ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាប្រឹកថ្ងៃទី ៥ ខែឧសភា​នេះបានផ្ញើសារជាសម្លេងដែលមានរយៈពេលប្រមាណ ១៥ នាទី ថ្លែងទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ,លោក វង្សី វិសុទ្ធ រដ្ឋលេខាធីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ,នាយឧត្តមសេនិយ៍ ឥត សារ៉ាត់ និង​ ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ​ដែលកំពុងដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ប្រព្រឹត្តទៅបានយ៉ាងល្អធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកើនឡើងដល់ជាង១,៥ លាននាក់ដែលត្រូវនឹង ១៥ ភាគ រយនៃចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ។ នៅក្នុងសារជាសម្លេងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាដោយដាច់ណាត់ថា៖«នៅក្នុងតំបន់ក្រហមនេះដរាបណាមិនទាន់ចាក់ វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ!»។សម្តេចក៏បានឲ្យដឹងផងដែរថាវ៉ាក់សាំងថ្មីទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី១១ឧសភាចំនួន៥០ម៉ឺន ដូស និង ថ្ងៃទី ១៥ ឧសភា ៥០ ម៉ឺនដូសបន្ថែមទៀត ។

ខាងក្រោមជាសារសម្លេងទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលរស្មីកម្ពុជាដកស្រង់មិនផ្លូវការ៖

