ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញ​៖ បន្ថែម​លើ​សេចក្តីសម្រេច​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៦ ខែឧសភា​ខាងមុខនេះ គឺ​នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា រាជរដ្ឋាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានចេញ​ការណែនាំ​បន្ថែម​ដល់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​បង្កើន​កិច្ចសហការ ដើម្បី​ចាត់វិធានការ​ចាំបាច់​នានា ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។ វិធានការ​ទាំងនោះ មាន​ជាអាទិ៍ ការបិទ​ខ្ទប់​ទីកន្លែង តំបន់ ឬ​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ ឬ​ការ​កាត់ផ្តាច់​ការធ្វើដំណើ​រ​ចេញចូល​តំបន់​នោះ ការ​រឹតត្បិត ឬ​ការហាមឃាត់​ការជួបជុំ និង​ការប្រមូលផ្តុំ​មនុស្ស ការហាមឃាត់​ឬ​ការកម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ ដែលជា​ហានិភ័យ ការបន្ត​អនុវត្ត​បម្រាម​គោចរ និង​ការយក​សំណាក ជាដើម​។​

​ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​ដល់​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បន្ត​សម្របសម្រួល និង​ផ្តល់​ការគាំទ្រ​ចាំបាច់​នានា ក្នុងការ​ជំរុញ​ការអនុវត្ត យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​លឿន និង​ឆាប់រហ័ស​។ ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ណាមួយ ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​គណៈ​អភិបាល​រាជធានី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ការត្រួតពិនិត្យ ការធ្វើដំណើរ​ចេញចូល ឆ្លងកាត់​ភូមិសាស្ត្រ​បិទ​ខ្ទប់​នោះ ជាពិសេស​តំបន់​ក្រហម និង​តំបន់​លឿងទុំ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទៅ​តំបន់​ផ្សេងទៀត​។​

​ក្នុងពេល​បន្ត​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​ដល់​រាជធានី​ខេត្ត ក៏ត្រូវ​ដោះស្រាយ​បញ្ហា​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​នៅ​តំបន់​ក្រហម ដែល​ត្រូវ​បិទ​ខ្ទប់ ហើយ​សកម្មភាព​ការងារ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូចជា ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ការជួបជុំ​ផឹកស៊ី ផ្សារ ហាង​លក់​និង​សេព​គ្រឿង​ស្រវឹង ជាដើម នៅ​បន្ត​ហាមឃាត់​ដដែល​។ ក្នុងនោះ គណៈ​អភិបាល​រាជធានី​ខេត្ត ក៏ត្រូវ​ពិនិត្យ​រៀបចំ​ដាក់ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ៨​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ សម្រាប់​ភូមិសាស្ត្រ​ទាំងមូល ឬ​ផ្នែក​ណាមួយ ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាដើម​។​

​ការកត់សម្គាល់ នៅពេលនេះ ក្នុងពេល​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​៦ ខែឧសភា បានសេចក្តីថា រាជរដ្ឋាភិបាល បាន​គ្រប់គ្រង និង​កំណត់​តំបន់ ដែលមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ឬ​ហៅថា តំបន់​ក្រហម និង​តំបន់​លឿងទុំ បាន​ហើយ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ នៅពេល​កំណត់​ដឹងថា ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ផ្ទុះ​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ គឺ​រាជរដ្ឋាភិបាល បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល រយៈពេល ១៤​ថ្ងៃ ពោលគឺ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២៨​មេសា​។ ប៉ុន្តែ ១៤​ថ្ងៃនេះ នៅតែ​មិន​ធូរស្បើយ រាជរដ្ឋាភិបាល បានកំណត់​បន្ត ៧​ថ្ងៃ​ទៀត គឺ​ផុតកំណត់​ត្រឹម​ថ្ងៃទី​៥​ឧសភា តែ​រាជរដ្ឋាភិបាល បាន​គ្រប់គ្រង និង​កំណត់​មុខសញ្ញា ឬ​តំបន់​ឆ្លង​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ហើយ ដោយ​បែង​ចែកជា «​តំបន់​ក្រហម​» ដែលមាន​ការឆ្លង​ធ្ងន់ធ្ងរ «​តំបន់​លឿងទុំ​» ជា​តំបន់​ឆ្លង​មធ្យម និង «​តំបន់​លឿង​» ដែល​មិនមាន​ការឆ្លង​រាលដាល​ជំ​ងឹ​កូ​វីដ​១៩​។​

៤-៥​ថ្ងៃ​នៃ​រយៈពេល​បន្ត​បិទ​ខ្ទប់​នេះ​ទៀត ក៏​ត្រូវបាន​រាជរដ្ឋាភិបាល វាយតម្លៃ​កាន់តែច្បាស់​ទៀត ពី​ការឆ្លង​រាលដាល​សហគមន៍ ពិសេស​នៅ​ភ្នំពេញ​ថែមទៀត​។ នោះ​គឺ​ដំបូង​តំបន់​ទាំង ៣​គឺ​ក្រហម លឿងទុំ និង​តំបន់​លឿង ត្រូវបាន​បែងចែក​ជា​ភូមិ និង​សង្កាត់​ទាំងមូល​តែម្តង​។ ប៉ុន្តែ​តទៅទៀត​នេះ តំបន់​ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​បែងចែក​ជា​ភូមិ ឬក៏​បង្រួម​មក​នៅ​តូច​ជាង​មុន ត្រឹម​ប្លុក ឬ​ក្រុម ឬ​ផ្លូវ​តាម​ខ្នង​ផ្ទះមួយៗ​តែម្តង​។

