ភ្នំពេញៈ​យោងតាម​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២១ បានណែនាំពីវិធានការមួយចំនួនដែលត្រូវអនុវត្ត​នៅ​ភូមិសាស្ត្រ​ដែល​ផ្ទុះ​ការឆ្លង​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ​
នៅ​ចំណុច​ទី​១២ បាន​ណែនាំ​ដូចតទៅ៖

” សម្រាប់​ភូមិសាស្ត្រ​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​គណៈ​អភិបាល រាជធានី ខេត្ត ត្រូវ​បង្កើន​កិច្ចសហការ​ដើម្បី​ចាត់វិធានការ​ចាំបាច់​នានា​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ក្នុង​ក្របខណ្ឌ​សមត្ថកិច្ច​រៀងៗ​ខ្លួន សំដៅ​កាត់ផ្ដាច់ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ នេះ​ទៅ​តំបន់​ផ្សេងទៀត ដោយ​ត្រូវអនុវត្ត​ស្របតាម​អនុក្រឹត្យ​លេខ ៣៧ អនក្របក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ ២០២១ និង​អនុក្រឹត្យ​លេខ ៥៧ អនក្របក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ជា​ធរមាន​ផ្សេងទៀត ជាអាទិ៍ ការបិទ​ខ្ទប់​ទីកន្លែង តំបន់ ឬ​ភូមិសាស្ត្រ​ដែលមាន ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ឬ​ការ​កាត់ផ្ដាច់​ការធ្វើដំណើ​រ​ចេញ​-​ចូល​តំបន់​នោះ​, ការ​រឹតត្បិត ឬ ការហាមឃាត់​ការជួបជុំ​និង​ការប្រមូលផ្តុំ មនុស្ស​ដែល​សកម្មភាព​នេះ​អាច​បណ្ដាលឱ្យមាន​ការឆ្លង​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ , ការហាមឃាត់ ឬ​ការកម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ​ដែលជា​ហានិភ័យ ឬ​ជា​ប្រភព​នៃ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, បម្រាម​គោចរ​, ការកំណត់​និង​ស្វែងរក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​។ ការពង្រឹង​វិធាន​ការយក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩”៕