«សម្តេចពិជ័យសេនា ទៀ បាញ់ ,ឯកឧត្តម វង្សី វិសុទ្ធ ,លោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម ឥត សារ៉ាត់ ,ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងរបស់យើងនៅក្នុងតំបន់ ក្រហមគឺប្រព្រឹត្តទៅបានយ៉ាងល្អធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកើនឡើងដល់ជាង ១,៥លាននាក់ដែលត្រូវនឹង ១៥ ភាគរយនៃចំនួនប្រជាជនដែល ត្រូវចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស។សម្រាប់នៅខាងក្នុងតំបន់ក្រហមកន្លងទៅគណៈកម្មការចំពោះកិច្ចបញ្ជូនវ៉ាក់សាំងចំនួន៩០ម៉ឺនដូសជូនទៅកម្លាំងប្រដាប់អាវុធ ដែលបានចូលចាក់នៅក្នុងតំបន់ក្រហម ។ប៉ុន្តែចំនួនតួលេខជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតំបន់នោះគឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់នេះបើយោងតាមតួលេខដែលខ្ញុំបាន ទទួលហើយដែលយើងបានដឹងទាំងអស់គ្នា ប៉ុន្តែវ៉ាក់សាំងរបស់យើងមានត្រឹមតែ ៩0 ម៉ឺនដូសប៉ុណ្ណោះ ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថានៅក្នុងតំបន់ក្រហមនេះប្រសិនបើមិនទាន់បាន ចាក់ប្រជាជនអស់យើងមិនដើរចេញនោះចោរប្រជាជនណាម្នាក់នោះទេ ចំនួន ៩០ ម៉ឺនដូសដែលបានបញ្ជូនទៅក្នុងតំបន់នេះគឺចាក់បានប្រជាជនតែត្រឹមជាង ៤០ ម៉ឺននាក់ប្រសិ នជាមានការខូចខាតមួយចំនួន ជាធម្មតាវាតែងតែមានការខូចខាតនោះហើយដែលយើងគិតថាបានចំនួនជាង ៤៤ ម៉ឺននាក់ទៅចុះ។ ដូច្នេះវាអាចនឹងមានការខ្វះជាមួយនឹងវ៉ាក់ សាំង។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាវ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ មឺននាក់នៅក្នុងតំបន់ក្រហមមិនខ្វះទេថ្ងៃទី ១១ ខែឧសភានេះនឹងមកដល់ចំនួន ៥០ ម៉ឺនដូសបន្ថែម ទៀតនៅថ្ងៃទី ១៥ ឧសភា មកដល់ ៥០ ម៉ឺនដូសទៀតនោះយើងនឹងមានចំនួនមួយលានដូសនៅក្នុងដៃបន្ថែមទៀត ។ ដូច្នេះខ្ញុំសុំស្នើទៅសម្ដេចពិជ័យសេនា បញ្ជាទៅអង្គភាព មិនត្រូវបញ្ចប់នូវដូសទី ១ ក្នុងថ្ងៃទី ១៥ ឧសភានោះទេ គឺដូសទី១ ទៅធ្វើយ៉ាងណាឱ្យហើយឲ្យអស់ប្រជាជននៅក្នុងតំបន់ក្រហមមិនថាប្រជាជនចំនួន ៥២ ម៉ឺននាក់នោះទេទោះ បី៥៣ ៥៤ ឬ ៥៥ម៉ឹននាក់ក៏យើងនៅតែមានលទ្ធភាពចាក់ជូនប្រជាជន ។ ប៉ុន្តែខ្ញុំសុំអង្វរក៏ប្រជាជនកុំឲ្យចេញពីតំបន់ជ្សេងចូលទៅក្នុងតំបន់ក្រហមដើម្បីទទួលបានវ៉ាក់សាំង ។ អញ្ចឹងទេសុំដំណើរការចាក់ជាធម្មតាហើយចាក់រួចដូសទីមួយហើយត្រូវបន្តការចាក់ដូសទី ២ មុននេះបានគ្រោងថាចាក់ដូសទីមួយត្រឹមតែអស់វ៉ាក់សាំងត្រឹម៤៥ ម៉ឺននាក់ប៉ុណ្ណោះ ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាដូសទី១ ត្រូវបញ្ចប់លុះត្រាតែអស់មនុស្សទើបអាចដូសទី ២ ចាប់ផ្ដើមឬអាចនិយាយថាដូសទី ១ នៅសល់ចំនួនមនុស្សតិចយើងអាចដំណើរការដូសទីពីរ បន្តជាមួយនឹងដូសទី ១ ។ ចំពោះការផ្គត់ផ្គង់ផ្ដល់វ៉ាក់សាំងវិញខ្ញុំសុំស្នើចំពោះឯកឧត្តម វង្សី វិសុទ្ធ ដែលជាប្រធានលទ្ធកម្មក្នុងការទិញវ៉ាក់សាំង និង លោកជំទាវ ឱ វណ្ណឌីន ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ខិតខំធ្វើយ៉ាងណាឱ្យវ៉ាក់សាំងចំនួន ៥០ ម៉ឺនដូសនេះបានមកដល់ពេលវ៉ាក់សាំង ៥០ម៉ឺនដូសនេះបានមកដល់ត្រូវពិភាក្សាជាមួយ នឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ឬ ឯកឧត្តម ឥត សារ៉ាត់ ដើម្បីទទួលបង្គ្រប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនេះឲ្យអស់តែម្ដង ។

