ដោយ:បាយ័ន/សៀមរាបៈ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

បុគ្គលទាំង៤នាក់ខាងលើនេះមានដូចជា:

១- ឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាបុគ្គ លិកផ្នែកលក់ឆ្នោតមហាសំណាង អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ធ្វើដំណើរមកពីភូមិសន្សំកុសល ១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គាត់បានមកដល់ភូមិសាស្ត្រខេត្តសៀមរាបនៅវេលាម៉ោង ១៨:៥៨នាទី នៅព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) ។ អនុវត្តតាមការណែនាំរបស់ក្រុមការងារនៅព្រំប្រទល់ គាត់បានទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាក។

២- ឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប បម្រើការងារនៅមន្ទីរ សម្រាកព្យាបាល គង់ រិទ្ធី II ដោយបានធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ ពីរដ្ឋបាលខេត្តសម្រេចបិទមន្ទីរសម្រាកព្យាបលនេះ។

៣- ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលគាត់បានជូនប្រពន្ធមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ សម្រាកព្យាបាល គង់ រិទ្ធី II កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចបិទមន្ទីរសម្រាកព្យាបាលនេះ។

៤- ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ អាសយ ដ្ឋាននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី មកពីខេត្តកោះកុង ជាមួយឪពុក និងម្តាយ ដែលឪពុកជាបុគ្គលិកក្រុមហ៊ុនសំណង់នៅខេត្តកោះកុង មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុង។ អ្នកបើកបរ និងអ្នកដំណើរក្នុងរថយន្តក្រុង(ក្រុមហ៊ុនអូឡាំពិច) ត្រូវបានបញ្ជូលមកមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាក និងធ្វើ ចត្តា ឡីស័កពេលមកដល់ខេត្ត សៀមរាប លើកលែងអ្នកដំណើរ៤ នាក់បានបន្តដំណើរទៅខេត្តព្រះវិហារ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន ១៦នាក់ ស្លាប់១នាក់ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬបានទៅកាន់មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