Home ព័ត៌មានសំខាន់ៗ ខ្ញុំ​ឈឺ​គ្រុ...

ខ្ញុំ​ឈឺ​គ្រុនចាញ់​

ភ្នំពេញៈនៅ​ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧៦ ខ្ញុំ​ឈឺ​គ្រុនចាញ់​ជា​លើក​ទី​ពីរ តែ​លើក​នេះ​ធ្ងន់ធ្ងរ​ជាង​កាល​ឈឺ​នៅ​មោងឫស្សី ពីព្រោះ​ខ្ញុំ​ទើបនឹង​បាន​ស្បើយ​ពី​ជំងឺគ្រុនចាញ់​មិនបាន​បី​ខែ​ផង ហើយ​យើង​ខ្វះ​ម្ហូប​ត្រី​សាច់​ថែមទៀត ម្យ៉ាងទៀត​យើង​មិនមាន​ថ្នាំសង្កូវ​គ្រប់គ្រាន់​។ ខ្ញុំ​អាយុ​ជាង​៨​ឆ្នាំ ស្គម​ស្លាំង ហើយ​គ្មាន​កម្លាំងកំហែង​សោះ​។ ខ្ញុំ​ដើរ​ចង់​ព​ន្ធ័​ជើង ហើយ​ពេល​ងើបឈរ​ម្តងៗ​ងងឹតមុខ​ឈឹង ទាល់តែ​តោង​ជញ្ជាំង​មួយស្របក់​ទើប​អាច​ដើរ​បាន​។

រូបថត​នេះ ថត​នា​ចុងឆ្នាំ​១៩៧៤ ពេល​ទៅលេង​ចម្ការ​នៅ​វាល​ទ្រា ខេត្តបាត់ដំបង​។​
​រូប​ពីឆ្វេង​ទៅ​ស្តាំៈ ប៉ា​របស់ខ្ញុំ វេជ្ជបណ្ឌិត ពឹង គិ​ម​ស៊ា​, បងប្រុស ពឹង កម្លាំង​, បងប្រុស ពឹង សាកល​, បងប្រុស ពឹង កុសល និង​ខ្ញុំ ពឹង ឧស្សាហ៍​។ នៅក្នុង​ចំណោម​អ្នក​នៅក្នុង​រូបនេះ​មានតែ ខ្ញុំ​និង​បង កុសល ទេ​ដែល​បាន​រួច​រស់​ពីរ​បប ប៉ុល ពត​។ ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​នៅ​ទួលស្លែង នៅ​ខែមេសា ឆ្នាំ​១៩៧៧​។​

ខ្ញុំ​ឈឺ​គ្រុនចាញ់​ញាក់​គ្មាន​លោះ​ថ្ងៃ​ឡើយ ហើយ​ពេល​គ្រុន​ម្តងៗ​រណ្តំ​ថ្គាមរ​ងារ​ញាក់ អង្រួន​ខ្លួនប្រាណ​សឹងតែ​ប្រកាច់​។ ប៉ា​ឱប​ខ្ញុំ​ស្រក់​ទឹកភ្នែក​រាល់ដង ចំណែក​ម្តាយ​ខ្ញុំ​ចិត្តទន់​មិនអាច​យក​ភ្នែក​មើល​បាន តែងតែ​ងើប​ទៅ​កូរ​ម្សៅឈូក​ដែល​នៅសល់​បន្តិចបន្តួច ដាក់​លាយ​ស្ករ​ទុក​ឲ្យ​ខ្ញុំ​ញុំ​ា​ពេល​ខ្ញុំ​ឈប់​ញាក់​។ មិនដឹងថា​ប៉ា​ដែលជា​វេជ្ជបណ្ឌិត​មួយរូប សោកសង្រេង​យ៉ាងណាទេ ពេល​ឃើញ​កូនស្រី​ធ្លាក់​នៅក្នុង​សភាព​បែបនេះ​។ ជួនកាល​ខ្ញុំ​ញាក់​ខ្លាំង​ដល់​ភាំង​ស្មារតី​ក៏មាន ពេល​ដឹងខ្លួន​ឡើង​ឃើញ​បងៗ​នៅ​រឹត​ប្រ​បាច់​ឲ្យ​ខ្ញុំ​ពេញ​ខ្លួន ហើយ​ជួនកាល​ទៀត​ខ្ញុំ​ឮ​សំឡេង​ប៉ា​ល្វើយៗ​ហៅ​ខ្ញុំ​ឲ្យ​ភ្ញាក់​មកវិញ​។

