ដោយ: ម៉េងឆៃ / ភ្នំពេញ: ចាប់តាំងពីព្រឹកថ្ងៃទី៥ឧសភា ដែលជាថ្ងៃចុងក្រោយនៃការអនុវត្តវិធានការ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងពីតាមបណ្តាខេត្ត ចូលមកភ្នំពេញ បែរជាមានអ្នកដំណើរជាច្រើនខុសធម្មតា បានព្យាយាមធ្វើដំណើរចេញពីរាជធានីភ្នំពេញ ច្រើនជាងសព្វមួយដង។
កំណើនប្រជាពលរដ្ឋ ធ្វើដំណើរចេញពីភ្នំពេញ ទៅតាមបណ្តាខេត្ត មានទាំងឡាននិងមានទាំងអ្នកធ្វើដំណើរតាម ម៉ូតូផង បានកកកុញនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមស្ទើរតែផ្លូវជាតិសំខាន់ៗ កាលពីព្រឹក រហូទដល់ព្រលប់ថ្ងៃទី៥ ខែឧសភា។
កងកម្លាំងនគរបាល ប្រចាំការនៅច្រកចេញចូលតាមផ្លូវជាតិសំខាន់ៗ បានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយចំនួន ហាក់ដូចជាយល់ច្រឡំថា នៅថ្ងៃទី៥ឧសភានេះ បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញដែលអាចបើកឲ្យចរាចរណ៍ ចេញចូលក្រុងឡើងវិញ។ ប៉ុន្តែតាមពិត គឺទាល់តែដល់ម៉ោង ១២កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៦ឧសភា ពោលគឺនៅយប់ថ្ងៃទី៥ឧសភានេះទើបនគរបាលដកប៉ារ៉ាសអនុញ្ញាតឲ្យឆ្លងកាត់ធ្វើដំណើរចេញចូលភូមិសាស្ត្រភ្នំពេញ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ មន្ត្រីកងកម្លាំង ដែលប្រចាំការអនុវត្តវិធានការបិទខ្ទប់ នៅតាមបណ្តាគោលដៅ តាមផ្លូវជាតិនានា ដែលជាច្រកចេញចូលរាជធានីភ្នំពេញ នៅតែបន្តរឹតបន្តឹងការធ្វើដំណើរចេញចូល កាលពីថ្ងៃទី៥ឧសភា ហើយប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ដែលមិនមានលិខិតស្នាមអនុញ្ញាត មិនត្រូវបានអនុញ្ញាតឲ្យចេញ ឬចូលរាជធានីភ្នំពេញឡើយ។
ក៏ប៉ុន្តែចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភានេះ គឺព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រប់ផ្លូវទាំងអស់ លែងបិទទៀតហើយ។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិធ្វើដំណើរបានដោយសេរី។
តាមមើលចរន្តនៅថ្ងៃទី៥ឧសភានេះ គឺអ្នករស់នៅភ្នំពេញ នឹងចេញទៅខេត្ត ច្រើនជាងខេត្ត ចូលមកភ្នំពេញ។ មូលហេតុ ដោយសារតែអ្នកភ្នំពេញ កាលពីពេលចូលឆ្នាំ មិនបានទៅស្រុក ហើយម្យ៉ាងទៀត មិនបានធ្វើដំណើរទៅណាហើយ បែរជាត្រូវបិទខ្ទប់ ជាប់នៅតែក្នុងផ្ទះ ហើយបើធ្វើដំណើរបាន ក៏បានជិតៗផ្ទះ អស់ពេល ៣សប្តាហ៍មកហើយ។ នេះចំពោះតែអ្នកនៅតំបន់លឿង តែបើនៅតំបន់លឿងទុំ និងតំបន់ក្រហមវិញ កាន់តែយ៉ាប់ជាងអ្នករស់នៅតំបន់លឿងជាយៗក្រុងទៅទៀត។ ដូច្នេះហើយ នៅពេលបើកក្រុងឡើងនេះ អាចនឹងមានអ្នកចេញទៅភ្នំពេញ ទៅស្រុកច្រើនគ្នា មើលទៅ។
ចំណែកអ្នកខេត្ត ចូលក្រុងវិញ ប្រហែលជាមានតិចតួច និងតែលើអ្នកដែលចាំបាច់បំផុតប៉ុណ្ណោះ ព្រោះថា ពេលនេះ ភ្នំពេញ ក្លាយជាតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនទាន់ថមថយនៅឡើយទេ។ មួយថ្ងៃៗ ចូលខ្ទង់រាប់រយនាក់ ឆ្លងកូវីដ នៅឡើយ។
