ភ្នំពេញៈយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ នៅចំណុចទី១០,ទី១១និង ទី១២ បានណែនាំដូចតទៅ៖
១០- គណៈអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និង សណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ , ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្តនានា និងត្រូវហាមឃាត់ មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយឬដែលមិនធានាបាននូវវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
១១- គណៈអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេស ផ្សារ និង ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន -អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់ បម្រើឱ្យភូមិសាស្ត្ររបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, សេវាសង្គ្រោះបន្ទាន់ , សេវាសុខាភិបាល, ឱសថស្ថានទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត ព្រមទាំងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពី អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលរួចរាល់ ក្នុងការកំណត់អ្នកពាក់ព័ន្ធដែលត្រូវយក សំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ដោយឡែក ចំពោះទីតាំងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្ត តាមចំណុចទី១២ នៃសេចក្ដីណែនាំនេះ។
១២- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះ យោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នា ចេញសេចក្តីណែនាំអំពីវិធានការចាំបាច់នានាដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានរកឃើញថា មានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