ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន​អះអាង នៅ​ថ្ងៃទី​៤ ខែឧសភា​នេះ​ថា បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ជា​អ្នកជំងឺ​កូ​វីដ ១៩ ដំបូង ដែល​ចម្លង​គេ នៅ​ក្រុង​ប៉ោយប៉ែត និង ៧ នាក់​ទៀត ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ក្នុងអំឡុងពេល ជាមួយគ្នា​នោះ បានជា​សះស្បើយ​ហើយ ។

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានអោយដឹង នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ថា​៖ គិត​មកទល់​ថ្ងៃនេះ ក្នុង​ខេត្ត​នេះ មាន​ករណី​អ្នក ជំងឺ​កូ​វីដ ១៩ សហគមន៍ ដែល​រកឃើញ​កាលពី​យប់ ថ្ងៃទី​២២ ខែមេសា និង​បន្ត​មកពី ពេលនោះ បានជា​សះស្បើយ ចំនួន ៨ នាក់ ក្នុងនោះ​មាន ឈ្មោះ ចូ​ហាន ស៊ូ​សាន​តូ (Mr Johan Susanto ) ជនជាតិ​ឥណ្ឌូនេស៊ី ដែលជា​អ្នក​ឆ្លង​ដំបូង​គេ និង​ចម្លង​អោយគេ នៅ​ក្រុង​ប៉ោយប៉ែត​ផង ក៏បាន​ជាសះស្បើយ ផងដែរ ។​

​លោក អ៊ុំ រាត្រី ក៏បាន​ច្រាន​ព័ត៌មាន​ដែលថា​៖ ព័ត៌មាន​មិន​ពិត​បង្ហោះ​ផ្សាយ​ថា ឈ្មោះ ចូ​ហាន ស៊ូ​សាន​តូ ជនជាតិ​ឥណ្ឌូនេស៊ី​នោះ បាន​រត់គេច និង​ស្លាប់​ទៅហើយនោះ ។ ទោះយ៉ាងណា ទាំង​លោក​អភិបាលខេត្ត ទាំង​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​ម​ន្ទូ​ី​រ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​គ្រូពេទ្យ​ព្យាបាល បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​នោះ និង ៧ នាក់​ទៀត ដែលថា បានជា​សះ ស្បើយ​នោះ មិនមាន​រូបថត​ថ្មី​ទេ គឺ​មានតែ​បញ្ជី​តារាង​អ្នកជំងឺ ជាសះស្បើយ​ប៉ុណ្ណោះ ។​

​យោង​របាយការណ៍ ស្តីពី​ករណី​សះស្បើយ អ្នកជំងឺ​កូ​វីដ ១៩ នៅ​ខេត្ត​បន្ទាយ​មា​ជ័យ ចុះ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានបង្ហាញ​នូវ អ្នក​សះស្បើយ ចំនួន ៨ នាក់ ដែល​ទាំងអស់​មាន​ប្រុស ស្រី សុទ្ធតែជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ។​

​សូម​រំលឹកថា យោង​របាយការណ៍ ស្តីពី​ការស្រាវជ្រាវ អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ ១៩ ឈ្មោះ Johan Sunsanto ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នកដើរ​ទីផ្សារ (Markreting) ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់​នៅផ្ទះ​លេខ ១៣២​បេ ក្នុង​បូរី​ដួង​ច័ន្ទ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ កន្លងមក បានអោយដឹងថា​៖ ថ្ងៃទី​២៣ ខែមេសា ក្រុមគ្រូពេទ្យ បាន​យក​សំណាក​ជនបរទេស ដែល​ស្នាក់​នៅផ្ទះ​នៃ​បូរី​ដួង​ច័ន្ទ និង​អគារ​ម៉ា​វង្សា ចម្ការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ ដោយបាន​រក​អ្នក​ឆ្លង​វីរុស​កូ​វីត​១៩ ជំហាន​បឋម​សរុប ១២៦​នាក់ / ស្រី ៣៥​នាក់ ។​ ក្នុងនោះ​ជនជាតិ​ថៃ ៤​នាក់​/​ស្រី​១​នាក់ យក​សំណាក អវិជ្ជមាន ។ ជនជាតិ​ឥណ្ឌូណេស៊ី ចំនួន​៨២​នាក់ /​ស្រី​១០​នាក់ (​យក​សំណាក វិជ្ជមាន​៥៧​នាក់ /​ស្រី​៤​នាក់​)​។​

​ជនជាតិខ្មែរ ២៤​នាក់ / ស្រី ២៤​នាក់ យក​សំណាក​វិជ្ជមាន​៤​នាក់​/​ស្រី​២​នាក់​។ សរុប​មុខសញ្ញា​សង្ស័យ វិជ្ជមាន​ចំនួន ៦៥ នាក់ / ស្រី​៦​នាក់ ។ នោះ​ជា​លទ្ធផល​ដោយ តេស្ត​រហ័ស (Rapid Test) និង តេស្ត​ដោយ​ម៉ាស៊ីន Gene Xpert ៕/V​