​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​០១ ខែឧសភា នេះ បានធ្វើ​ដំណើរ​ល្បាត តាម​រថយន្ត នៅក្នុង​មូលដ្ឋាន​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​តំបន់​លឿងទុំ និង​តំបន់​ក្រហម ដែលជា​តំបន់​បិទ​ខ្ទប់ ។​

​ការចុះ​ល្បាត​ខាងលើនេះ ធ្វើឡើង​នៅតាម​ផ្លូវ​តូច ធំ​នានា ក្នុងភូមិ​សាស្ត្រ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក ក្នុង​គោលបំណង​តាមដាន ត្រួតពិនិត្យ ទីតាំង​បិទ​ខ្ទប់ និង​នៅតាម​មូលដ្ឋាន​ទាំងនោះ ដើម្បី​ចង់ដឹងថា អាជ្ញាធរ​ខណ្ឌ ក៏ដូចជា កម្លាំង​មាន សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ដាក់​នៅតាម​គោលដៅ​ទាំងនោះ បាន​បំពេញការងារ តាម​ការណែនាំ របស់​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ ក្នុង​កម្រិតណា ហើយ​កម្លាំង​ដែល​បាន​ណែនាំ ឱ្យធ្វើ​ការ​ល្បាត ក្នុង​មូលដ្ឋាន​បិទ​ខ្ទប់​នោះ អនុវត្តបាន ក្នុង​កម្រិតណា​ដែរ លើ​វិធាន​ការបិទ​ខ្ទប់ ដើម្បី​បង្ការ​ទប់ស្កាត់ នៃ​ការរីក​រាលដាល ជម្ងឺ​កូ​វីដ​-១៩​នេះ​។​

​គួរ​បញ្ជាក់ថា​៖ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ តាមរយ video conference នៅ​សាលា​រាជធានី​ភ្នំពេញ ស្តីពី​វិធានការ​ផ្សេង ចំពោះ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​នូវ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ចុងខែ​មេសា​នេះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ហើយ​ថា​៖ តំបន់​ក្រហម គឺជា​តំបន់​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការបិទ​ខ្ទប់ ១០០ ភាគរយ ហើយ​តំបន់​លឿងទុំ ក៏​ជា​តំបន់​មួយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​បិទ​ខ្ទប់ យ៉ាង​ម៉ឺងម៉ាត់​ផងដែរ ដើម្បី​បង្ការ និង​ទប់ស្កាត់ នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ។

​ការងារ​នេះ លោក​អភិបាល បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​អនុវត្ត​អោយ មាន​ប្រសិទ្ធភាព ដើម្បី​កាត់​អោយបាន ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ​៕/V​