ខ្ញុំសូមបញ្ជាក់ថាតំបន់ក្រហមគឺជាតំបន់ដែលមានហានិភ័យខ្ពស់ប្រជាពលរដ្ឋត្រូវបានបិទខ្ទប់នៅទីនោះពួកគាត់លំបាកណាស់ទៅហើយ ដូច្នេះយើងត្រូវឲ្យពួកគាត់ទទួលបានផល ប្រយោជន៍មុនគេដើម្បីបញ្ចៀសពួកគាត់ដែលនៅក្នុងតំបន់ក្រហមដែលជាតំបន់បិទខ្ទប់បន្តទៀតដោយអាជ្ញាធររាជធានីភ្នំពេញ ។ ខ្ញុំហាក់ដូចជាបានដឹងថានៅក្នុងតំបន់ក្រហមនៅ សល់១ សង្កាត់ទៀតដែលមិនទាន់បានដំណើរការចាក់វ៉ាក់សាំងនៅឡើយ ដោយសារតែខ្វះវ៉ាក់សាំងនិងក្រុមគ្រូពេទ្យ ដូចជានៅសង្កាត់គីឡូម៉ែត្រលេខ៦ឬតំបន់ណានោះ ។ដូច្នេះ ត្រូវខិតខំរៀបចំក្រុមគ្រូពេទ្យត្រៀមដើម្បីចាក់វ៉ាក់សាំងនៅពេលវ៉ាក់សាំងមកដល់ថ្ងៃទី១១ ខែឧសភានេះគឺអាចបើកមុខព្រួញទៅរកសង្កាត់ដែលមិនទាន់បានចាប់ផ្ដើមចាក់វ៉ាក់សាំង នៅឡើយ ។ ដូច្នេះបើយោងទៅលើស្ថានភាពបែបនេះនៅពេលយើងចាក់ចប់នៅក្នុងតំបន់ក្រហមហើយប្រជាជនកម្ពុជាយើងនឹងឡើងទៅដល់ជាង ២ លាននាក់នៃអ្នកដែលត្រូវ បានទទួលចាក់វ៉ាក់សាំងដែលស្មើនឹង ២០% នៃចំនួនជាង ១០ លាននាក់ដែលយើងគ្រោងនឹងចាក់ ។

អញ្ចឹងទេសូមឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ,ឯកឧត្តម ឥត សារ៉ាត់ អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមនេះបន្តកិច្ចការងារនៅក្នុងតំបន់នោះឲ្យចប់ចុងចប់ ដើម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើមនុស្សទាំងអស់ដែលស្ថិតនៅទីនោះ ជាពិសេសត្រូវសម្លឹងទៅលើជនពិការនិងជនចាស់ជរា ត្រូវយកចិត្តទុកដាក់ខ្ពស់ហើយគប្បីទទួល បានការអនុគ្រោះត្រូវអនុញ្ញាតឲ្យចូលចាក់មុនគេ ក្នុងករណីដែលមានការចាំបាច់ អ្នកដែលមានវ័យចំណាស់ឬជនពិការដែលមិនអាចចូលបានយើងអាចឆ្លៀតដើម្បីចាក់ជូនពួក គាត់នៅទីកន្លែងរបស់គាត់ ហើយកុំភ្លេចចំពោះព្រះសង្ឃនៅតាមវត្តអារាម ក៏សុំឲ្យនិមន្តព្រះសង្ឃមកចាក់ផងដែរ ព្រោះថាព្រះសង្ឃក៏ជាប្រជាពលរដ្ឋគ្រាន់តែមានការកាន់សីល កាន់ទានតែប៉ុណ្ណោះខុសពីប្រជាជនធម្មតា និយាយសរុបមកគឺយើងមិនឲ្យអ្នកណាម្នាក់នៅក្នុងតំបន់ក្រហមខ្វះវ៉ាក់សាំងដើរចេញនោះទេ ដូចជាយើងគ្រោងចក្រចំនួន៤៥ម៉ឺននាក់ យើងមាន ៥២ ម៉ឺននាក់ ឥឡូវនេះខ្ញុំអាចនិយាយបានថាទោះបី ៥៣ ម៉ឺននាក់ ៥៤នាក់ ឬ ៥៥ ម៉ឺននាក់ ឬច្រើនជាងនេះក៏យើងនៅតែមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាជននៅ ក្នុងតំបន់ក្រហមឱ្យអស់ផងដែរ ។

ខ្ញុំសូមកោតសរសើរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ ជាពិសេសក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំនៃបណ្ដាអង្គភាព កងពល និង ក្រុមគ្រូពេទ្យនៃកងយោធពលខេមរៈភូមិន្ទដែលបាន ចូលទៅជួយប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដោយមិនមានការភ័យខ្លាច ,ហើយខ្ញុំក៏សូមអរគុណផងដែរដែលបានយកជំនួយរបស់ខ្ញុំទៅចែកជូនប្រជាពលរដ្ឋដែលក្រីក្រនៅក្នុង តំបន់នោះ ។ ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋដែលបានសរសេរជាទម្រង់លិខិតមានបញ្ជូនតាមសារហ្វេសបុករបស់ខ្ញុំដើម្បីថ្លែងអំណរគុណចំពោះកងទ័ព ចំពោះក្រុមគ្រូពេទ្យ នៅក្នុងតំបន់ក្រហម ក៏ដូចជាអរគុណចំពោះរាជរដ្ឋាភិបាល នេះជាការលើកទឹកចិត្តហើយក៏ជាកិច្ចសហការដ៏ល្អរវាងអ្នកចាក់វ៉ាក់សាំងនិងអ្នកដែលត្រូវចាក់វ៉ាក់សាំងឲ្យគេបានសេ ចក្ដីថារវាងក្រុមគ្រូពេទ្យជាមួយនឹងប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង ហើយសូមបងប្អូនកុំមកប្រជ្រៀតគ្នាជាការល្អព្រោះវ៉ាក់សាំងរបស់យើងមកដល់គ្រាន់តែមុននិង ក្រោយតែប៉ុណ្ណោះ ។ ដូច្នេះការចាក់បើទោះបីថាវ៉ាក់សាំងមកដល់ទាន់ពេលក៏យើងមិនអាចធ្វើបែបនេះបានដែរ មួយថ្ងៃយើងចាក់បានក្នុងកម្រិត ៣ទៅ ៤ ម៉ឺននាក់តែប៉ុណ្ណោះបើ ដូច្នោះយើងមិនអាចសម្រុកមកទាំងបីបួនម៉ឺននាក់ក្នុងពេលតែមួយនោះទេ ត្រូវធ្វើទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋានដើម្បីធានាថាយើងចាក់ វ៉ាក់សាំងហើយនិងមិនមានការឆ្លងរាលដាលតាមរយៈការប្រជ្រៀតគ្នានោះឡើយ ។

ខ្ញុំពិតជាអរគុណចំពោះបងប្អូនជនរួមជាតិដោយយល់ដឹងច្បាស់លាស់អំពីវ៉ាក់សាំងដែលនឹងត្រូវចាក់ជូនបងប្អូនដើម្បីការពារអាយុជីវិតហើយការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ យើងមិនចាញ់បោកអ្នកណាដែលបំផ្លាញការចាក់វ៉ាក់សាំងរបស់យើងនោះទេ ដោយសារយើងមានប្រជាពលរដ្ឋចូលរួមសហការដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ប្រជាពល រដ្ឋរួចហើយ ។ យើងនឹងស្រោចទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឲ្យជន់លិចទៅដោយវ៉ាក់សាំង ។ ប៉ុន្តែដំបូងនេះយើងធ្វើនៅក្នុងក្របខណ្ឌតំបន់ក្រហម។គ្រាន់តែតំបន់ក្រហមនេះ ប្រជាជនមានរហូតដល់ជាង៥០ម៉ឺននាក់រួចហើយដូច្នេះវាមិនយូរប៉ុន្មានទីក្រុងភ្នំពេញនិងខេត្តកណ្ដាលនិងជោកជាំទៅដោយវ៉ាក់សាំងដែលយើងខិតខំរកហើយដែលមានការសហ ការជួយផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិនដែលជាប្រភពផ្ដល់ជំនួយមិនចេះរីងស្ងួតសម្រាប់យើងសម្រាប់ជំនួយក៏ដូចជាសម្រាប់ការផ្គត់ផ្គង់តាមរយៈការទិញរបស់យើងផង ដែរ ។

នេះជាសារដែលខ្ញុំផ្ញើជូនសម្រាប់សម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋរបស់យើងខ្ញុំពិតជាមានការរីករាយដែលយើងបានរៀបចំនូវគម្រោង ដំណើរការចាក់វ៉ាក់សាំងបានយ៉ាងល្អប្រសើរនិងត្រូវគោលដៅសូមអរគុណសូមគោរពលា ៕