ដោយ: ពៅនិមល/ភ្នំពេញ៖ ដោយសារការប្រកាសថ្មីរបស់រាជរដ្ឋា ភិបាល នឹងបញ្ចប់ការបិទខ្ទប់ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ តទៅ ក្រសួងពាណិជ្ជកម្មត្រៀមនឹងរើស្តង់ទាំង១១ទីតាំង ហើយបញ្ឈប់សកម្មភាពលក់ចល័តតាមរថយន្ត ប៉ុន្តែទីផ្សារ អនឡាញ របស់ក្រសួងនឹងបន្តបើកជាធម្មតាដើម្បីបពេញតមរូវការរបស់ប្រជាពលរដ្ឋដដែល។ 

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី៤ ខែឧសភាកន្លងទៅថា យោងតាមសេចក្តីណែនាំថ្មីដែលរាជរដ្ឋាភិបាលប្រកាសថា នឹងបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលផ្តល់សិទ្ធិទៅឲ្យអាជ្ញាធរនាយកដ្ឋាន អាជ្ញាធររាជធានីភ្នំពេញដែលត្រូវកំណត់ថា ជាតំបន់ណាក្រហម ឬតំបន់ណាលឿងទុំ ហើយមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ស្បៀងអាហារចាំបាច់ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ ប្រសិនជាមានតម្រូវ ការចាំបាច់ អាជ្ញាធរមានសមត្ថកិច្ចអាចស្នើសុំឲ្យក្រសួងពាក់ព័ន្ធចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្គត់ផ្គង់ស្បៀងនេះ។

លោកបានឲ្យដឹងថា ក្នុងករណីមានការស្នើរសុំឲ្យជួយធ្វើអន្តរា គមន៍លក់នៅក្នុងតំបន់ណាមួយឡើងវិញនៃការកំណត់ភូមិសាស្រ្តដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលយល់ថាជាតំបន់ ដែលមានហានិភ័យខ្ពស់ហើយប្រជាពលរដ្ឋមិនអាចចេញទិញអាហារបាន ក្រសួងនឹងធ្វើប្រតិបត្តិការជូនភ្លាមឲ្យតែមានការស្នើរសុំ បានន័យថាឡានរបស់យើងមាននៅកន្លែងស្រាប់ ស្តង់របស់យើងក៏មានស្រាប់ ដូច្នេះយើងនឹងត្រៀមខ្លួនធ្វើសហប្រតិបត្តិការទៅតាមសំណើររបស់អាជ្ញាធររាជធានី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។

ចំពោះទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា “ក្រសួងនៅតែរក្សាដដែល ដោយភ្ជាប់ទំនាក់ទំនងទៅនឹងទីផ្សារផ្សេងៗទៀតដែលនៅមានជាធរមាន ហើយនេះក៏ជាកិច្ចការត្រៀមមួយដែរ ក៏ប៉ុន្តែទីផ្សារអនឡាញនេះនៅដំណើរការ ប្រសិនជាបងប្អូននៅតំបន់ក្រហម ឬតំបន់ដែលកំណត់ថ្មីដោយ អាជ្ញាធររាជធានី យោងទៅតាមសេចក្តីសម្រេចចុងក្រោយនេះ លោកមានតម្រូវការ លោកអាចធ្វើការបញ្ជាទិញទៅលើទីផ្សារ អនឡាញដដែល ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ក្រសួងពាណិជ្ជកម្មត្រូវសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដឹកជញ្ជូនឲ្យទៅដល់មាត់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ពីព្រោះក្រសួងពាណិជ្ជកម្ម អត់មានខ្ទប់ទៀតទេ បន្ទាប់ពីអាជ្ញាធរចេញសេចក្តីសម្រេចនេះ ដោយក្រសួងលែងមានសិទ្ធិធ្វើប្រតិបត្តិការនៅក្នុងតំបន់ក្រហម ឬតំបន់លឿងទុំទៀតហើយ ដូច្នេះដើម្បីទីផ្សារអនឡាញដំណើរការបានសម្រាប់តំបន់ក្រហម ឬតំបន់លឿងទុំ ឧទារហណ៍ និងចាំបាច់ត្រូវតែសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងការដឹកជញ្ជូនឲ្យដល់មាត់ទ្វាររបស់ប្រជាពលរដ្ឋ”។

គិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានលក់ស្បៀងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានអង្ករចំនួន ១ ២៤៧បាវ, មីចំនួន ៤ ៣៩១កេស, ទឹកត្រី ៥៧៤យួរ, ទឹកស៊ីអ៊ីវ ១ ២៤៤យួរ, ត្រីខ ១ ៨២៤យួរ, ទឹកសុទ្ធ ៧៩កេស, ឆៃពៅ ៣៦៦ថង់ (១Kg/ថង់) និងប្រេងខ្យងចំនួន ៤១២ដប៕