ដោយ: មុនីរ័ត្ន / ភ្នំពេញ: ដោយមានបញ្ជាក់ហេតុផលច្បាស់លាស់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាពរបស់ស្ត្រីឈ្មោះ ហេង អ៊ុក និងប្តី ដែលបើកបរល្មើសវិធានការបិទខ្ទប់ មិនត្រូវបានធ្វើការផាកពិន័យនោះទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា វេលាម៉ោង ៥និង៣០នាទីរសៀល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់មនុស្ស ២នាក់ ពាក់ព័ន្ធលើករណីល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវបានកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ដោយបានចេញប័ណ្ណផាកពិន័យ ដែលមានរយៈពេល៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មើសមកបង់ប្រាក់ពិន័យ រហូតដល់រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញវីដេអូខ្លីបរបស់បងស្រី ដោយបាននិយាយអំពីមូលហេតុ ដែលគាត់ជិះចេញក្រៅល្មើសនឹងវិធានការ ដើម្បីយកទឹកដោះគោ និងម្ហូបទៅឲ្យកូនតូចរបស់គាត់ ហើយថែមទាំងបញ្ជាក់ប្រាប់ពីទុក្ខលំបាក នៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ពីរនាក់ប្តីប្រពន្ធជាជាងសំណង់ផងនោះ ទើបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរកគាត់ និងបានអញ្ជើញគាត់មកសាលាខណ្ឌដូនពេញ។
អ្នកនាំពាក្យបន្តថា ដោយឃើញពីស្ថានភាពលំបាកជាក់ស្តែង និងហេតុផលច្បាស់លាស់ លោកអភិបាលខណ្ឌដូនពេញ បានសម្រេចមិនធ្វើការផាកពិន័យគាត់នោះទេ ហើយថែមទាំងផ្តល់អំណោយមួយចំនួនជូនគាត់ ដើម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលនេះផងដែរ។
គាត់ទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះដូចខាងក្រោម :
១. ឈ្មោះ ធឿន ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់
២. ឈ្មោះ ហេង អ៊ុក ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់
អ្នកទាំងពីរខាងលើ ស្នាក់នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C 125 ពាក់ស្លាកលេខភ្នំពេញ 1FD-1073។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យអន្តរការណ៍លើអ្នកល្មើសវិធានការបិទខ្ទប់ ចំនួន៣២១នាក់៕