ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងកិច្ចប្រជុំមួយរបស់ គណៈកម្មការប្រឹក្សាការងារ ស្តីពីបើកដំណើរការ សកម្មភាព អាជីវកម្មឡើងវិញ របស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ ដោយវិធានការ រដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនោះ បានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការ ឆ្លាស់វេនគ្នា រៀងរាល់ ២សប្តាហ៍ ម្តងនិងផ្តល់អាទិភាពចំពោះ កម្មករ និយោជិត ណា ដែលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ផងដែរ។
បើយោងតាមសេចក្តីសម្រេចរបស់ កិច្ចប្រជុំនេះ បានបញ្ជាក់ថា អង្គប្រជុំទាំងមូល សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព របស់បងប្អូន កម្មករ និយោជិត តាមរយៈការបន្តផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូន កម្មករ និយោជិត ជាពិសេសកម្មករ និយោជិត ដែលរស់នៅ ក្នុងតំបន់ក្រហម ព្រមទាំងបានផ្តល់ជំនួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ចាំបាច់ សម្រាប់បងប្អូន កម្មករ និយោជិត នៅតំបន់បិទខ្ទប់។
ប្រភពខាងលើនេះ បានបន្តថា ក្រោយពីបានពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវ សុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករ និយោជិត និរន្តរភាព នៃផលិតកម្ម និងភាពអាចព្យាករបាន នៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជា ចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប អង្គប្រជុំ បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖
ក. វិធានការរដ្ឋបាល នៅពេលមានករណីវិជ្ជមាន នៅតាមរោងចក្រ សហគ្រាស អង្គប្រជុំ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំគោលការណ៍ ទៅរាជរដ្ឋាភិបាល ដើម្បី កំណត់នូវលក្ខណៈវិនិច្ឆ័យ ក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញ នូវរោងចក្រ សហគ្រាស ដែលមានកម្មករ និយោជិត ឆ្លងជំងឺកូវីដ-១៩។
ខ.កិច្ចព្រមព្រៀង អំពីការបើកដំណើរការ សកម្មភាពអាជីវកម្មឡើងវិញ របស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការ សកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការ ដូចខាងក្រោម៖
១. បែងចែកកម្មករ និយោជិត ចំនួន ៥០ ភាគរយ នៃកម្មករ និយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នា រៀងរាល់ ២ សប្តាហ៍ម្តង។ ការជ្រើសរើសកម្មករ និយោជិត ដែលត្រូវចូលធ្វើការវេនទី១ (២ សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាព ទៅលើ កម្មករ និយោជិតដែល (១) បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២, (២) បានចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ដូសទី១ (៣) មិនស្ថិតនៅក្នុងតំបន់ ដែលតម្រូវឱ្យផ្ដល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ឬ (៤) បានផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ (មានចុងលិខិតបញ្ជាក់ ដោយក្រុមគ្រូពេទ្យ មានសមត្ថកិច្ច យកសំណាក ឬដោយពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
២. ផ្តល់ប្រាក់ឈ្នួល ចំនួន ៥០ ភាគរយ នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ប្រចាំខែផ្សេងៗ ដែលកម្មករ និយោជិត ធ្លាប់ទទួលបាន នាពេលកន្លងមក) ដោយរក្សាទុក នូវអត្ថប្រយោជន៍ ប្រចាំខែ និងអត្ថប្រយោជន៍ ផ្សេងៗ ដូចជា ការថែមម៉ោងចំនួន ២ម៉ោង ក្នុង១ថ្ងៃ និងការថែមម៉ោង នៅថ្ងៃអាទិត្យ ។ល។ របស់ កម្មករ និយោជិត។
