ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ គ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះ ទី១៨៩ អំណោយសម្ដេចតេជោ និងស្បៀងអាហារ ថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ លោក សោភា និត អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្គ កាលពីព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ បានប្រគល់ផ្ទះខ្នង ទី១៨៩ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីត ។
ផ្ទះថ្មីដែលបានសាងសង់រួចនេះ មាន ទំហំ ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសី កិនភ្លី និងជណ្ដើរកាច់ ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា យុទ្ធជនពលី ឈ្មោះ យ៉ាត មឿន អាយុ ៦១ឆ្នាំ មានកូនចំនួន ២នាក់ នៅក្នុងបន្ទុក ជាភរិយារបស់អតីតយុទ្ធជន ពលីឈ្មោះ សាយ សៀន ដែលបានពលីជីវិត ក្នុងសមរភូមិ នៅតំបន់ភ្នំវល្លិ៍ ខេត្តកំពត បច្ចុប្បន្ន រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ដែល បានចូលរួម នាឱកាសនេះថា សម្ដេចតេជោ ហ៊ុន សែន លោកជាអតីតយុទ្ធជន ដ៏អង់អាចក្លាហាន ក្នុងការប្រយុទ្ធក្នុងសមរភូមិ និងជាស្ថាបនិកមគ្គុទេសឯក នៃនយោបាយ ឈ្នះឈ្នះ ដែលបាននាំ មកនូវសុខសន្តិភាព ពេញលេញជូនដល់ ព្រះរាជាណាចក្រកម្ពុជាយើង ៕/V