​បន្ទាប់ពី​ខ្ញុំ​រងា​រញា​ក់រួច ដល់ពេល​ក្តៅខ្លួន​ម្តងៗ ម្តាយ​ខ្ញុំ​តែង​ដងទឹក​ទុក​ក្នុងផ្ទះ​ឲ្យ​ត្រជាក់​សម្រាប់​ជ្រលក់​ក្រមា​ស្អំ​ក្បាល​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ឡើងក​ម្តៅ​ខ្លាំង និង​ឈឺក្បាល​ដូចជា​គេ​ដំ ហើយ​ថែម​ល្វីងមាត់​វិលមុខ​ទន់​ខ្លួន​និយាយ​សឹងតែ​មិន​ចេញ​។ ម្តាយ​របស់ខ្ញុំ​ខំ​បញ្ចុក​ទឹក​ម្សៅឈូក ដែលជា​ធម្មតា​ខ្ញុំ​ចូលចិត្ត​ណាស់ តែ​ពេលនោះ​ប្រែជា​ល្វីង​ខះ ប៉ុន្តែ​ត្រូវ​ប្រឹង​លេប​ទាំង​បង្ខំ​។ ពេល​សីតុណ្ហភាព​ចុះ ខ្ញុំ​ក៏បាន​ធូរស្បើយ​ប្រហែល​ពីរ​ថ្ងៃ ហើយ​ទទួល​រងកម្ម​ពី​ជំងឺ​ដដែល​នេះ​សារជាថ្មី​។ ពេលនោះ ប៉ា​និង​បងៗ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចេញទៅ​ធ្វើ​ពលកម្ម​រាល់ថ្ងៃ ចំណែក​ខ្ញុំ​មាន​ជំងឺ​ត្រូវ​នៅផ្ទះ​ម្នាក់ឯង​។​

រូបថត​របស់​នាង​ខ្ញុំ ពឹង ឧស្សាហ៍​។​

​​ជំងឺគ្រុនចាញ់​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ញាក់​ទៀងទាត់​ពេល​សឹង​ថា​ដាក់​នាឡិកា​ផ្ទៀង​ម៉ោង​ទុក​មុន​បាន ធម្មតា​ខុស​តែ​១​ឬ​២​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​ឪពុកម្តាយ​និង​បងៗ​របស់ខ្ញុំ​បណ្តាក់​គ្នា​មក​មើលថែ​ខ្ញុំ​ពេល​គ្រុនញាក់ ប៉ុន្តែ​មាន​ម្តងនោះ​ខ្ញុំ​ញាក់​ខុស​ម៉ោង អត់​មាន​អ្នកណា​នៅ​ជិត​ខ្ញុំ​ទេ​។ ខ្ញុំរ​ងារ​ខ្លាំងណាស់ ខ្ញុំ​ដណ្តប់ភួយ​យ៉ាងណា​ក៏​នៅតែ​រងារ​រណ្តំ​ថ្គាម​សឹង​រង្គើ​ធ្មេញ​ជ្រុះ​អស់ ខ្ញុំ​គិតថា​ប្រសិនបើ​មាន​ភ្នក់ភ្លើង​នៅ​ជិត ខ្ញុំ​ចង់​លោត​ចូល​អង្គុយ​ក្នុង​ភ្លើង​កម្តៅ​ខ្លួន​។ ថ្ងៃនោះ​មេឃ​ក្តៅ​ណាស់ គឺ​ចំពេល​ថ្ងៃត្រង់ បណ្តើរកូន​ព្រិចៗ ខ្ញុំ​វារ​អូស​ទាំង​ភួយ​ទៅ​អង្គុយ​ហាលថ្ងៃ​ម្នាក់ឯង​នៅ​ទីទួល​កណ្តាលផ្លូវ ព្រោះ​មុខផ្ទះ​នៅមាន​ម្លប់​ដើមឈើ ប៉ុន្តែ​ខ្ញុំ​អង្គុយ​មិន​ហ្នឹង​ន៎​ក៏​ក្រាប​គ្រ​លំ​ភួយ​លើដី​។ មិនដឹងថា​ខ្ញុំ​ក្រាប​ហាលថ្ងៃ​យូរ​ប៉ុណ្ណា​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ច្បាស់​ដូច​ម្សិលមិញ ឃើញ​ប៉ា​ជិះ​កង់​មក​យ៉ាង​លឿន​ហើយ​ផ្តួល​កង់​ចោល​ព្រូស​រត់​មក​លើក​ខ្ញុំ​។ ប៉ា​ខ្ញុំ​ស្គម​ព្រោះ​យើង​ខ្វះ​បាយ​ញុំ​ា​ហើយ​ជើង​របស់​ប៉ា​កើត​ជំងឺ​រលាក​សន្លាក់​មិនទាន់​ជា​ស្រួលបួល​ផង ប៉ុន្តែ​ប៉ា​បី​ខ្ញុំ​រត់​ចូលក្នុង​ផ្ទះ​ទាំង​ទឹកភ្នែក​។ តាមពិត ពេល​ប៉ា​មកដល់​ខ្ញុំ​ផុត​ញាក់​ហើយ ចូលដល់​ដំណាក់កាល​ទី​ពីរ​នៃ​ជំងឺ​នោះ​គឺ​ក្តៅខ្លួន​ខ្លាំង ប៉ុន្តែ​ខ្ញុំ​ងើប​ដើរចូល​ផ្ទះ​មិន​រួច​។ ប៉ា​ដាក់​ខ្ញុំ​គេង​លើ​ក្តារ​រួច​ទាញ​ភួយ​ពី​ខ្លួន​និង ដោះអាវ​ខ្ញុំ​ដែល​ប្រឡាក់​សុទ្ធតែ​ដី​ចេញ ហើយ​យក​កន្សែង​ជ្រលក់​ទឹក​ជូត​មុខ​ជូត​ខ្លួន​ឲ្យ​ខ្ញុំ​ដើម្បី​បញ្ចុះ​សីតុណ្ហភាព​ព្រោះ​ខ្ញុំ​ក្តៅខ្លួន​ខ្លាំង​។ ប៉ា​ឲ្យ​ថ្នាំ​គីនីន​កន្លះ​គ្រាប់​មក​ខ្ញុំ​ផឹក ខ្ញុំ​ស្អប់​ថ្នាំ​នេះ​ណាស់ ព្រោះ​វា​មហា​សែន​ល្វីង​ហើយ​ឆាប់​រលាយ​ក្នុង​មាត់​មុនពេល​ខ្ញុំ​អាច​លេប​ចូល​ពោះ​។

