ភ្នំពេញៈសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល ចុះថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ប្រមុខរាជរដ្ឋាភិបាលបានណែនាំដល់អភិបាលរាជធានី ខេត្តឱ្យយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន។ក្នុងនោះចំណុចទី២ ,ទី៣ និងទី៤ ណែនាំដូចតទៅ៖
២- ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺនេះទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត គណៈអភិបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។ ការបិទខ្ទប់អាចកំណត់ជា “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរន ជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាល មធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងៗ សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លង រាលដាលស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី ខេត្ត អាចកំណត់តំបន់ ណាមួយដែលមានការឆ្លងកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងលក្ខណៈជា”តំបន់លឿងដើម្បីអនុវត្តវិធានការចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែ អាចអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ-ចូលនិងឆ្លងកាត់តំបន់នេះ ទៅតំបន់ផ្សេងបាន។
៣- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ, គណៈអភិបាលរាជធានី ខេត្ត ត្រូវ យកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះជាពិសេស “តំបន់ក្រហម” និង “តំបន់លឿងទុំ” ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
៤- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី ខេត្ត ត្រូវ ត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀង ចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមាន ការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង តំបន់ក្រហម ។ ក្នុងករណីមាន តម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល៕