ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គការ UNICEF Cambodia បានឱ្យដឹងថា៖ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន ១៧ ដំបូង ក្នុងពិភពលោក ដែលផ្ដល់អាទិភាព ដល់ការចាក់វ៉ាក់សាំង កូវីដ១៩ ដល់គ្រូបង្រៀន។
បើតាមទំព័រហ្វេសប៊ុករបស់ អង្គការ UNICEF Cambodia ឱ្យដឹងថា ការចាក់វ៉ាក់សាំង ដល់គ្រូបង្រៀន ទូទាំងផ្ទៃប្រទេស គឺជាជំហានមួយទៀត ក្នុងការធានាថា កុមារអាចត្រឡប់ ទៅសាលារៀនវិញ ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ មកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ ក្នុងវិស័យអប់រំ ក្នុងជំហានទី១។
បើតាមក្រសួងអប់រំ បានឱ្យដឹងដែរថា គិតដល់ត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផល នៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំង ទាំង ២ ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ព្រមទាំងបុគ្គលិក នៃអង្គការដៃគូអភិវឌ្ឍន៍ ក្នុងវិស័យអប់រំ សរុបចំនួន ១១៦.៥៦៣ នាក់ ត្រូវជា ៧៤ ភាគរយ នៃចំនួនសរុប ១៥៨.០០០ នាក់។
សម្រាប់នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំ បានចាក់វ៉ាក់សាំង ទាំង ២ ដូស ចំនួន ២៤.៨០០ នាក់ និងក្រុមការងារ បានជួយចាក់វ៉ាក់សាំង ដូសទី២ ជូនបុគ្គលិកស្ថាប័នផ្សេងៗ ប្រជាជន និងព្រះសង្ឃ បាន ចំនួន ៤៥.៤០០ នាក់៕/V