»​។​

​លោក ម៉ម ប៊ុនហេង បាន​បន្តថា ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​មូលដ្ឋាន​សុខាភិបាល ឯកជន​ស្របច្បាប់​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន កូ​វីដ ១៩ គឺ​ក្នុង​គោលបំណង​ឱ្យ សេវា ឯកជន​មានលទ្ធភាព​ធ្វើ​ការញែក អ្នកជំងឺ​ដែល​មក​ទទួល​សេវា​ព្យាបាល ដើម្បី កាត់ បន្ថយ​ហានិភ័យ នៃ​ការ​ចម្លងជំងឺ​នេះ នៅក្នុង​ការផ្តល់សេវា​សុខាភិបាល និង​ចូលរួម ធានា និរន្តរភាព​នៃ​ការផ្តល់សេវា​ថែទាំ និង​ព្យាបាល​ជំងឺ​នៅក្នុង​សេវា​សុខាភិបាល​៕/PC