ដោយ៖ បូកគោ / កំពត៖ នៅរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រកាសពី ការរកឃើញ វិជ្ជមានជំងឺកូវីដ ១៩ លើស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាច្រើនរូបទៀត។
ក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងពីរនាក់ រួមមាន ១. ឈ្មោះ ឯម បូផា អាយុ ៥៣ ឆ្នាំ, ២. ឈ្មោះ ប៉ាត ចរិយា អាយុ ២៧ឆ្នាំ។ ទាំងពីរនាក់ម្តាយ និងកូនស្រី រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមរបាយការណ៍របស់ ក្រុមឆ្លើយតបបន្ទាន់ នៃរដ្ឋបាលខេត្តកំពត បានរៀបរាប់ថា កាលពីទី៣០ ខែមេសា ស្ត្រីឈ្មោះ ឯម បូផា មានអាការៈឈឺក្បាល អស់កម្លាំង រហូតអាជ្ញាធរ បានដឹងនាថ្ងៃទី១ ខែឧសភា ហើយនៅថ្ងៃទី២ ខែឧសភា ក្រុមឆ្លើយតបបន្ទាន់ ក៏នាំគាត់ទៅកាន់មន្ទីរពេទ្យបង្អែក កំពង់ត្រាច បន្ទាប់ពីធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ១៩ ។ បន្ថែមលើនោះ ការយកសំណាក ដែលបញ្ជូនបន្តទៅភ្នំពេញ បានចេញលទ្ធផលវិជ្ជមាន នាព្រឹកថ្ងៃទី៤ ខែឧសភា តែម្តង។
អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រី ឯម បូផា មាន ៨ នាក់ រួមទាំងក្រុមគ្រូពេទ្យ ខេត្តកំពតមួយចំនួន ខណៈពេលគាត់ នាំប្តីទៅព្យាបាល ហើយប្តីបានស្លាប់ កាលពីល្ងាច ថ្ងៃទី២៥ ខែមេសា។ ដោយឡែក អ្នកប៉ះពាល់ ដោយប្រយោល មាន ២០ នាក់។ ចំណែកស្ត្រីឈ្មោះ ប៉ាត ចរិយា ដែលវិជ្ជមានមេរោគ កូវីដ១៩នោះ ព្រោះតែបានប៉ះពាល់ផ្ទាល់ ជាមួយម្តាយឈ្មោះ ឯម បូផា នេះតែម្តង។ អ្នកដែលបាន ប៉ះពាល់ផ្ទាល់ ជាមួយស្ត្រី ប៉ាត ចរិយា ចំនួន ៨ នាក់ ដោយបានយកសំណាក រួចរាល់ និងប៉ះពាល់ ប្រយោល ១៥ នាក់ ត្រូវបានធ្វើចត្តាឡីស័ក។
ជាមួយនេះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នក ដែលបានជួបប្រាស្រ័យ ទាក់ទងដោយផ្ទាល់ និងប្រយោល ចំពោះបុគ្គលទាំងពីរនាក់ ខាងលើ សូមធ្វើការទំនាក់ទំនង ដើម្បីយកសំណាក នៅគ្រប់មន្ទីរពេទ្យ ក្នុងខេត្តកំពត ជាបន្ទាន់៕/V