Home ព័ត៌មានជាតិ នយោបាយ សោម ហេង​៖ ខ្ញ...

សោម ហេង​៖ ខ្ញុំ​ជា​ទាហាន​របស់ សោ​ភឹម នៅ​ឆ្នាំ​១៩៧៧


ដោយ​៖ មីន សា​ណាស់​​បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង​
​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
ភ្នំពេញៈ​ក្នុង​វ័យ​៦២​ឆ្នាំ​នៅ​ឆ្នាំនេះ សោម ហេង កំពុង​រស់នៅ​ជាមួយ​កូន​និង​ចៅ​របស់គាត់​ឯ​ខេត្តព្រះវិហារ​។ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ក្នុងផ្ទះ និង​ស្រែចម្ការ ហេង តែងតែ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុងការ​បញ្ចេញ​គំនិត និង​ទស្សនៈ​ផ្ទាល់ខ្លួន​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​តាមដាន​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ កន្លងទៅនេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឈ្មោះ Genocide Education in Cambodia បាន​សរសេរ​ឃ្លា​មួយ​រៀបរាប់ថា «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖ ថ្វីត្បិតតែ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​២​លាន​នាក់ ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​យ៉ាងណាក្តី ក៏​នៅមាន​អ្នក​រស់រានមានជីវិត​ពី​របប​នេះ​ប្រមាណ​ជាង​៥​លាន​នាក់​ទៀត បន្ត​រៀបរាប់​រឿងរ៉ាវ​ជីវិត​របស់ខ្លួន​។ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​» និង​បាន​ភ្ជាប់ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជា​ស្ត្រី​ក្នុង​វ័យ​ចំណាស់​ម្នាក់ កំពុង​ឈរ​ញញឹម​នៅលើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នា​ទេសភាព​វាលស្រែ​ក្នុង​ទីជនបទ​មួយកន្លែង នៃ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ហេង បាន​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​អាន​ឃ្លាប្រយោគ​ខ្លី​ដែលជា​សំណេរ​របស់លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​បាន​សរសេរ​ឃ្លា​មួយ​ក្នុង​ទម្រង់​នៃ​ការបញ្ចេញមតិ (Comment) ថា «​ខ្ញុំ​ជា​ទាហាន​របស់ សោ​ភឹម ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៧៧»​។ សោម ហេង គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ប្រមាណ​៥​លាន​នាក់​ទៀត ដែល​កំពុង​ចប់​ប្រាប់​យើង​អំពី​រឿងរ៉ាវ​របស់គាត់​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ក្នុង​របប​ខ្មែរក្រហម​។​

សោម ហេង​(​សោម ហេង​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅកាន់ ហេង ដើម្បី​សួរនាំ​លម្អិត​ពី​ឃ្លា​ដែល​គាត់​បាន​សរសេរ ក្នុងន័យ​ចងក្រង​ឯកសារ​សម្រាប់​ជា​ចំណេះដឹង​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ហេង បាន​សម្តែង​ការរីករាយ​និង​សប្បាយចិត្ត​ក្នុងការ​ចែករំលែក​រឿង​រ៉ាវ​របស់គាត់​ប្រាប់​ដល់​យើង​។ គាត់​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​បច្ចុប្បន្ន​គាត់​រស់នៅក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ខ្សាន្ត ខេត្តព្រះវិហារ​។ ហេង គឺជា​កម្មករ​ចម្ការកៅស៊ូ​ក្នុង​ខេត្តកំពង់ចាម មុនពេល​គាត់​ស្ម័គ្រចិត្ត​ចូល​ធ្វើជា​កងទ័ព​របស់ សោ ភឹម ក្នុង​ឆ្នាំ​១៩៧៧ តាមរយៈ​ការអូសទាញ​របស់​ប្រធាន​ការដ្ឋាន​ចម្ការកៅស៊ូ​ខ្ជាយ​ឈ្មោះ លុក​។ តាមរយៈ​ការនិយាយ​ប្រាប់​ពី ហេង បាន​ឲ្យ​ដឹងថា ប្រធាន​ការដ្ឋាន ប្រធាន​ក្រុម និង​ប្រធាន​កង​ទាំងអស់​នៃ​ចម្ការកៅស៊ូ​ខ្ជាយ គឺ​សុទ្ធតែជា​ខ្សែរយៈ​ទាក់ទង​របស់ សោ​ភឹម ដែលមាន​តួនាទី​អូសទាញ និង​កៀងគរ​កម្លាំង​ដើម្បី​ប្រឆាំង​អង្គការ តាម​ផែន​ការដែល​បានគ្រោង​ទុកជា​ស្រេច​តាំងពី​ឆ្នាំ​១៩៧៦​។ កន្លះ​ខែក្រោយ​ការចូល​ធ្វើជា​កងទ័ពរ​បស់ ហេង ព្រឹត្តិការណ៍​កម្ទេច​សត្រូវ​ក្បត់​អង្គការ​នៅក្នុង​ភូមិភាគ​បូព៌ា​បាន​កើតឡើង​កាន់តែខ្លាំង​ឡើងៗ​។ សោ ភឹម ត្រូវ​តាមរក​ចាប់ខ្លួន ហើយ​កម្មាភិបាល​ជាច្រើន​នាក់​ទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​និង​សម្លាប់​ជា​បន្តបន្ទាប់​។ ហេង និង​ទាហាន​ខ្មែរក្រហម​ឯទៀត​ដែល​ស្ម័គ្រចិត្ត​ចូល​ដំណាលគ្នា ត្រូវបាន​ប្រកាស​រំសាយ​ស្ងាត់ៗ ហើយ​គាត់​ត្រូវបាន​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​មក​នៅ​ចម្ការកៅស៊ូ​ពាម​ជាំ​ង​វិញ​។

