ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរ អោយម្ចាស់ភាស៊ីចំណត នៅស្រុកថ្មពួក បញ្ឈប់ការយកភាស៊ី លើគោយន្ត ដោយធ្វើកិច្ចសន្យាមួយ និងអោយបង្ហាញឯកសារគតិយុត្តិ ទាក់ទិននឹងអាជីវកម្ម លើភាស៊ីចំណតនោះ ។
លោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ រស្មីកម្ពជា កាលពីថ្ងៃទី៤ ខែឧសភាថា៖ នីតិវិធី វិធានរដ្ឋបាល បានធ្វើលើលោក គី ជា ម្ចាស់ភាស៊ីចំណត ស្រុកថ្មពួក ហើយ ។ អាជ្ញាធរស្រុកថ្មពួក បានកោះហៅម្ចាស់ភាស៊ីចំណត ខាងលើ មកសួរនាំ និងធ្វើកិច្ចសន្យា និងផ្តល់ឯកសារដូច្នោះ គឺបន្ទាប់ពីប្រជាកសិករ ប្រកបរបរដាំ និងដឹកដើមដំឡូងមី តាមគោយន្តម្នាក់ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបង្ហោះក្នុងហ្វេសប៊ុក ដែលញ្ចេញនូវការថ្នាំងថ្នាក់ និងខឹងសម្បារ ចំពោះឈ្មោះ គី ជា (លោកវរសេនីយ៍យោធា ដែលជាមន្ត្រីយោធា នៃក្រុមការងារទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ ច្រកតំបន់ព្រំដែន បឹងត្រកួន នៃយោធភូមិភាគទី៥) និងក៏ជាជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួក (មានទីតាំងងនៅរង្វង់មូល បឹងត្រកួន ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ផង និងនៅលើផ្លូវជាតិលេខ៥៦ ឃុំគំរូ ផង នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ) ។
កសិករ និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “កសិករដាំដំឡូងមី” នោះគឺលោក សំ ផុកយ៉ាន់ ហៅ ធួក រស់នៅភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ។
លោកបានសរសេរថា៖ ” ក្នុងនាមកសិករដ៏ល្ងង់ខ្លៅ ចង់សួរបងប្អូន នៅទូទាំងប្រទេសកម្ពុជាថា តើមានបេន ដកភាស៊ីគោយន្តកន្ត្រៃ ដូចស្រុកខ្ញុំអត់ ខាងខ្ញុំមានហើយ គ្រាន់តែគោយន្ត ដឹកដើមដំឡូង ចេញពីចំការកាត់រង្វង់មូលបឹងត្រកួន បងៗភាស៊ី ទារលុយពីអ្នកបើកបរគោយន្តដែរ ” ។
ក៏ភ្ជាប់ជាមួយរូបថតខ្លួន និងប័ណ្ណភាស៊ីចំណត ដែលមានសរសេរ អក្សរថា (មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក) ប័ណ្ណភាស៊ីចំណត រថយន្តស្រុកថ្មពួក និងសាខាបឹងត្រកួន រថយន្តតំលៃ ២.០០០ រៀល។ ពោលគឺបានសរសេរបង្ហោះ ជាមួយខ្លឹមសាររិះគន់ និងសំណូមពរ ដល់អាជ្ញាធរមានមានសមត្ថកិច្ច ក្នុងស្រុកថ្មពួក និងក្នុងខេត្តបន្ទាយមានជ័យ មេត្តាត្រួតពិនិត្យលើករណី ដែលប៉ះពាល់លោកផង និងពលរដ្ឋឯទៀត ជាច្រើននាក់នោះផង ។
ជាដំណោះស្រាយលើបាតុភាពនេះ លោក អែម សុខា បានចាត់វិធានការ ២៖ ទី១ / អោយលោក គី ជា ម្ចាស់ភាស៊ីចំណតស្រុកថ្មពួក ធ្វើកិច្ចសន្យាមួយ ដែលមានផ្តិតមេដៃ ដែលមានសេចក្តីថា ” ខ្ញុំបាទឈ្មោះ គី ជា អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណ លេខ ១៩០៧០៤៧៩៩ មានទីលំនៅ ភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខ្ញុំបាទជាម្ចាស់ភាស៊ីចំណត រថយន្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សូមធ្វើកិច្ចសន្យា បញ្ឈប់ការយកភស៊ី ចំពោះប្រជាពលរដ្ឋ ដែលដឹកកសិផល តាមគោយន្តកន្ត្រៃ ។ ថ្ងៃក្រោយទៅ បើមានករណីយកភាសុី ពីពលរដ្ឋដែល ដឹកកសិផល តាមគោយន្តកន្ត្រៃ ខ្ញុំបាទសូមទទួលខុសត្រូវ ចំពោះមុខច្បាប់ ” ។ ថ្មពួក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។
ទន្ទឹមនឹងនោះ លោក គី ជា ក៏បានផ្តល់ឯកសារគតិយុត្តិនានា ដែលបញ្ជាក់ពីភាពត្រឹមត្រូវ ស្របច្បាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ពីអាជ្ញាធរដែនដីគ្រប់ថ្នាក់ ទាក់ទិននឹងអាជីវកម្ម លើភាស៊ីចំណតរថយន្ត នៅស្រុកថ្មពួក ហើយក៏មានឯកសារបញ្ជាក់ ពីលិខិតប្រគល់សិទ្ធិ និងទទួលបានសិទ្ធិ នៃកិច្ចសន្យា ស្តីពីការវិនិយោគ សាងសង់ និងធ្វើអាជីវកម្ម ភាស៊ីចំណតរថយន្ត ក្នុងស្រុកថ្មពួកនេះ ពីឈ្មោះ ភ្លន់ ចំរើន អ្នកម្ចាស់មុន ក្នុងលិខិតចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ផងដែរ ។
លោកអភិបាលស្រុក ក៏បានធ្វើរបាយការណ៍បំភ្លឺមួយ ពីបាតុភាពនេះ ជូនលោកអភិបាលខេត្តបន្ទាយមានជ័យផងដែរ ។
ដោយសារលោក មិនបានឆ្លើយបំភ្លឺ កាលពីសារព័ត៌មាន ដែលបានសួរកន្លងមក ទើបនៅថ្ងៃទី៥ ខែឧសភា លោក គី ជា បានប្រាប់ រស្មីកម្ពុជា តាមទូរស័ព្ទថា៖ ករណីទារភាស៊ី ពីពលរដ្ឋដឹកកសិផល ក្នុងស្រុកនោះ លោកសូមទទួលខុសទាំងស្រុង ហើយក៏មិនអោយកើតមាន នៅលើកក្រោយទៀតដែរ។
ប៉ុន្តែលោកបានបញ្ជាក់ថា ក្នុងសៀវភៅបន្ទុក បានអនុញ្ញាតអោយយកភាស៊ី ពីការដឹកតាមគោយន្ត បានដែរ ហើយយកតម្លៃ ៥.០០០ រៀល ក្នុង១គោយន្តកន្ត្រៃ ព្រោះវាដឹកបានច្រើនដែរ។ ដូចករណី គោយន្ត ដឹកដើមដំឡូងមី ដែលមានបញ្ហា គឺគាត់ដឹកបំបែក ពីរថយន្តធំ ទើបបានជាត្រូវយកភាស៊ី ៕/V