ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ប្រជុំក្រុមការងារ បច្ចេកទេស ព្យាបាលជំងឺកូវីដ-១៩ ដែលបានរៀបចំ ចំនួន ៩ កន្លែង នៅខេត្តបន្ទាយមានជ័យ ។ មុននេះដែរ ក៏មានប្រជុំរៀបចំ ពង្រឹងក្រុមគ្រូពេទ្យជួរមុខ។ កិច្ចប្រជុំនោះ ធ្វើឡើង ខណៈតួលេខ រកឃើញអ្នកជម្ងឺកូវីដ១៩ ថ្មី ហាក់បានថយចុះ-កើនឡើង នៅប៉ុន្មានថ្ងៃ ចុងក្រោយនេះ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បាននិយាយថា៖ ទោះជាមានការលំបាក និងការប្រឈមខ្ពស់ យ៉ាងណាក៏ដោយ ក៏យុទ្ធមិត្តអាវស (គ្រូពេទ្យ និងមន្ត្រីសុខាភិបាល) បានប្តេជ្ញាបន្តបំពេញ កាតព្វកិច្ច ដ៏ឧត្តុង្គឧត្តមនេះ ឲ្យសម្រេចជោគជ័យ។
លោកបានទទួលស្គាល់ នូវការខិតខំឥតសំចៃ បានលទ្ធផលល្អ មានប្រសិទ្ធភាព របស់យុទ្ធមិត្ត អាវស ដែលអនុវត្តតាមបទបញ្ជា និងទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច ។ ក្នុងនាមមន្ទីរ លោកសូមអោយមន្ត្រី ដកបទពិសោធន៍ ពង្រឹង និងធ្វើបច្ចុប្បន្នភាពថែមទៀត លើការងារបច្ចេកទេស នៃការពិនិត្យ ថែទាំព្យាបាល អ្នកជម្ងឺកូវីត១៩ ។
សូមរំលឹកដែរថា កាលពីថ្ងៃទី៣០ ខែមេសា លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ក៏បានប្រជុំដឹកនាំ និងការរៀបចំក្រុមគ្រូពេទ្យ ជួរមុខ របស់មន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ដើម្បីពិភាក្សាការងារ បច្ចេកទេស ក្នុងការជួយសម្រាលកូន ជូនស្ត្រីឈីពោះគ្រប់ខែ តែជាអ្នកមានវិជ្ជមានកូវីដ-១៩ និងការតៀមក្រុម គ្រូពេទ្យវះកាត់ ផងដែរ។ មន្ទីរសូមអរគុណ ចំពោះក្រុមគ្រូពេទ្យ ដ៏អង់អាច ដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យវ លោកសូមគោរពការដឹងគុណ និងការលះបង់របស់ ក្រុមគ្រូពេទ្យយើង ទាំងអស់គ្នា ។
គួររំលឹកដែរថា កាលពីវេលាម៉ោង ៣និង១៥នាទី ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យឆ្មប នៃមន្ទូីរពេទ្យបង្អែកប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានជួយសម្រាលកូនស្ត្រី គ្រប់ខែម្នាក់ ដោយជោគជ័យ ដោយមិនបាច់វះកាត់ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងមានហានិភ័យខ្ពស់។ ពោលគឺស្ត្រីនោះ ជាអ្នកជម្ងឺកូវីដ១៩ ម្នាក់ នៅក្រុងប៉ោយប៉ែត ។
សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនសាធាណជន អំពីលទ្ធផលនៃការវិភាគ វត្ថុសំណាករក មេរោគកូវីដ-១៩ កន្លងមក គឺ៖ ១/ គិតពីថ្ងៃទី២៥ ដល់ ២៩ ខែមេសា មាន ២៤៤ នាក់។ ថ្ងៃទី២៩ ខែមេសា មាន ៣៦ នាក់។ ថ្ថៃទី៣០ ខែមេសា មាន ៣៥ នាក់ និងលទ្ធផលពីឧបករណ៍តេស្ត រហ័ស ថ្ងៃទី១ ខែឧសភា បឋមមាន ៦២នាក់ និងថ្ងៃទី២ ឧសភា បឋមមាន ៥១ នាក់ ៕/V