ខាងក្រោម​នេះ គឺជា​ការដក​ស្រង់ពាក្យ​សម្តី​របស់ ហេង ដោយ​សង្ខេប​ចេញពី​កិច្ច​សម្ភាស​រយៈពេល​៥៥​នាទី ជាមួយ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា មក​រៀបរៀង​ជា​ឃ្លាឃ្លោង​ដូចខាងក្រោម​៖
«​ខ្ញុំ​មាន​អាយុ​៦២​ឆ្នាំ​។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ខ្ញុំ​ធ្លាប់​ធ្វើជា ទាហាន​របស់ សោ ភឹម បាន​កន្លះ​ខែ​ក្នុង​ឆ្នាំ​១៩៧៧​។ ក្រោយមក​ខ្ញុំ​និង​ទាហាន​ឯទៀត ត្រូវ​រំសាយ​ទៅវិញ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​តាម​ចាប់ សោ ភឹម ដោយសារ​គាត់​បាន​ក្បត់​ជាមួយ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​។ ខ្ញុំ​ចូលធ្វើ​ទាហាន​នេះ គឺ​ក្នុង​គោលបំណង​ត្រៀមកម្លាំង​ទៅ​វ៉ៃ (​ប្រយុទ្ធ​) ជាមួយ​ទាហាន​ខ្មែរក្រហម​ខាង​ភូមិ ភាគ​និរតី​និង​ទីក្រុង​ភ្នំពេញ​។ កាលនោះ ខ្ញុំ​និង​ក្មេងៗ​ឯទៀត​ក្នុងភូមិ​ប្រហែលជា​៣០​នាក់ ត្រូវ​ឈ្មោះ លុក ប្រធាន​ការដ្ឋាន​ចម្ការកៅស៊ូ​ខ្ជាយ ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តកំពង់ចាម ជា​អ្នក​ជ្រើស រើស​ឲ្យ​ធ្វើការ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កងកម្លាំង​ទាហាន​របស់ សោ ភឹម​។

សូ វណ្ណា ហៅ សោ ភឹម (​រូបថត​ស្ថិតនៅ​ចំ​កណ្តាល​ក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅ​) និង​យោធា​ខ្មែរក្រហម កំពុង​ទស្សនកិច្ច​អង្គភាព​ប្រយុទ្ធ​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ឆ្នាំ​១៩៧៣​។ រូបថត​នេះ ថត​មិនយូរប៉ុន្មាន​មុនពេល​ក្រុម​ឧទ្ទាម​សម្ព័ន្ធមិត្ត​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​មកលើ​មូលដ្ឋាន​យោធា​ក្របៅ ក្នុង​ខេត្តកំពង់ចាម​ដែលជា​ផ្នែក​មួយ​នៃ​សង្គ្រាមស៊ីវិល​ប្រឆាំងនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់​។ សោ ភឹម បាន​ក្លាយជា​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​ប្រចាំ​ភូមិភាគ​បូព៌ា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​គាត់​បានធ្វើ​អត្តឃាត​នៅ​ថ្ងៃទី​៣ ខែមិថុនា​ឆ្នាំ​១៩៧៨​។​

