ដោយៈបូព៌ព្រឹក្ស,តារារិទ្ធ,ភ្នំពេញៈ នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ«តើកំពូលកីឡាករ បាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ben KH» បាន ខមមិន(Comment) ស្នើដល់សម្តេចថា «ខ្ញុំបាទសូមគោរពសម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ៨ ក្រុមទី៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងអ្នកភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល៩៨ភាគរយ មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់និងគេផង។ សូមអរគុណ»។
ជាការឆ្លើយតបនឹងសំណូមពរនេះនៅយប់ថ្ងៃទី២ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តបថា«នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញនិងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។
ទន្ទឹមគ្នានេះសម្តេចតេជោនាករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគាត់បាន គ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពស៊ាំ មិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។
សូមបញ្ជាក់ថា ពេលនេះក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលជាតំបន់មានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់នូវភាពធ្ងន់ធ្ងរនៃការរីក រាលដាលជំងឺកូវីដ១៩។
នៅយប់ថ្ងៃដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងគណនី Facebook ឈ្មោះ Din Din ថានឹងត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។
ការឆ្លើយតបនេះ បន្ទាប់ពីម្ចាស់ណនី Facebook ឈ្មោះ Din Din បានមក Comment យ៉ាងដូច្នេះថា «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និងMessi មកខ្មែរយើងមក»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»។
សូមជម្រាបថា Messi តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៊ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាម៉េរិកឡាទីន៕