ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកការទូត​កំពូល​របស់​អាម៉េរិក​និង​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​ឧសភា​ថា​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​៧​នៅ​លោក​ខាងលិច​មាន​គោលបំណង​​ចង​សម្ពន្ធមិត្ត​ថ្មី​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​នានា​ពី​ចិន​និង​រុស្ស៊ី ដោយ​មិន​ចាំបាច់​ត្រូវ​ប៉ែង​ជើង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​ដួល ខណៈ​បន្ត​ទំនាក់ទំនង​កាន់តែ​មាន​ស្ថិរភាព​ជាមួយ​វិមាន​ក្រឹម​ឡាំង​។​

​នៅមុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G7​ជួប​ទល់មុខ​គ្នា​ផ្ទាល់​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៩ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីន​ខិន បាន​ព្យាយាម​ជំរុញ​សារ​ពហុភាគី​និយម បន្ទាប់​ពី​ការទូត​តាម Twitter រយៈពេល ៤ ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ បាន​បង្ក​ការភ្ញាក់ផ្អើល បង្ក​ការ​ភ័ន្ត​ភាំង និង បង្ក​អាសន្ន​ដល់​សម្ពន្ធមិត្ត​នៅ​បស្ចិមប្រទេស​។​

​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧៥ ក្នុងនាម​ជា​វេទិកា​មួយ​សម្រាប់​ប្រទេស​មាន​ជាង​គេ​បំផុត​នៅ​លោកខាងលិច​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នានា​ដូចជា​ទណ្ឌកម្ម​ប្រេង​របស់​អង្គការ OPEC ក្រុម​ប្រទេស G7​នៅ​សប្តាហ៍​​នេះ​នឹង​ពិភាក្សា​អំពី​ចិន​និង​រុស្ស៊ី​ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ និង​ល្បឿន​នៃ​បម្រែបម្រួល​អាកាសធាតុ​។​

​លោក​ប្លីន​ខិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក ដូ​មីនិក រ៉ា​អាប ថា​”​វា​មិនមែន​ជា​គោលបំណង​របស់​យើង​ក្នុង​ការព្យាយាម​ទប់ទល់​នឹង​​ប្រទេស​ចិន​ឬ​ប៉ែង​ជើង​ចិន​ឱ្យ​ដួល​នោះទេ​”​។​

​លោក​បាន​និយាយថា លោកខាងលិច​នឹង​ការពារ “​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​” ពី​ការប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​ដោយ​ប្រទេស​ណាមួយ​រួម​ទាំង​ចិន​ផង​។​

​កំណើន​សេដ្ឋកិច្ច​និង​យោធា​ដ៏​អស្ចារ្យ​របស់​ចិន​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ​ត្រូវបាន​គេ​មើលឃើញ​ថា​ស្ថិតក្នុង​ចំណោម​ព្រឹត្តិការណ៍​ភូមិសាស្ត្រ​នយោបាយ​សំខាន់ៗ​នាពេល​បច្ចុប្បន្ន​នេះ​។​

​ក្រុម​អ្នកការទូត​មានបំណង​ចង់​ឱ្យ​ពិភពលោក​បាន​ដឹងថា លោកខាងលិច​នឹង​នៅតែ​ខ្លាំងក្លា មិនទាន់​ចប់​នោះទេ​។ លោក​រ៉ា​អាប​និយាយ​នេះ​គឺ​សំដៅលើ​ការកសាង​សម្ព័ន្ធមិត្ត​ជាជាង​ការ​កាត់ផ្តាច់​ពួកគេ​។​

​លោក​រ៉ា​អាប​និយាយថា “​ខ្ញុំ​ពិតជា​មើល​ឃើញ​ការកើនឡើង​នូវ​តម្រូវការ​និង​ភាពចាំបាច់​សម្រាប់​ក្រុម​ប្រទេស​ដែល​មានចិត្ត​ដូចគ្នា ចែករំលែក​តម្លៃ​រួម​និង​ចង់​ការពារ​ប្រព័ន្ធ​ពហុភាគី​និយម​។​យើង​អាច​​មើល​ឃើញ​ការផ្លាស់ប្តូរ​ឆ្ពោះទៅ​រក​គំរូ​នៃ​ក្រុម​ប្រទេស​ដែល​មានចិត្ត​ដូចគ្នា​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ជាមួយគ្នា​”​។​

​ទោះបីជា​គ្មាន​សម្ពន្ធភាព​ទូលំទូលាយ​ក៏ដោយ ក៏ G7​នៅតែ​មាន​កណ្តាប់ដៃ​រឹងមាំ​ដដែល​។ បើ​រួមបញ្ចូល​គ្នា វា​ធំ​ជាង​ចិន​ទាំង​ខាង​សេដ្ឋកិច្ច​និង​យោធា​៕

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីន​ខិន (​ស្តាំ​) ជួបប្រជុំ​ទល់មុខ​គ្នា​ជាមួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក ដូ​មីនិក រ៉ា​អាប ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ​២០១៩​