​ដោយ​៖ គ្រញូង / ​បាត់ដំបង​៖ រថយន្ត​ច្នៃ​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ បាន​ដឹក​ឥដ្ឋ ចុះ​ចំណោត​ភ្នំព្រឹក ដល់​ផ្លូវ​កោង ចាប់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់ចាក់​ឥដ្ឋ សង្កត់​លើ របួសធ្ងន់ ៣ នាក់ និង​របួសស្រាល ២ នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​លេខ ៥៩ត្រង់​ចំណោត​​​​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាល ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា អ្នករបួសធ្ងន់ និង​ស្រាល ទាំង ៥ នាក់ រួមមាន​: ១.​ឈ្មោះ សួ ម៉ៃ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ របួសស្រាល (​តៃ​តុង​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ញ ០៤៧៤​ភព​៣​។ ២.​ឈ្មោះ នឿយ សាវង្ស ភេទ​ស្រី (​ស្រាល​) ។ ៣.​ឈ្មោះ រ៉ា​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​របួសធ្ងន់​) ៤​ឈ្មោះ ឡា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​(​របួសធ្ងន់​) និង​៥.​ឈ្មោះ ព្រាម ត្រប់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​។ ទាំង ៥ នាក់ រស់នៅ​ភូមិ​រការ ឃុំ​ទ្រ​​បាត្រ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​សំពៅ​លូន​។​

​លោក​អធិការ បាន​បញ្ជាក់ថា មូលហេតុ មកពី​រថយន្ត ចុះ​ចំណោត​ភ្នំព្រឹក មាន​ល្បឿន​លឿន ហើយ​ចាប់​ហ្វ្រាំង​មិន​ស៊ី ក៍​ក្រឡាប់​ខ្លួនឯង ពេលមកដល់​ផ្លូវ​កោង ចាក់​ឥដ្ឋ សង្កត់​លើ​មនុស្ស របួសធ្ងន់​ស្រាល ៥ នាក់​តែម្តង​។ រថយន្ត​ត្រូវ​ប៉ូលិស​ចរាចរណ៍ ស្រុក យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ តាមច្បាប​៕/V