​កាលពី​ក្មេង​ខ្ញុំ​នៅចាំ​បាន​ថា ប្រហែល​នៅ​ឆ្នាំ​១៩៦៧ ម្តាយ​ឪពុក​ខ្ញុំ​បាន​លែងលះគ្នា​។ កាលនោះ ខ្ញុំ​រស់នៅក្នុង​ខេត្តព្រៃវែង​។ ម្តាយ​ខ្ញុំ​បាន​យកប្ដី​ថ្មី​មួយទៀត​ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​មេមត់​។ នាពេល នោះ ខ្ញុំ​ដែលជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ប្រាំ​នាក់ ក៏ត្រូវ​មក​រស់នៅ​ជាមួយ​ម្តាយ​និង​ឪពុកចុង ដែលជា កម្មករ​ចម្ការកៅស៊ូ​ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម​។ ចាប់តាំងពី​ឆ្នាំ​១៩៧០ រហូតដល់​ឆ្នាំ​១៩៧២ ខ្ញុំ​សង្កេតឃើញ​នៅមាន​វត្តមាន​បារាំង នៅ​គ្រប់​គ្រង់​ចម្ការកៅស៊ូ និង​ទិញ​ជ័រកៅស៊ូ​ពី​ខ្មែរ​នៅឡើយ​ទេ​។

​នៅពេល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​ជាមួយ​កូនសិស្សលោក​នៅក្នុង​វត្ត​កន្ទួត ភូមិ​ជាំ​កន្ទួត ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្តកំពង់ចាម ដែលមាន​ឈ្មោះ ធុន និង​ខា ជា​គ្រូបង្រៀន​។ ទោះបីជា​តំបន់ មេមត់​ត្រូវ​កងកម្លាំង​រំដោះ​គ្រប់​គ្រង់​ហើយក៏​ដោយ ក៏​ខ្ញុំ​នៅតែ​អាច​បន្ត​ការសិក្សា​របស់ខ្ញុំ​បាន​ដដែល​។
​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​និង​១៩៧៥ គ្រួសារ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​មក​រស់នៅ​ភូមិ​ឡាំ​បោ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​មេ​ត់​។ រស់នៅ​ទីនោះ​បាន​មួយឆ្នាំ ទើប​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​។ ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​ទាំងមូល គ្រួសារ​ខ្ញុំ​ក៏ត្រូវ​អង្គការ​ជម្លៀស​ឲ្យ​មក​ធ្វើការ​នៅ​ការ ដ្ឋា​ន​ចម្ការកៅស៊ូ​ខ្ជាយ ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។ ការងារ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ក្រៅពី​ទៅ​រៀន គឺចៀរ​ជ័រកៅស៊ូ​ឲ្យ​ខ្មែរក្រហម​។​
​ក្នុងអំឡុង​ចុងឆ្នាំ​១៩៧៦​ជិត​ចូលឆ្នាំ​១៩៧៧ ឪពុកចុង​របស់ខ្ញុំ​ត្រូវ​អង្គការ​ខ្មែរក្រហម​ចាប់​យកទៅ សម្លាប់ចោល ដោយសារ​តែមាន​មិត្តភក្តិ​គាត់​ម្នាក់​ឈ្មោះ ឆាយ ឧស្សាហ៍​មក​អង្គុយ​លែង​ជា​គាត់​នៅលើផ្ទះ និង​បាន​ជជែក​គ្នា​ពី​រឿង​នាំគ្នារ​ត់ទៅ​ប្រទេស​វៀតណាម​។ ខ្ញុំ​នៅចាំ​បាន​ថា ក្រុម​ទាហាន​បាន​ចាប់​និង​បណ្តើរ គាត់​ចេញពីផ្ទះ​ទៅ​នៅ​ម៉ោង​៦​ល្ងាច​។ ខណៈពេល​នេះហើយ ដែល​ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​ការដ្ឋាន​ចម្ការកៅស៊ូ បាន​បាត់​ខ្លួន​ស្ទើរតែ​អស់ពី​ភូមិ​។ បងប្រុស បងថ្លៃ​ស្រី និង​ក្មួយប្រុស​តូច​របស់ខ្ញុំ ក៏ត្រូវ​អង្គការ ចាប់​យកទៅ​សម្លាប់ចោល​ដោយ​គ្មាន​មូលហេតុ​ដែរ​។ ស្ថានភាព​រស់នៅ​របស់​ខ្ញុំ និង​កម្មករ​ក្នុង ការដ្ឋាន​ចម្ការកៅស៊ូ មាន​ភាពប្រែប្រួល​ទៅជា​លំបាក​ជាង​មុន​។ របប​អាហារ ក៏ត្រូវ​កាត់បន្ថយ​រហូត​ដល់​គ្រប់គ្នា​ហូប​បបរ លាយ​ជាមួយ​ទំពាំង​ឬ​ក្ដួច​ទៅវិញ​។

