ដោយៈប.ខុន / ភ្នំពេញៈ ក្រុមការងារជាតំណាង របស់លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែឧសភា នេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគ (លើកទី២) ឧបត្ថម្ភដល់ ប្រជាពលរដ្ឋ,កម្មករ-កម្មការិនី នៅក្នុងស្រុកពញាឮ ដែលរងផលប៉ះពាល់ ពីការឆ្លងរាល នៃជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១.៣៥៥ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម, ទឹកត្រីមួយយួរ, ទឹកស៊ីអុីវមួយយួរ និងត្រីខ មួយយួរ ។
គួរនិយាយឱ្យដឹងថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាល កាលពីពេលថ្មីៗ ទៅនេះ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងស្រុកពញាឮ (លើកទី១) ចំនួន ២.០៣០ គ្រួសារ នូវអង្ករចំនួន ១០២ តោន, ប្រគេនទេយ្យទាន ដល់វត្ត និងសមាគមដូនជី ទាំង៥១ រួមមាន អង្ករចំនួន ២១ តោន, ទឹកត្រីចំនួន ២៥៥ យួរ, ទឹកស៊ីអុីវ ចំនួន២៥៥យួរ, ត្រីខចំនួន ៥០កេស និង មី ចំនួន ៥៧ កេសធំ។
លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកា (កន្លងទៅ) ដល់មន្ត្រីរាជការ សាលាស្រុកពញាឮ ក្រុមគ្រូពេទ្យ កងកំលាំងរបស់គណៈបញ្ជាការ ឯកភាពស្រុក ដែលប្រចាំការ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ការត្រួតពិនិត្យ ការហាមឃាត់ ការធ្វើដំណើរ និងប្រជាការពារភូមិ ចំនួន ២.០៣១ នាក់ ដែលយាមប្រចាំ ការតាមមណ្ឌលសកម្មភាព ទាំង ១៥៤ មណ្ឌល។
ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក លឹម គានហោ បានឧបត្ថម្ភ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកពញាឮ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល ម៉ាស់ និងគ្រែ ចំនួន ២៥០ សម្រាប់អ្នកធ្វើចត្តាឡីស័ក នៅក្នុងស្រុកពញាឮផងដែរ៕/V