ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុង​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា នៅ​ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា​ទិវា​សេរីភាព​សារព័ត៌មាន ពិភពលោក លើក​ទី​២៨ ឆ្នាំនេះ បាន​លើកយក​ប្រធានបទ ស្តីពី «​ផលប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណជន​» គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ហើយ​ស្របទៅនឹង​ស្ថានភាព​ជាក់ស្តែង ដែល​មនុស្ស​ទូទាំង​សកលលោក បាន​ចាត់ទុកថា ព័ត៌មាន គឺជា​ចំណីអាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ ដែល​មិនអាច​ខ្វះ​បានជា​ពិសេស​នៅក្នុង កាលៈទេសៈ​ដែល​សកលលោក​បាននិងកំពុង​ទទួលរង​នូវ​មហន្តរាយ​និង​សោកនាដកម្ម​ការឆ្លង​រាតត្បាត​សកល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​នៅលើ​សកលលោក​អស់​ជាង​បី​លាន​នាក់ ហើយ​មនុស្ស​ជិត ១៥០​លាន​នាក់ បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។​

(រូបថតហ្វេសប៊ុក លោក លាង ឌឺលុច​)

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​តែម្នាក់ឯង ពិតជា​មិនអាច​ទទួលបាន​ជោគជ័យ ដោយ​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​នោះទេ​។ ដូច្នេះ​សូម​បងប្អូន ចូលរួម​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​វិធាន​ការបង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឲ្យ​បានជា​ទូទៅ​។​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​រួម​ជាមួយនឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ការផ្លាស់ប្តូរ​របៀប​រស់​នៅមាន​វិន័យ​តាមបែប​គន្លង​ថ្មី​ដែល​អាចជួយ​ការពារ​ឲ្យ​ប្រជាពលរដ្ឋ យើង​រួច​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ ដើម្បី​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ឆ្នាំ​២០២១ នៅពេល​ឆាប់ៗ​ខាងមុខនេះ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃ​អនាគត​។​

​តាមរយៈ​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា បានបង្ហាញ​យ៉ាងច្បាស់​ពី​សារសំខាន់​របស់​សារព័ត៌មាន ក្នុង​ការបំរើ​ផលប្រយោជន៍​សាធារណជន និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល ជាមួយ​ប្រជាពលរដ្ឋ​។ សារព័ត៌មាន ក៏​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការនាំយក​ព័ត៌មាន​ពី​រដ្ឋាភិបាល ទៅកាន់​ប្រជាពលរដ្ឋ ព្រមទាំង​នាំយក​ព័ត៌មាន និង​សេចក្តីត្រូវការ​ពី​ប្រជាពលរដ្ឋ មកកាន់​រដ្ឋាភិបាល​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់សភាពការណ៍ ដែល​បង្ហាញ​ឲ្យ​ឃើញថា ស្ថាប័ន​សារព័ត៌មាន គឺជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល​។​

​ដូច្នេះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​យ៉ាងច្បាស់​ហើយពី​សារសំខាន់​របស់​សារព័ត៌មាន ពិសេស​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​យើង កំពុង​រងគ្រោះ​នឹង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅពេលនេះ​។​

​ប៉ុន្តែ​ការអនុវត្ត​ក្នុងសង្គម​យើង​ជាក់ស្តែង ពិសេស​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ គឺ​បែរជា​អាជ្ញាធរ​សមត្ថកិច្ច ហាមផ្តាច់ ឈប់​ឲ្យ​អ្នកកាសែត អ្នកសារព័ត៌មាន អាច​ចូល​ទៅយក​ព័ត៌មាន​បាន​ទៀតហើយ វៀរលែងតែ​អាជ្ញាធរ​សមត្ថកិច្ច អនុញ្ញាត និង​នាំ​ឲ្យ​ចូល​ទៅយក​ព័ត៌មាន​ចែក​អំណោយ​ប៉ុណ្ណោះ​។​

​ការហាមឃាត់​នេះ ក៏​ដោយសារតែ​អ្នកសារព័ត៌មាន បាន​ចុះ​បំពេញ​តួនាទី​របស់ខ្លួន នៅ​តំបន់​ក្រហម ដែលមាន​ការបិទ​ខ្ទប់ ហើយ​នាំយក​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​ប្រកា​សរក​ជំនួយ​ឧបត្ថម្ភ ស្បៀង​អង្ករ មក​ផ្សាយ​ជូន​រាជរដ្ឋាភិបាល អាជ្ញាធរ​សមត្ថកិច្ច​។​