ប៉ុន្តែក្នុងកាលៈទេសៈទាំងអ្នកនៅក្រុង និងទាំងអ្នកនៅខេត្ត ក៏ពុំទាន់គួរចល័ត ធ្វើដំណើរចេញ ឬក៏ចូលភ្នំពេញនោះទេ។ មូលហេតុ កូវីដមិនទាន់បាត់ឆ្លងនៅឡើយទេ។ ម្យ៉ាងតាមបណ្តាខេត្តនានា ក៏បានចាត់វិធានការតឹងរឹង រហូតដល់មានខេត្តខ្លះ តម្រូវឲ្យយកអ្នកចំណូលថ្មី ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីតាមដានសុខភាពថែមទៀត។
រូបថតៈនាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភំ្នពេញ។
យ៉ាងណាក៏ដោយ បើថា នៅតែត្រូវទៅខេត្ត ចេញពីភ្នំពេញ ឬក៏ត្រូវតែចូលមកភ្នំពេញ ក៏សូម កុំភ្លេចបណ្តាំរបស់អ្នកជំនាញសុខាភិបាលយើង ៣ ចំណុច។ ទី១-គ្រប់គ្នាបន្តអនុត្តន៍គោលការណ៍ជាចាំបាច់បំផុត «៣កុំ ៣ការពារ ចាក់វ៉ាក់សាំង និងកុំធ្វើចរាចរណ៍ ប្រសិនបើមិនចាំបាច់»។ ទី២- ទីតាំង ដែលត្រូវប្រមូលផ្ដុំមនុស្ស ដូចជា ហាងលក់ទំនិញ ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងលក់ដូររបស់របរប្រចាំថ្ងៃ ជាដើម ត្រូវមានអ្នកត្រួតពិនិត្យ បាញ់អាល់កុល វាស់កំដៅ និងត្រូវរៀបចំឲ្យអតិថិជនខ្លួនរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។ ទី៣-បុគ្គលម្នាក់ៗ សូមកុំភ្លេចខ្លួន ត្រូវចេះសម្លឹងមើលកន្លែងណា ឆ្លងខ្លាំង ឬមិនមានឆ្លង ដោយចូលរួមសហការអនុវត្តន៍វិធានការសុវត្ថិភាព ជៀសវាងចេញទៅកន្លែងបិទខ្ទប់។
ចូរកុំភ្លេចថា យើងម្នាក់ៗ មិនដឹងជាមានកើតកូវីដ ឬអត់ឡើយ។ ក្នុងនោះ ម្នាក់ៗ សុទ្ធតែគិតខ្លួនឯងថា មានសុខភាពល្អ មិនកើតជំងឺឆ្លងកូវីដនេះទេ។ ដូច្នេះក៏អាចចេញទៅស្រុកកំណើត ឬក៏ជួបជុំបងប្អូនសាច់ញាត្តិ។ ប៉ុន្តែបើសិនជាអ្នកទៅពីភ្នំពេញ ទៅលេងស្រុក លេងម្តាយឪពុក តាយាយនៅស្រុក ហើយថ្លោះធ្លោយ បែរជាខ្លួនឯងនេះ ផ្ទុកជំងឺកូវីដ១៩ ដោយមិនដឹងខ្លួន នោះគឺជាការចម្លងជំងឺដល់អ្នកផ្ទះ ដល់សាច់ញាត្តិ ពិសេសឪពុកម្តាយ តាយាយ ដែលចាស់ៗ ហើយមិនដឹងអ្វីសោះ។ ករណីនេះ មានរួចហើយ អ្នកលបលួចទៅលេងស្រុក ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដោយមិនដឹងខ្លួន។
បើសិនជាដូច្នេះមែន ករណីចម្លងនេះ គឺជាវិប្បដិសារីខ្លួនឯងមួយ ព្រោះបានចម្លងជំងឺដល់សាច់ញាត្តិនៅស្រុកហើយ ហើយបើប៉ះលើមនុស្សចាស់ ដែលមានជំងឺប្រចាំកាយស្រាប់ទៀត នោះហានិភ័យខ្ពស់ ក្នុងការបាត់បង់ជីវិត ថែមទៀតផង។
ដូច្នេះអំឡុងពេលបើកក្រុងពេលនេះ គួរណាស់តែរង់ចាំឲ្យស្ងប់កូវីដបន្តិចទៀតសិន ចាំចេញទៅលេងស្រុក ឬធ្វើដំណើរទៅខេត្ត ព្រោះយើងមើលមិនឃើញជំងឺកូវីដ ដែលឥតស្រមោលនេះទេ។ រីឯអ្នកខេត្តវិញ ក៏គួរតែបង្អង់បន្តិចទៀតសិនដែរ ចាំចូលភ្នំពេញ។ យើងអាចស៊ូទ្រាំបាន ៣-៤អាទិត្យ ដោយយកឈ្នះកូវីដដោយជោគជ័យមកហើយ ចុះហេតុអ្វី ដែលយើងមិនអាចទ្រាំបន្តិចទៀតបាននោះ?៕សរន