ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំង លើកទី២ នៅមណ្ឌលសុខភាពឃ្មួញ និងមណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផ្សេងទៀត ជាអ្នកធ្វើការនៅផ្សារម៉ាក្រូ។
មណ្ឌលសុខភាពឃ្មួញ មានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងលើកទី២ នៅទីតាំងនេះ នៅក្នុងលេខរៀងទី ៤៨ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងលើកទី២ នៅទីតាំងនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ផ្សារម៉ាក្រូ មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់ ជាបុគ្គលិកធ្វើការ នៅទីនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់។ អ្នកពាក់ព័ន្ធ ជាប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនង ជាមួយបុគ្គលិកនៅទីនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងបុគ្គលពាក់ព័ន្ធ នៅទីតាំងទាំង បីនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ។ ប្រសិនបើមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្ត រកមេរោគកូវីដ១៩៕/V