​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក​ប៊ីល ហ្គេត និង​លោកស្រី មេ​លីន​ដា ហ្គេត បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​ឧសភា​ថា ពួកគេ​នឹង​លែងលះ​គ្នា​ប៉ុន្តែ​នៅតែ​បន្ត​ធ្វើការ​ជាមួយគ្នា​នៅ​ឯ​អង្គការ​មូលនិធិ​​ប៊ីល​និង​មេលី​នដា​ហ្គេត ដដែល​ទេ​។​

​នៅក្នុង Tweet​ដូច​គ្នា​តែ​មួយ សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft​និង​ភរិយា​បាន​និយាយថា ពួកគេ​បាន​ធ្វើ​ការសម្រេចចិត្ត​បញ្ចប់​អាពាហ៍ពិពាហ៍​រយៈពេល ២៧ ឆ្នាំ​របស់​ពួកគេ​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​យើង​បាន​ចិញ្ចឹម​បីបាច់​កូន​អស្ចារ្យ​ទាំង​បី​នាក់​និង​បាន​បង្កើត​អង្គការ​មួយ​ដែល​ធ្វើការ​នៅ​ទូទាំង​ពិភពលោក​ដើម្បីឱ្យ​មនុស្ស​ទាំងអស់​អាច​រស់​នៅ​​ប្រកប​ដោយ​សុខភាព​ល្អ​និង​ផលិតភាព​។ យើង​ស្នើ​សុំ​កន្លែង​ទំនេរ​និង​ឯកជន​ភាព​សម្រាប់​គ្រួសារ​របស់​យើង​ខណៈ​យើង​ចាប់ផ្តើម​ស្វែងរក​ជីវិត​ថ្មី​”​។​

​លោក​ប៊ីល ហ្គេត ជា​អតីត​អ្នក​មាន​បំផុត​នៅលើ​ពិភពលោក ហើយ​ទ្រព្យសម្បត្តិ​របស់​គាត់​ត្រូវបាន​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ជាង ១០០ ពាន់​លាន​ដុល្លារ​។​របៀប​ដែល​ប្តី​ប្រពន្ធ​នេះ​ចែក​ទ្រព្យសម្បត្តិ​គ្នា​និង​ផល​​ប៉ះពាល់​ណាមួយ​មក​លើ​អង្គការ​មូលនិធិ​នេះ នឹង​ត្រូវ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជាពិសេស​បន្ទាប់​ពី​គូ​ស្វាមីភរិយា​មហាសេដ្ឋី​នៅ​តំបន់​ទីក្រុង​ស៊ី​អាថ​ល​ដ៏​ល្បី​មួយទៀត​បាន​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស និង​លោកស្រី ម៉ាក​ខេន​ហ្ស៊ី បេ​ហ្សូ​ស បាន​សំរេចការ​លែងលះ​របស់​ពួកគេ​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៩ ។ លោកស្រី ម៉ាក​ខេន​ហ្ស៊ី ស្កុត​បាន​រៀបការ​​ម្តងទៀត​ហើយ​ឥឡូវនេះ​ផ្តោត​លើ​ការបរិច្ចាគ​ផ្ទាល់ខ្លួន បន្ទាប់ពី​ទទួលបាន​ភាគហ៊ុន ៤ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Amazon ដែល​មាន​តម្លៃ​ជាង ៣៦ ពាន់​លាន​ដុល្លារ​។​

​ប្តី​ប្រពន្ធ​ហ្គេ​ត​បាន​រៀបការ​នៅ​ឆ្នាំ ១៩៩៤ នៅ​ហា​វ៉ៃ​។ ពួកគេ​បាន​ជួប​គ្នា​បន្ទាប់​ពី​លោកស្រី​ចាប់ផ្តើម​ធ្វើការ​នៅ​ក្រុមហ៊ុន Microsoft ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ផលិតផល​នៅ​ឆ្នាំ ១៩៨៧ ៕

​លោក​ប៊ីល ហ្គេត និង​លោកស្រី មេ​លីន​ដា ហ្គេត បាន​សម្រេចចិត្ត​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​រយៈពេល ២៧ ឆ្នាំ និង​មានកូន​៣​នាក់​