​ប៉ុន្តែ​ការផ្សព្វផ្សាយ​នោះ បែរជា​អាជ្ញាធរ​សមត្ថកិច្ច ចាត់ទុកជា​ការខុសឆ្គង​ទៅវិញ​។ ម្យ៉ាងទៀត ព័ត៌មាន​នោះ ក៏ត្រូវ​បាន​ក្រុម​បក្សប្រឆាំង នៅក្រៅ​ប្រទេស យក​ធ្វើជា​លេស ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​។ ដូច្នេះហើយ ទើប​អាជ្ញាធរ​សមត្ថកិច្ច សម្រេច​ហាមឃាត់ ឈប់​ឲ្យ​អ្នកសារព័ត៌មាន​អាច​ចេញចូល​តំបន់​ក្រហម​តទៅទៀត​។​

​យ៉ាងណាក៏ដោយ ការសម្រេច​របស់​អាជ្ញា​ធរ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ដូច្នេះ អាច​មិនមែនជា​ការត្រឹមត្រូវ​ទាំងស្រុង​នោះទេ ព្រោះថា អ្នកសារព័ត៌មាន ដែល​អនុវត្តតាម​វិជ្ជាជីវៈ​ក្រមសីលធម៌​ត្រឹមត្រូវ គឺ​ត្រឹមតែ​ជា​អ្នក​នាំសារ​ពី​ប្រជាពលរដ្ឋ ជូន​អាជ្ញាធរ​សមត្ថកិច្ច រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត បើទោះបីជា​ហាមឃាត់​អ្នកសារព័ត៌មាន ចូល​ទៅយក​ព័ត៌មាន​ពី​ការខ្វះខាត​ស្បៀងអាហារ ក៏​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ស្បៀងអាហារ​ទាំងនោះ មានលទ្ធភាព​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បានដែរ​។​

​ប៉ុន្តែ​បើ​ករណី​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ ក្នុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ពិសេស​នៅ​តំបន់​ក្រហម​ពិតមែន ក៏​ប្រជាពលរដ្ឋ អាច​ស្នើសុំ​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច តាម​សង្កាត់ តាម​ខណ្ឌ និង​រាជធានី​ភ្នំពេញ ដែលមាន​ទាំង​ហ្វេ​ស​ប៊ុ​ក រួមទាំង​លេខ​ទូរស័ព្ទ​ថែមទៀត​។​

​យ៉ាងណា​ក៏ដោយចុះ ក្នុងអំឡុងពេល​ឆ្លង​រាតត្បាត​កូ​វីដ​នេះ អ្នកសារព័ត៌មាន ក៏ត្រូវ​តែ​គោរព​តាមច្បាប់​ទម្លាប់ រួមទាំង​វិធានការ​រដ្ឋបាល​នៃ​ការបិទ​ខ្ទប់​។ ម្យ៉ាងទៀត នៅ​តំបន់​ក្រហម គឺជា​តំបន់​ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​ចូល​យក​ព័ត៌មាន​ត្រឹមតែ​កន្លែង ដែល​អាជ្ញាធរ​សមត្ថកិច្ច អនុញ្ញាត គឺជា​រឿង​ល្អ​ប្រពៃ ហើយ​បើ​បាន​ចូលក្នុង​កន្លែង ដែលមាន​អ្នក​ឆ្លង​កូ​វីដ​ច្រើន ក៏​អ្នកសារព័ត៌មាន ត្រូវតែមាន​ការប្រុងប្រយ័ត្ន​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​។ រីឯ​ព័ត៌មាន​ផ្សព្វផ្សាយ​ទៀត ក៏ត្រូវ​រឹតតែ​ប្រុងប្រយ័ត្ន និង​ផ្ទៀងផ្ទាត់ ព្រមទាំង​សាកសួរ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាំងពី​ប្រជាពលរដ្ឋ និង​ទាំង​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​កុំ​ឲ្យ​ផ្សាយ​តែ​ម្ខាង ដោយ​មិនបាន​ផ្ទៀងផ្ទាត់ បែរជា​ក្លាយជា​ព័ត៌មាន​ក្លែងបន្លំ ហើយ​ត្រូវ​ក្រុមប្រឆាំង យកទៅ​វាយប្រហារ​រាជរដ្ឋាភិបាល ដូច​អ្វីដែល​ធ្លាប់បាន​កើតឡើង​កន្លង​មក​៕srn​