៣.ផ្តល់ម៉ាសយ៉ាងតិច ចំនួន ១ ដល់កម្មករ និយោជិត នៅក្នុងអំឡុងម៉ោងការងារ និងត្រូវណែនាំ ឱ្យកម្មករ និយោជិត ពាក់ម៉ាសជាប្រចាំ នៅក្នុងកន្លែងការងារ និងពេលប្រើប្រាស់ មធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួន ឬរួមគ្នា។
៤. រៀបចំឱ្យមានការបាញ់អាល់កុល លើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅ មុនពេលចូលធ្វើការ និងក្រោយ ពេលអាហារថ្ងៃត្រង់ បន្ថែមឧបករណ៍ បាញ់អាល់កុល នៅក្នុងអគារផលិតកម្ម និងសាប៊ូ លាងដៃ នៅក្នុងបន្ទប់ទឹក។ បាញ់អាល់កុលម្តងទៀត នៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ពេលប្រើប្រាស់ មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។
៥. បែងចែកវេន សម្រាប់ការបរិភោគ អាហារថ្ងៃត្រង់ របស់កម្មករ និយោជិតផ្សេងៗគ្នា និងរៀបចំ ឃាំងរនាំង (ប្រសិនបើអាច) ឬរក្សាបាននូវគម្លាតសុវត្ថិភាព នៅពេលអង្គុយបរិភោគ អាហារថ្ងៃត្រង់ ព្រមទាំងលើកទឹកចិត្ត ឱ្យកម្មករ និយោជិត យកអាហារ ពីផ្ទះមករៀងៗខ្លួន ជៀសវាងការចេញ ទៅទិញអាហារ នៅខាងក្រៅរោងចក្រ។
៦. រៀបចំឱ្យមានច្រក ចេញចូលបន្ថែម ឬបែងចែកពេលវេលា ឬមធ្យោបាយ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ដែលមកបំពេញការងារ អាចចេញចូលរោងចក្រ និងទីតាំងផលិតកម្ម បានដោយសុវត្ថិភាព និងមិនមានការប្រជ្រៀតគ្នា។
៧. គ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូល ក្នុងទីតាំងផលិតកម្ម ឱ្យបានល្អ និងរៀបចំឱ្យមាន ការបាញ់ថ្នាំ សម្លាប់មេរោគ ជាប្រចាំសប្តាហ៍។
៨. ជួយសម្របសម្រួល កម្មករ និយោជិត ក្នុងការចរចាជាមួយ អ្នកផ្តល់សេវាដឹកជញ្ជូន កម្មករ និយោជិត ឱ្យផ្ដល់ អាល់កុលលាងដៃ មុនពេលឡើងយានយន្ត និងលាងសម្អាតយានយន្ត នៅពេលដាក់កម្មករ និយោជិតចុះ។
៩. ផ្តល់បញ្ជីឈ្មោះកម្មករ និយោជិត (ដូចមានក្នុងបញ្ជី បើកប្រាក់ឈ្នួល ប្រចាំខែមីនា) និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាក ប្រចាំរោងចក្រ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយមិនគិតថ្លៃសេវា(http://lacms.mlvt.gov.kh/registration/upload /excel) ដើម្បីងាយស្រួលដល់ ការធ្វើអន្តរាគមន៍ណាមួយ ក្នុងករណីចាំបាច់។
១០. រៀបចំឱ្យមានបុគ្គលិក ផ្នែករដ្ឋបាលយ៉ាងតិច ២ នាក់ ដើម្បីផ្តល់ព័ត៌មាន ប្រចាំសប្ដាហ៍ អំពីការអនុវត្តវិធានការ របស់រោងចក្រ និងអំពីករណីសង្ស័យ វិជ្ជមានកូវីដ-១៩ ឬអំពីការដាក់ឱ្យ កម្មករ និយោជិត ណាម្នាក់ ធ្វើចត្តាឡីស័ក នៅផ្ទះ។
១១. បម្រុងទុកនូវឧបករណ៍ យកសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ដែលទទួលស្គាល់ ដោយក្រសួងសុខាភិបាល ចំនួន ១០% នៃកម្មករ និយោជិត សរុបរបស់រោងចក្រ ដើម្បីពេទ្យការងារ និងពេទ្យប្រចាំរោងចក្រ ធ្វើការយក សំណាក ក្នុងករណីចាំបាច់ ដូចមាននៅក្នុងចំណុចទី១២ និង១៣។
១២.ត្រូវយកសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ រៀងរាល់សប្តាហ៍ ចំពោះបុគ្គល ដូចខាងក្រោម៖
– កម្មករ និយោជិត ដែលធ្វើការចល័ត ពីអគារមួយ ទៅអគារមួយ
– កម្មករនិយោជិតដែលប្រាស្រ័យទាក់ទងជាមួយបុគ្គលខាងក្រៅ ជាពិសេសបុគ្គល ដែលមានប្រវត្តិ ធ្វើដំណើរ ទៅក្រៅប្រទេស
– កម្មករ និយោជិត ដែលធ្វើការនៅអាហារដ្ឋាន
– សន្តិសុខ ឬអ្នកអនាម័យ ដែលផ្តល់សេវាឆ្លងអគារ
– កម្មករ និយោជិត ដែលទទួលបន្ទុក បាញ់សម្លាប់មេរោគ និងវាស់កម្ដៅ។
(សូមអានខ្លឹមសារលម្អិតបន្ថែមដូចខាងក្រោម)