ដោយៈ មុនីរ័ត្ន/ភ្នំពេញ: លោក កៅ ទី មេធាវីតំណាងឲ្យក្រុមហ៊ុនឡាយអិន តារា ឯ.ក បានប្ដឹងពីឈ្មោះលឹម ហេង ភេទប្រុស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦៣ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត និងបទបរិហាកេរ្ដិ៍។
លោកមេធាវី កៅ ទី បានជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាថា កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឈ្មោះ លឹម ហេង បានមកទំនាក់ទំនងទិញគម្រោងសាងសង់អគារខុនដូសហកម្មសិទ្ធិ៣៦ជាន់សម្រាប់សាងសង់ខុនដូ សហកម្មសិទ្ធិ៣៦ជាន់ដោយភាគីទាំងពីរយល់ព្រមអនុវត្តតាមប្រការនីមួយៗ ដែលបានចែងនៅក្នុង កិច្ចសន្យាលក់-ទិញគម្រោងសាងសង់ ព្រមទាំងបានផ្តិតមេដៃស្ដាំទទួលស្គាល់នៅលើកិច្ច សន្យាលក់-ទិញគម្រោង រួចហើយ បានបន្តចុះកិច្ចសន្យាលក់-ទិញគម្រោងសាងសង់អគារខុនដូ សហកម្មសិទ្ធិ ៥៣ជាន់ និងដំបូលទ រ៉ាស់(ជាន់ក្រោមដីពីរជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ ជាន់ទី១ ដល់ជាន់ទី៥២ និងដំបូលទ រ៉ាស់ គម្របជណ្តើរ ) ព្រមទាំងបានផ្តិតមេដៃស្ដាំទទួលស្គាល់ និងអនុវត្តតាមប្រការនីមួយៗ នៅក្នុងកិច្ចសន្យាលក់ ទិញគម្រោងសាងសង់ខាងលើ។
មេធាវីបានបញ្ជាក់ថា ចំពោះគោលការណ៍ លក់ ទិញ គម្រោងសាងសង់ ខាងលើនេះ គឺដើម្បីផ្តល់ជូន កញ្ចប់ថវិកា ក្នុងការឧបត្ថម្ភ កំរ៉ៃជើងសារ ដល់ក្រុម ទីផ្សារ (Sale & Marketing Agent) ក្នុងគោលដៅស្វែងរក ក្រុមហ៊ុន ទទួលការសាងសង់ឲ្យមកក្រុមហ៊ុនយើងខ្ញុំតែប៉ុណ្ណោះ។ ការប្រើប្រាស់កិច្ចសន្យាលក់ទិញនេះ គឺដើម្បីផ្ដល់ទំនុកចិត្តទៅវិញទៅមក ក្នុងការរៀបចំផែនការរដ្ឋបាល ឡើងគម្រោងសាងសង់ រវាងម្ចាស់គម្រោង នឹងក្រុមហ៊ុនទទួលសាងសង់។ ឈ្មោះលឹម ហេង មិនបានផ្តល់ឯកសារ លក្ខន្តិកៈក្រុមហ៊ុនទទួលសាងសង់ សៀវភៅស្នាដៃរបស់ក្រុមហ៊ុន ទទួលសាងសង់ Letter of Interest (LOI) របស់ក្រុមហ៊ុនទទួលសាងសង់ ដោយពុំមានការណាត់ជួបជាក់លាក់របស់ក្រុមហ៊ុនទទួលការសាងសង់ជាមួយ ក្រុមហ៊ុនរបស់យើងខ្ញុំ ដើម្បីទទួលយកឯកសាររដ្ឋបាលសាងសង់ ផ្នែកបច្ចេកទេសរបស់ Architect ដើម្បីធ្វើការសាងសង់ ដែលក្រុមហ៊ុនយើងខ្ញុំតែងតែស្នើសុំឲ្យមកជួបតាមរយៈ ក្រុមហ៊ុន ប៊ី អិន សឹប ផ្លាយ ឯ.