Home ព័ត៌មានសំខាន់ៗ ភ្ញៀវទេសចរ​បង...

ភ្ញៀវទេសចរ​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​បានឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​

ដោយ​:​អង្គរតូច​/​សៀមរាប​: ភ្ញៀវទេសចរ​បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​ឃើញ​ទិដ្ឋភាព​បៃតង​ដ៍​ស្រស់ស្អាត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការបង្ហាញ​ពី​អារម្មណ៍​រីករាយ​នេះ គឺ​ក្នុងខណ​:​ពេលដែល​ពួកគាត់​ធ្វើដំណើរ​មក​ដល់​តំបន់​អង្គរ ហើយ​បានឃើញ​ទិដ្ឋភាព​ដ៏​មមាញឹក របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា និង​ភ្នាក់ងារទេសចរណ៍​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ គួរ​ប​ផ្សំ​នឹង​សម្រស់​ធម្មជាតិ​ខៀវខ្ចី មាន​សួនច្បារ​អម​សងខាង​បរិវេណ​ផ្លូវ​ចូល ជា​មួយ​ក្លិន​ផ្កា​យ៉ាង​ក្រអូប​ឈ្ងុយ​ឈ្ងប់ ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កញ្ញា ស្រីរ័ត្ន អាយុ​២៥​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​បានមក​ទស្សនា​ប្រាសាទ​អង្គរ បានឱ្យដឹងថា នៅពេល​នាង​បានមក ដល់​រមណី​ដ្ឋា​ន​អង្គរ ក្រោយ​ការប្រកាស​បើក​ដំណើរ ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ ធ្វើឱ្យ​នាង បំភ្លេច​អស់​រាល់​ក្តីកង្វល់​នានា ដោយ​នឹក​ឃើញតែ​ភាព​បៃតង​ស្រស់ស្អាត​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ​។

​កញ្ញា​បន្តថា តំបន់​រមណី​ដ្ឋា​ន​អង្គរ​ពិត​ជាមាន​ភាពស្រស់ស្អាត បន្ទាប់ពី​បាន​អភិវឌ្ឍ និង​អភិរក្ស ដោយមាន​ការរៀបចំ​ជា​សួន និង​មាន​ដាំ​ដើម​ផ្កា ដាំ​ស្មៅ និង​ដាំ​ដើមឈើ​បន្ថែម ដែល​ធ្វើឱ្យ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​តាម​បណ្តា​ប្រាសាទ​នានា​មាន​ភាព​បៃតង​ស្រស់ស្អាត​។​

​ចំណែក​លោក ឌី រស្មី ពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប បាន​រៀបរាប់​ដោយ​ក្តីរំភើប ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល បានប្រកាស​បើក​រមណី​ដ្ឋា​ន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ឡើងវិញ​នេះ​។ ព្រោះ​ក្រោយពេល​សម្រាក​ពី​ការងារ លោក​តែងតែ​ទៅ​លំហែរ​អារម្មណ៍​នៅ​រមណី​ដ្ឋា​ន​អង្គរ ដោយសារ​ទីនោះ​ប្រជុំ​ទៅដោយ​ទេសភាព​បៃតង​នៅពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការកែលំអ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​ទាំងមូល​។ លោក​បន្តថា​នៅពេលដែល​បញ្ចប់​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​នេះ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ នឹង​កាន់តែ​ទទួលបាន​ភាព​រីករាយ​នៅ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ដែល​អាជ្ញាធរ​បានរៀបចំ​នេះ​។​

​ជាមួយគ្នា​នោះ​មន្ត្រី​អាជ្ញាធរ​អប្សរា ក៍​បានអោយដឹង​ដែរ​ថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ជានិច្ចកាល អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ចេញ​វិធានការ​សម្រាប់​មន្ត្រី ភ្នាក់ងារ​បំពេញ​កិច្ចការ​តាម​ប្រាង្គ​ប្រាសាទ​ទាំងអស់ ត្រូវ​អនុវត្តន៍​ជាប្រចាំ​នូវ​វិធានការ ៣​កុំ និង​៣​ការពារ​ឱ្យបាន​ជាប់​ជាប្រចាំ​។ ចំពោះ​ប្រជាពល​រដ្ឋ និង​ភ្ញៀវទេសចរ​មុនពេល​ចូល​ទស្សនា​ប្រាសាទ​គឺ តម្រូវឱ្យ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល និង​ស្គេ​ន​កម្មវិធី QR Code ដើម្បី​ចូលរួម​តាមដាន និង​ទប់ស្កាត់ ការចម្លង​មេរោគ​កូ​វីដ​-១៩​។ ជាពិសេស​មិនឱ្យ​មានការ​ប្រមូលផ្តុំ និង​ត្រូវ​ដើរ ឬក៏​ឈរ​ដោយ​រក្សា​គម្លាត​ឆ្ងាយៗ​ពីគ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular