ដោយ: មុនីរ័ត្ន/ភ្នំពេញ : គ្រួសារនិវត្តន៍ជននៃសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌ៧មករា រាជធានីភ្នំពេញ មកពីចំនួន០៨សង្កាត់សរុប១១១គ្រួសារដែលមានជីវភាពលំបាកមិនអាចចេញប្រកបមុខរបររកស៊ីបាននៅក្នុងតំណាក់កាលរាជធានីភ្នំពេញផ្ទុះរីករាលជំងឺកូវីដ១៩និងរងការបិទខ្ទប់បានទទួលការយកចិត្តទុកដាក់ពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភនូវអំណោយជាស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
អំណោយស្បៀងអាហារទាំងនេះ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ធ្វើការប្រគល់ជូនស្ថិតនៅរដ្ឋបាលខណ្ឌមករា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស,ទឹកស៊ីអ៊ីវមួយយួរ,ទឹកត្រីមួយយួរ។
ដោយឡែកកាលពីថ្ងៃទី០៣ ខែឧសភា កន្លងទៅនេះ គ្រួសារនិវត្តន៍ជនចំនួន១៤០គ្រួសារនៅខណ្ឌប្ញស្សីកែវ ទទួលអំណោយពីលោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននាំយកប្រគល់ចែកជូនបងប្អូនគ្រួសារអតីតយុទ្ធជនទាំងនោះដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងវត្តឧត្តរាវតី សង្កាត់ឫស្សីកែវ ខណ្ឌឫ្សីកែវ៕