សម្តេច​តេ​ជោៈ​នឹង​បើក​ការបិទ​ខ្ទប់​រាជធានី​នៅ​ថ្ងៃទី​៦​ខែឧសភា

390

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​សម្ដេច​តេ​ជោ​នៅ​យប់​ថ្ងៃទី​០២ ខែឧសភា​នេះ​បាន​បញ្ជាក់ថា​នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ​។​គឺ​នឹង​បើក​នៅ​ថ្ងៃទី​៦​ខែឧសភា​តែ​អាច​នឹង​បិទ​តំបន់​តូចៗ​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​តែប៉ុណ្ណោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​បែបនេះ​ជាការ​គឺ​ឆ្លើយតប​ទៅនឹង​អ្នក​ខម​មិន​( Comment) ដែល​បាន​ចូលមក ខម​មិន ក្នុង​ហ្វេ​ស​បុក​របស់​សម្ដេច ដោយ​ចង់ដឹង​អំពី​ស្ថានភាព​ក្រោយ​ថ្ងៃទី​០៥ ខែឧសភា ដែលជា​ថ្ងៃ​កំណត់ បើក​រាជធានី​ភ្នំពេញ​ឡើងវិញ​ក្រោយ​បិទ​ខ្ទប់​រយៈពេល​៣​សប្ដាហ៍​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩​។​

​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tuo បានសរសេរថា «​សម្តេច​ថ្ងៃទី​៥​នេះ សូម​សម្តេច​បើកផ្លូវ​វិញ​មែនទែន​មក​។ ក្មួយ​ជាប់​នៅ​ខេត្ត​យូរ​ថ្ងែ​មកហើយ​ដែរ មិនទាន់​ចូលទៅ​ភ្នំពេញ​វិញ​បាន ព្រោះ​ត្រូវ​ឡើងមក​ចាក់​វ៉ាក់សាំង ហើយ​ថវិកា​ក៏​ជិត​អស់​។ សំណាង​ហើយ​ក្មួយ​ស្គាល់​គេៗ​ឲ្យ​ផ្ទះ​ស្នាក់នៅ​អត់​គិត​អ្វី​ពី​ក្មួយ​»​។​

​សម្ដេច​តេ​ជោ​បាន​សរសេរ​ឆ្លើយតប​ដោយ​បញ្ជាក់ថា «​ពុំមាន​ហេតុផល​បន្ត​បិទ​ទេ​។​យើង​នឹង​បើក តែ​ខេត្ត ឬ​រាជធានី អាច​បិទ​តំបន់​តូចៗ ដែល​នៅមាន​ហានិភ័យ​លើ​ការឆ្លង​ខ្ពស់​។ ការបិទ​កន្លងមក​គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់ បន្ថយ​ការឆ្លង​និង​ការស្លាប់​របស់​ប្រជាជន​យើង​។​សូម​យោគយល់​ដល់​ការលំបាក​រួម​របស់​ជាតិ​»​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​យក​វិធានការ​បន្ដ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​ការកំណត់​បិទ​ខ្ទប់​នេះ ត្រឹម​ថ្ងៃទី​០៥ ខែឧសភា ខាងមុខនេះ​។ បើ​គិតដល់​ថ្ងៃទី​០៥ ខែឧសភា ការបិទ​ខ្ទប់​នេះ​មាន​រយៈពេល​៣​សប្ដាហ៍​៕​សរន​