ដោយ: បាយ័ន / សៀមរាប: រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរជាបុគ្គលិកក្រុមហ៊ុនឱសថស្ថាន វត្តី។ ជាមួយគ្នានេះ តាមការសាកសួរប្រវត្តិធ្វើដំណើររបស់រដ្ឋបាលខេត្តប៉ៃលិន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២១។
ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលផ្ទះសំណាក់ ប៊ុនថា II ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