ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ ទទួលថវិកា ពីសប្បុរសជន ជាអាជីវករ មកពីស្រុកមង្គលបុរី និងសប្បុរសជន ផ្សេងទៀត ព្រមទាំងរតនាគារខេត្ត ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ។
ថវិកាសប្បុរសធម៌នោះ បានសរុបគិតជាប្រាក់ចំនួន ១០.៣៨៨ ដុល្លារអាមេរិក ក្នុងនោះ មានអាជីវករ ពីស្រុកមង្គលបូរី ដែលដឹកនាំដោយលោក អុឹង វ៉ាន់ម៉ៅ តំណាងសមាគម រោងម៉ាស៊ីនកិនស្រូវ , លោក លឹម សេង តំណាងអាជីវកម្មផលិតថ្ម ដែលមានថវិកា គិតជាប្រាក់ ចំនួន ៨.១២៤ ដុល្លារអាមេរិក និងលោក យុត ស្វីនី ប្រធានសាខារតនាគារខេត្ត និងសប្បុរសជន នៅក្រុង ស្រុកខ្លះ គិតជាប្រាក់ជាង ២.០០០ ដុល្លារអាមេរិក ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ” ដោយសារការរាតត្បាត ជាសកល នៃជំងឺកូវីដ១៩ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងមិនមានការប្រារព្ធ មិទ្ទីងថ្នាក់ខេត្ត ដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ នាពេលខាងមុខនេះឡើយ ប៉ុន្តែមិនបានលុបចោល ការស្នើសុំជំនួយទេ។ សូមស្វាគមន៍ ទទួលជំនួយសប្បុរស រាល់ថ្ងៃ ទោះនៅទីណា មធ្យោបាយ ណាក៏បាន។
លោកបានបន្តថា៖ កញ្ចប់ថវិកា ដែលរកបានដោយលំបាក ដែលជាញើស ជាឈាម ក្នុងកាលៈទេសៈ ដ៏លំបាក បង្កពីការរីករាលដាល នៃជម្ងឺកូវីត ១៩ របស់សប្បុរសជនទាំងអសើនេះ នឹងត្រូវបានយក ទៅរួមចំណែកឆ្លើយតប អោយចំគោលដៅ នៃមុខសញ្ញារងគ្រោះ / ងាយរងគ្រោះ មានទុក្ខលំបាក ពិតប្រាកដ ៕/V