សូ វណ្ណា ហៅ សោ ភឹម និង​ប្រពន្ធ​ឈ្មោះ ច្រែង ហៅ យាយ​ការ៉ូ នៅមុខ​ប្រាសាទអង្គរវត្ត​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

 

​ដល់​ឆ្នាំ​១៩៧៧ អង្គការ​ឲ្យ​ខ្ញុំ​ឈប់រៀន ហើយ​ឲ្យ​មក​ធ្វើជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ជូន​អង្គការ​រហូត​។ ខ្ញុំ​ត្រូវ​ងើប​ពី​ព្រលឹម​ទៅធ្វើ​ការងារ ហើយ​ត្រូវ​ធ្វើការ​រហូតដល់​ម៉ោង​២ ឬ​៣ រសៀល ទើប​ខ្ញុំ​អាច​ឈប់សម្រាក​បាន​។ ចំណែក​ការហូបចុក​និង​ស្នាក់នៅ​របស់​កម្មករ​ក្នុង​ការដ្ឋាន​ចម្ការកៅស៊ូ​វិញ គឺ​គ្រប់គ្រាន់​ជាង​ប្រជាជន​ដែល​រស់នៅក្នុង​សហករណ៍​។
​ដើមឆ្នាំ​១៩៧៨ ក្រោយពី​ខ្ញុំ​និង​កងទ័ព​ឯទៀត​ត្រូវ​រំសាយ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​ធ្វើការ​នៅ ចម្ការកៅស៊ូ​ពាម​ជាំ​ង​វិញ​។ ការងារ​របស់ខ្ញុំ​នៅតែ​ជា​អ្នកចៀរ​ជ័រកៅស៊ូ​ដដែល​។ ខ្ញុំ​បាន​ឮថា អង្គការ​តាម​ចាប់ សោ ភឹម ព្រោះ​សង្ស័យថា​បាន​ក្បត់​នឹង​អង្គការ​បដិវត្តន៍​។ ប៉ុន្ដែ កាលនោះ​ខ្ញុំ​ក៏បាន​ឮថា គាត់ (​សោ ភឹម​) មិន​ព្រម​ឲ្យ​អង្គការ​ចាប់ខ្លួន​ទេ គឺ​គាត់​សុខចិត្ត​បាញ់សម្លាប់​ខ្លួនឯង​។ ក្រោយពី​ការស្លាប់​របស់ សោ ភឹម អង្គការ​បាន​យក​សាកសព​របស់គាត់​ដាក់​លើ​ឡាន ហើយ​សព​របស់គាត់​ត្រូវគេ​ក្លាសេ​ទឹកកក លាយ​ជាមួយ​អង្កាម ហើយ​បើក​ហែរ​ចូល​ទៅកាន់​ការដ្ឋាន​ចម្ការកៅស៊ូ​ពាម​ជាំ​ង​។ កម្មករ​ចម្ការកៅស៊ូ​ទាំងអស់ ទទួលបាន​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​មើលមុខ​ជន​ក្បត់ជាតិ​នេះ​។ ចំណែក​ខ្ញុំ​មិន​ហ៊ាន​ទៅ​មើល​ជាមួយ​អ្នក​ឯទៀត​ទេ​។ ខ្ញុំ​ឈរ​នៅ​ឆ្ងាយ​ពី​ឡាន​ដឹក​សព​ប្រហែលជា​ប្រាំ​ម៉ែត្រ​។ ខ្ញុំ​បានឮ​សំឡេង​អង្គការ​ស្រែកហៅ​កម្មករ​ឲ្យ​មក​មើល ហើយ​ប្រាប់ថា នេះ​ជា​ខ្មោច​របស់ សោ ភឹម ជា​ជន​ក្បត់ជាតិ​។ ក្នុងពេល​ជាមួយគ្នានេះ កងទ័ព​ខ្មែរក្រហម​នៅ​ខាង​មេមត់ ក៏​កំពុងមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​វៀតណាម​នៅតាម​ព្រំដែន​ដែរ​។

​ក្រោយ​បែក​ក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ត្រឡប់​មករក​បងប្អូន​នៅ​ស្រុកកំណើត​ខ្ញុំ​វិញ ស្ថិតនៅ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៨៣ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ ចែម សុធា ព្រមទាំង​មានកូន​ចំនួន​៣​នាក់ (​ប្រុស​មួយ និង​ស្រី​ពីរ​នាក់​)​។ ពេល​រៀបចំ​គ្រួសារ​រួច ខ្ញុំ​មិនដឹង​ធ្វើការ​អ្វី​ក្នុងស្រុក​កំណើត ហើយ​មិន​ទម្លាប់​ក្នុងការ​រស់នៅ​ស្រុកកំណើត​ផង ខ្ញុំ​ក៏​នាំ​ប្រពន្ធ​និង​កូន​ត្រឡប់មក​ធ្វើការ​ជា​កម្មករ​ចម្ការកៅស៊ូ​វិញ គឺ​នៅ​ចម្ការកៅស៊ូ​ថ្ម​ពេជ្រ​។ ក្រោយមក ខ្ញុំ​ក៏​ចូល​បម្រើ​ជា​កងកម្លាំង​ស្វ័យត្រាណ​ការពារ​ភូមិ​ពី​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​។ បន្ទាប់មក ខ្ញុំ​បាន​លាឈប់ ហើយ​ចូល​បម្រើ​ជា​កងការពារ​ជនជាតិ​សូ​វៀត​ក្នុង​ចម្ការកៅស៊ូ​ជប់​។ ក្រោយមកទៀត ខ្ញុំ​ដាក់ពាក្យ​ធ្វើជា​បុគ្គលិក​រដ្ឋបាល​ខាង​ចម្ការកៅស៊ូ​ពាម​ជាំ​ង​។ រហូតដល់​ឆ្នាំ​២០១០ ខ្ញុំ​បាន​សុំ​លាឈប់​ពី​ការងារ ហើយ​ប្តូរ​ទីលំនៅ​មក​រស់នៅ​ខេត្តព្រះវិហារ​រហូតដល់​សព្វថ្ងៃ​។ មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​មក​រស់នៅ​ខេត្តព្រះវិហារ គឺ​ខ្ញុំ​មក​តាម​កូន​និង​ចៅ​ខ្ញុំ​ដែល​មក​លក់ដូរ​ឥ​វ៉ាន់​នៅលើ​ប្រាសាទព្រះវិហារ​។ ខ្ញុំ​ក៏​ចាប់ផ្ដើម​ប្រកប​អាជីព​ថ្មី​ជាជាង​ថតរូប​ក្នុង​តំបន់​ព្រះវិហារ​។ ថ្មីៗ​នេះ ខ្ញុំ​បាន​ឈប់​ប្រកប​របរ​ជាជាង​ថតរូប​តទៅទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​សុទ្ធ​តែមាន​ទូរ​សព្ទ​ដៃ​ដែល​អាច​ថតរូប​ខ្លួនឯងបាន​រៀងៗ​ខ្លួន​។ ឥឡូវ កូនៗ​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ទេ គឺ​វា​ឲ្យ​ខ្ញុំ​នៅតែ​ផ្ទះ​។ ខ្ញុំ​មិនចេះ​នៅ​ស្ងៀម​មួយកន្លែង​ទេ​។ ខ្ញុំ​តែង​ធ្វើ​នេះ​បន្តិច ធ្វើ​នោះ​បន្តិច​នៅក្នុង​បរិវេណ​ផ្ទះ ដូចជា​ចិញ្ចឹម​មាន់ ចិញ្ចឹម​ទា និង​ធ្វើស្រែ​ចម្ការ​»៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular