​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា​៖ សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង​បូកគោ ការចុះបញ្ជី​គណបក្ស នយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន ឈរឈ្មោះ មាន​រយៈពេល ៥ ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជាទី​ប្រឹក្សា គ​.​ជ​.​ប បាន​មានប្រសាសន៍ថា​៖ គ្រប់​គណ​បក្ស​នយោ​បាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ស្របតាម​ច្បាប់ ស្តីពី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ចុះ​បញ្ជី​គណបក្ស នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ឆ្នាំ​២០២១ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១​។

រូបកណ្តាលៈ លោកសោម សូរីដា អគ្គ លេខាធិការង គ.ជ.ប (រូបថតៈឯកសារ)

​អគ្គលេខាធិការរង គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ ដែលមាន​បំណង​ចូលរួម ប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ត្រូវ​ចាប់ផ្តើម​ដាក់ពាក្យ​សុំ ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន ឈរឈ្មោះ នៅ​គណៈកម្មការ រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត យ៉ាងតិច ៨០ ថ្ងៃ មុន​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​។ ដូចនេះ សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង​បូក​គោ ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល ៥​ថ្ងៃ ដោយ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២១ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​

​លោក សោម សូ​រី​ដា បាន​បញ្ជាក់ថា ពាក្យសុំ​ចុះបញ្ជី​គណបក្ស នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គណបក្សនយោបាយ ទាំងអស់ អាច​ស្នើសុំ​នៅ គ​.​ជ​.​ប ឬ នៅ​លេខាធិការដ្ឋាន រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពត ឬ​ទាញយក​ពី​គេហទំព័រ គ​.​ជ​.​ប www.nec.gov.kh ហើយ​ការដាក់​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវធ្វើ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​។ ពាក្យសុំ​ចុះបញ្ជី​គណបក្ស នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវមាន​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​ពាក់ព័ន្ធ ដូច​មានកំណត់ ក្នុង​ទម្រង់​បែបបទ​លេខ ១០០៨ ។​

​សូម​ជម្រាបជូន​ថា សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​ចំនួន ១៣ រូប ហើយ​អ្នកបោះឆ្នោត ដែលជា​សមាជិក ក្រុមប្រឹក្សា​សង្កាត់ ក្នុង​មុខតំណែង មាន​ចំនួន ១៧ រូប មកពី​សង្កាត់​ចំនួន ៣ នៃ​ក្រុង​បូកគោ ៕/V​