​វេទនា​ពេក ខ្ញុំ​យំ​ប្រាប់​ប៉ា​ថា បើ​រស់​ពិបាក​យ៉ាងនេះ​ខ្ញុំ​ចង់​ស្លាប់​វិញ​ល្អ​ជាង​។ ប៉ា​ចាប់​ខ្ញុំ​ឱប​យ៉ាង​ណែន ហើយ​ប្រាប់​ខ្ញុំ​ទាំង​ក្តុកក្តួល​ថា ប៉ា​ស្រឡាញ់​កូនជាង​ជីវិត​របស់​ប៉ា ប៉ា​សុខចិត្ត​វះ​ថ្លើម​ប្រមាត់​ប៉ា​ប្តូរ​ឲ្យ​កូន​ជា​។ កូន​ស្តាប់​ប៉ា​ហើយ​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា​កូន​ត្រូវ​តស៊ូ​ដើម្បី​រស់ ព្រោះ​កូន​នៅមាន​អនាគត​វែងឆ្ងាយ គង់​មាន​ថ្ងៃមួយ​កូន​បាន​ទៅ​ជួប​បង​នៅ​អាមេរិក បាន​រៀនសូត្រ បាន​សប្បាយ​។ កូន​សន្យា​ជាមួយ​ប៉ា​ថា កូន​មិន​គិត​និង​មិន​និយាយ​ពាក្យ​អស់សង្ឃឹម​នេះ​ទៀត​ទេ​។ ខ្ញុំ​ស្លុតចិត្ត​ហើយ​សន្យា​ជាមួយ​ប៉ា​ទាំង​ទឹកភ្នែក​។ ខ្ញុំ​រក្សា​សន្យា​នេះ​ជូន​ប៉ា​បាន ខ្ញុំ​តស៊ូ​ក្នុង​ជីវិត​កំព្រា​ក្រោយពេល​ប៉ា​ត្រូវ​ខ្មែរក្រហម​សម្លាប់​។
​ខ្ញុំ​ប្រឈមមុខ​ពុះពារ​ដើម្បី​បាន​រៀនសូត្រ ជឿជាក់​លើ​ខ្លួនឯង​នូវ​ការសម្រេចចិត្ត​ជ្រើសរើស​គូស្រករ សាង​គ្រួសារ​មួយ​ក្នុងសង្គម​ដ៏​ល្អ និង​ចិញ្ចឹមចិត្ត​សង្ឃឹម​ជានិច្ច​ថា ប៉ា​គង់​ពេញ​ចិត្តនឹង​ជីវិត​ដ៏​សាមញ្ញ​របស់​កូនស្រី​កំព្រា​របស់លោក​៕
ដោយៈពឹង ឧស្សាហ៍​​រដ្ឋ Oregon សហរដ្ឋអាមេរិក​​ខែកញ្ញា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular