ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃនេះ រហូតដល់ថ្ងៃទី០៦ ខែ ឧសភា កំពុងតែទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារអនុវិស័យថាមពល កកើតឡើងវិញនិងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ ។
ប្រភពដដែលបានអះអាងថា នេះគឺជាកិច្ចប្រជុំអន្តរជាតិ ស្តីពីការបង្កើនបណ្តាញសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញសម្រាប់តំបន់អាស៊ាន (Workshop on Nodal Network of Renewable Energy (RE) Research and Development) ដែលត្រូវ បានរៀបចំឡើងដោយក្រសួងរ៉ែនិថាមពល ក្រោមកិច្ចសហប្រតិបត្តិការកម្មវិធី ថាមពលអាស៊ាន-អាល្លឺម៉ង់ (ASEAN-German Energy Programme)។
កម្មវិធីនេះដឹកនាំដោយលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាឧត្តមមន្ត្រីថាមពលអាស៊ាន ដោយមានការអញ្ជើញចូលរួមពីបណ្តាសមាជិក ក្រុមការងារអនុវិស័យថាមពលកកើតឡើងវិញនៃប្រទេសអាស៊ានទាំង១០ តំណាង ពីបណ្តាញសកលវិទ្យាល័យអាស៊ាន (AUN) សហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) និងបណ្តាស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដទៃទៀត ។
របៀបវារៈនៃកិច្ចប្រជុំនេះខាងលើ រួមមាន១. ទិដ្ឋភាពទូទៅរបស់កម្មវិធីថាមពល អាស៊ាន-អាល្លឺម៉ង់, សារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តាញនៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញអាស៊ាន, ពិនិត្យ និងពិភាក្សាសកម្មភាពសំខាន់ៗ របស់បណ្តាញនេះ ដើម្បីគាំទ្រការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ និងការចុះអនុស្សារណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបណ្តាញនៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញអាស៊ាន រវាងដៃគូរ ៕/PC