ក តំណាង ដោយឈ្មោះ លឹម ហេង ដូចដែលបានចែង ក្នុងកិច្ចសន្យាលក់ទិញ គម្រោងសាងសង់ ក្នុងគោលបំណង ដើម្បី ស្វែងរកដៃគូសហការ ក្រុមហ៊ុនទទួល ការសាងសង់ មកឲ្យក្រុមហ៊ុន យើងខ្ញុំ។ ហើយក្រុមហ៊ុនយើងខ្ញុំ តែងតែចេញ លិខិតអញ្ជើញឈ្មោះ លឹម ហេង ដែលជាអ្នកចុះកិច្ចសន្យាទិញ លក់គម្រោងសាងសង់ ជាច្រើនសារច្រើនលើក តែពុំដែលបានមកជួបជាមួយរដ្ឋបាលក្រុមហ៊ុនយើងខ្ញុំឡើយ។ ដោយមានចេតនាក្នុងការគេចវេស និងមានចេតនាប្រើប្រាស់ថវិកាក្នុងគោលបំណង បង្អាក់ ឲ្យខកខានមិនឲ្យមាន ការសាងសង់បាន ចំពោះគម្រោងសាងសង់របស់ក្រុមហ៊ុនយើងខ្ញុំ ។ លើសពីនេះ មានលេចឭព័ត៌មានពីខាងក្រៅថា បុគ្គល ឈ្មោះ លឹម ហេង នេះដើរប្រមូលផ្តុំគ្នា ដើម្បីបរិហារកេរ្តិ៍ និងបង្កាច់បង្អួច ពីឈ្មោះ ក្រុមហ៊ុនយើងខ្ញុំ ទៅកាន់សាធារណៈ ហើយលួច ស្វែងរកវិធីឲ្យ ក្រុមហ៊ុនដ គូសហការរបស់ក្រុមហ៊ុនយើង លើគម្រោងសាងសង់ខាងលើនេះ បាត់ទំនុកចិត្តនឹងដកការសហការពីក្រុមហ៊ុន យើងខ្ញុំ ដោយមិនដឹងខ្លួនឯងថាខុស។ ជាហេតុធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនរបស់យើងខ្ញុំជាមួយនឹងដៃគូសហការក្នុងការសាង សង់អគារ៥២ជាន់ឡើង ដែលជះឥទ្ធិពលពីការយឺតយ៉ាវ ដោយពុំមានលទ្ធផលសម្រាប់ក្រុមហ៊ុនរបស់យើងខ្ញុំដែលបានសន្យាថានឹងតម្រូវឲ្យមានការសាងសង់នៅដើមឆ្នាំ២០២១ នៅក្នុងអំឡុង ខែមករា និង ខែកុម្ភៈ នេះជូនទៅអ្នកលក់-ទិញគម្រោង(Pre-Sale)។ ដោយមើលឃើញពីការខូចប្រយោជន៍ដ៏សម្បើម នេះហើយពុំមានភាពច្បាស់ការ និងគ្មានទំនួលខុសត្រូវ ពីក្រុមហ៊ុន ប៊ី អិន សឹប ផ្លាយ ឯក តំណាងដោយឈ្មោះ លឹម ហេង ក្នុងការខកខានមិនផ្ដល់ឯកសាររដ្ឋបាលគ្រប់គ្រាន់ ពីក្រុមហ៊ុនសំណង់ ដែលទទួលបានការសាងសង់ជាក់លាក់មកឲ្យក្រុមហ៊ុនយើងខ្ញុំ រហូតមកដល់បច្ចុប្បន្ននេះ
ជាមួយគ្នានេះ លោកមេធាវី កៅ ទី បានសំណូមពរស្នើសុំឲ្យព្រះរាជអាជ្ញាចោទប្រកាន់ទៅលើឈ្មោះ លឹម ហេង ទៅតាមច្បាប់ ។ សុំឲ្យឈ្មោះ លឹម ហេង សងការខូចខាតលើទំហំទឹកប្រាក់ជាក់ស្តែង។
ចំណែកលោក លឹម ហេង បានដាក់ពាក្យបណ្តឹងប្តឹងលោក ឌួង សីហវរៈតារាពរ អគ្គនាយកក្រុមហ៊ុន ឡាយ អិន តារា និង លោក ផុន ដាណែត និង លោកស្រី សួង ស៊ីណា ជាតំណាងក្រុមហ៊ុន ពីបទឆបោក និងបានចោទប្រកាន់ថា បានលក់គម្រោងសាងសង់អគារខុនដូរសហកម្មសិទ្ធិ ចំនួន៣៦ជាន់ និង គម្រោងសាងសង់អគារខុនដូរសហកម្មសិទ្ធិ ចំនួន៥៣ជាន់ និង ដំបូលទែរ៉ាស់ (ជាន់ក្រោមដី២ជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ) ជាន់ទី១ ដល់ជាន់ទី៥២ និង ដំបូលទែរ៉ាស់គម្របជណ្តើរ ថា «គម្រោងខ្យល់» ក្នុងចេតនា ឆបោកប្រាក់រាប់ម៉ឺនដុល្លារ ។
ជនរងគ្រោះ បានសំណូមពរឱ្យតុលាការ និង សមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនសង្ស័យទាំង៣នាក់ ផង ព្រមទាំងស្នើដល់ខាងលោកអគ្គនាយកអន្តោប្រវេសន៍ មេត្តា ហាមឃាត់ការធ្វើដំណើររបស់ជនសង្ស័យទាំង៣នាក់ ព្រោះបារម្ភ ថា ជនសង្ស័យ អាចគេចខ្លួនទៅក្រៅប្រទេស៕