ដោយ៖ ពៅនិមល / ភ្នំពេញ៖ ទោះបីជាការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានី និងខេត្តកណ្តាល នឹងឈានដល់ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្រុមអាជីវករ នៅបន់លឿងទុំ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នា នឹងបន្តលក់ជូនភ្ញៀវ តាមរយៈការកម្ម៉ង់ និងវេចខ្ចប់ដដែល ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩។
លោក ឡុង សុភា អ្នកលក់កាហ្វេ ក្បែរសាលាបឋមសិក្សាបាក់ទូក បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះថា ក្រោយផ្ទុះករណីឆ្លងរាលដាល ជំងឺកូវីដ១៩ និងឈានដល់ការបិទខ្ទប់ រហូតដល់ ៣ សប្តាហ៍មកនេះ ធ្វើឲ្យលោកកាន់តែមាន ការប្រុងប្រយ័ត្ន ជាពិសេស ការប្រកបអាជីវកម្ម សព្វថ្ងៃនេះ ទោះជាមានការបើកខ្ទប់ យ៉ាងណាក្តី ក៏លោកនៅតែប្រកាន់ខ្ជាប់ ការលក់បែបនេះ រហូតដល់កូវីដ ធូរស្រាលឡើងវិញ។
ដោយឡែក អាជីវករលក់បាយ-គុយទាវ នៅក្បែរផ្សារអូរឬស្សី បានឲ្យដឹងថា ការលក់សព្វថ្ងៃ ទោះជាមិនដាច់ច្រើន ដូចពេលកន្លងទៅ យ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដំណើរអាជីវកម្ម ឡើងវិញ ក្នុងពេលនេះ ពួកគាត់សុំទទួលតែការលក់ និងកម្ម៉ង់វេចខ្ចប់ តែប៉ុណ្ណោះ ដោយមិនទទួលឱ្យភ្ញៀវ អង្គុយក្នុងហាងទេ ដើម្បីចូលរួមអនុវត្ត តាមការអំពាវនាវរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ខែឧសភា តទៅ ដោយជំនួសមកវិញ នូវវិធានការថ្មី សំដៅបង្ការការឆ្លង រាលដាលនៃជំងឺកូវីដ១៩។
តាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្តាល នឹងដាក់ចេញវិធានការ ចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ក្នុងផ្នែកណាមួយ នៃភូមិសាស្ត្រទាំងនេះ។ គណៈអភិបាលរាជធានី ខេត្ត នឹងធ្វើការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំង សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ក្នុងករណីថា នៅពេលទីតាំង នៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ជាពិសេសផ្សារ និងទីកន្លែងលក់ដូរ គ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន -អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ លើកលែងតែចំពោះ សកម្មភាពការងារ ដែលចាំបាច់បំផុត សម្រាប់បម្រើឲ្យ ភូមិសាស្ត្ររបស់ខ្លួន ឬបម្រើឲ្យប្រយោជន៍ ទូទៅប៉ុណ្ណោះ ដូចជា សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ។ល។ …៕/V