​ការ​បង្រួម​តំបន់​ប្រឈម​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឲ្យ​មក​នៅ​តូច​ជាង​មុននេះ ព្រោះតែ​កន្លងមក ការកំណត់​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ធ្វើឡើង ១​ភូមិ ឬក៏​រហូតដល់ ១​សង្កាត់​តែម្តង​។ ការកំណត់​ដូច្នេះ​ទាំង​ភូមិ​ខ្លះ ឬ​ប្លុក​ផ្ទះល្វែង បុរី​ខ្លះ មិន​ទាំង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ផង ប៉ុន្តែ​អ្នក​ក្នុងភូមិ​សង្កាត់​នោះ ត្រូវ​ជាប់​បម្រាម​ដែរ​។ ឧទាហរណ៍ អ្នករស់នៅ​សង្កាត់​ចោមចៅ​ទី​១ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​ជាក់ស្តែង ក្រុម​អ្នក​រស់នៅក្នុង​បុរី​ផ្ទះល្វែង​ពិភពថ្មី ជាប់​ផ្លូវ​វេ​ង​ស្រេង ឬក៏​តំបន់​ប្លុក​ផ្សេងទៀត មិនមាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ផង ហើយ​នៅ​សង្កាត់​ចោមចៅ​ទី​១ កើត​ឆ្លង​កូ​វីដ ភាគច្រើន តែ​លើ​ក្រុមកម្មករ​កាត់ដេរ នៅ​ភូមិ​ត្រពាំង​ថ្លឹង ឬក៏​ភូមិ​ទួល​ពង្រ​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នករស់នៅ​ភូមិ​ផ្សេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ មិនមាន​អ្នក​ឆ្លង​រាលដាល តែ​ក៏ត្រូវ​ជាប់​ក្នុង​តំបន់​ក្រហម ដែល​ត្រូវ​បិទ​ខ្ទប់​ដែរ​។​

​យ៉ាងណា​ក៏ដោយចុះ នៅពេល​មានការ​បង្រួម​តំបន់​ទាំងបី​នេះ គឺ​នៅ​តំបន់​លឿង ទើប​អាចមាន​សិទ្ធិ​ធ្វើដំណើរ​ចេញពីផ្ទះ ឬ​ចេញពីរ​បាំងបិទ​ខ្ទប់​កន្លងមក​។ ចំណែក​តំបន់​លឿងទុំ នៅ​បន្ត​បិទ​ខ្ទប់​ក្នុង​របាំង ដូច​តំបន់​ក្រហម​ដែរ​។ ប៉ុន្តែ​ទោះបីជា​តំបន់​ណាក៏ដោយ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ទោះបីជា​បើ​ព្រំប្រទល់​រាជធានី​ភ្នំពេញ ឲ្យ​អ្នក​ខេត្ត អាច​ចូល​ភ្នំពេញ ឬក៏​អ្នក​នៅ​ភ្នំពេញ អាចធ្វើ​ដំណើរ​ចេញទៅ​ខេត្ត​បាន​ឡើងវិញ​ក៏ដោយ ក៏​វិធានការ​សុខាភិបាល ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​១៩ ត្រូវតែ​ធ្វើជា​ចាំបាច់ ដោយ​ខានមិនបាន​។ នោះ​គឺ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​។​

​ក្រៅពីនោះ នៅតាម​បណ្តា​ខេត្ត រាប់ទាំង​រាជធានី​ភ្នំពេញ​ផង ក៏មាន​វិធានការ​តឹងរឹង​លើ​អ្នកដំណើរ​ចូលក្នុង​ខេត្ត​រាជធានី​ភ្នំពេញ ដោយមាន​ទាំង​ការកំណត់​ឲ្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​ផងដែរ​។ នៅ​ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម រួមទាំង​បណ្តា​ខេត្ត​ផ្សេងទៀត ក៏បាន​កំណត់​រួចហើយ ពី​វិធាន​ការតម្រូវ​ឲ្យ​អ្នកដំណើរ ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡិ​ស័ក រយៈពេល ១៤​ថ្ងៃ ពិសេស​អ្នកដំណើរ​ទៅ​ពី​ភ្នំពេញ ដែលជា​តំបន់​មាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ជា​សរុប អំឡុង​ពេលនេះ ទោះបីជា​ភ្នំពេញ​បើក​របាំង​ព្រំប្រទល់​ឲ្យ​ឆ្លងកាត់ ចេញចូល​ឡើងវិញ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​យើង គួរតែ​បន្ត​កុំ​ទាន់​ធ្វើដំណើរ​ចេញទៅ​ខេត្ត ឬក៏​ពី​ខេត្ត​ចូល​ភ្នំពេញ ព្រោះថា ពេលនេះ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​យើង មិនទាន់​ថមថយ​នៅឡើយ​ទេ​។ កាលពី​ថ្ងៃទី​៤​ឧសភា ក្រសួងសុខាភិបាល ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មី ៩៣៨​នាក់ ជាសះស្បើយ ៣៦១​នាក់ និង​ស្លាប់ ម្នាក់ កាលពី​ថ្ងៃទី​៣ ខែឧសភា​។ ក្នុងនោះ នៅ​ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ តែ​ក៏មាន​អ្នកជា​សះស្បើយ ច្រើនជាងគេ​ដែរ​។ គ្រាន់តែ​អ្នក​ឆ្លង​ថ្មី​ទាំងនេះ ភាគច្រើន នៅ​តំបន់​ក្រហម ដែល​រាជរដ្ឋាភិបាល គ្រប់គ្រង និង​កំណត់​បាន​ហើយ​។ ម្យ៉ាងទៀត នៅតាម​បណ្តា​ខេត្ត​នានា ក៏​ហាក់ដូចជា កម្រើក​ឡើងវិញ លើ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នេះ​ផងដែរ​៕​សរន​