ដោយៈ មុនីរ័ត្ន/ភ្នំពេញ : នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជិត ៥០០នាក់។ក្នុងនោះបានបញ្ជូន ទៅតុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការណ៍។ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាល ផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទាំងប្រជាពលរដ្ឋផងដែរ។
រូបថតៈអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហាមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅព្រលប់ថ្ងៃទី៥ ខែឧសភានេះថា នៅក្នុងដំណាក់កាល នៃការអនុវត្តបម្រាមគោលចរក៏ដូចជាការបិទខ្ទប់ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមរសៀលថ្ងៃទី៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន ១០នាក់ , បញ្ជូនទៅតុលាការចំនួន ៣នាក់ បានធ្វើការអប់រំណែនាំចំនួន ៨៣នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣៤៩នាក់។
លោកសាន សុខសីហា បានបន្តថា ចំពោះបុរសម្នាក់ដែលលក់ដូរនៅផ្សារអូរឫស្សីលួចគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយនៅរសៀលថ្ងៃទី៤ ខែឧសភា។
គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្សទាំងនេះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសានៅក្នុងទឹកដីខណ្ឌមានជ័យពាក់ព័ន្ធករណីនាំកម្មករ ជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា នៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្ត្រា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។
(រូបថតឯកសារ)
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា និងបានបន្តពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ។ក្នុងនោះរួមមាន “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែល មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍” និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាលក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕សរន