ដោយ:ដេប៉ូ/ភ្នំពេញ: រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេងសួរ បានថ្លែងថាក្រោយ បញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាលហើយរោងចក្រនៅតំបន់លឿងមួយចំនួនអាចបើកដំណើរការឡើងវិញនោះ ចាំបាច់ត្រូវអនុវត្តនូវវិធានការដោយក្នុងនេះត្រូវ បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តង។

ក្នុងសារមួយដែលលោក ហេងសួរបានផ្ញើរទៅកាន់ ថ្នាក់គ្រប់គ្រង រោងចក្រ និងម្ចាស់រោងចក្រនាយប់ថ្ងៃទី៥ខែឧសភា បានបញ្ជាក់ដោយឱ្យស្នើសុំឱ្យពិនិត្យខ្សែសង្វាក់គ្រឿងម៉ាស៊ីនឡើងវិញដើម្បីសុវត្តិភាពដល់ផលិតកម្ម ។ក្រៅពីនេះក៏ត្រូវពិនិត្យទៅលើប្រព័ន្ធសុវត្តិភាពដល់កម្មករដោយមានម៉ាស អាល់កុលគ្រប់គ្រាន់ កន្លែងបរិភោគបាយជាដើម។ថ្នាក់គ្រប់គ្រងរោងចក្រត្រូវចេះបែងចែកម៉ោងដើម្បីកុំឱ្យកម្មករចូលនិងចេញម៉ោងតែមួយនាំឱ្យប្រជ្រៀតគ្នាជា កត្តាប្រឈមខ្ពស់ទៅនឹងការចម្លងមេរោគកូវីដ១៩។សម្រាប់កន្លែងបរិភោគអាហារក៏ត្រូវចេះបែងចែកពេលវេលាដើម្បីធ្វើយ៉ាង ណាចៀសវាងបញ្ហាប្រឈមកើតឡើង។ជាមួយគ្នាគេអាចណែនាំ ឱ្យកម្មករវេចខ្ចប់ម្ហូបអាហារមកបរិភោគខ្លួនឯងក៏ជាការមួយល្អផង ដែរ។

លោកបានធ្វើការក្រើនរំលឹកថា “បើទោះបីយើងផ្តើមត្រឹមតែ៥០ ភាគរយក៏ដោយ ប៉ុន្តែពេលមកបរិភោគអាហារប្រជ្រៀតគ្នានេះវាអាចជាបញ្ហា។អញ្ចឹងគួរគិតគូរ និងពេលនេះការចាក់វ៉ាក់សាំងកំពុងដំណើរការមិនទាន់គ្រប់១០០ភាគរយអញ្ចឹងបើប្អូនយើងចេញទៅទិញម្ហូបជុំវិញរោងចក្រ គួរពិនិត្យមើលនិងប្រយ័ត្នប្រយែង”។

យ៉ាងណាក្តី លោក ហេង សួរ បានមានប្រសាសន៍ដែរថាចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកម្មករនិយោជិតយ៉ាងយូរ ពាក់កណ្តាលខែ៦នេះនឹងបញ្ចប់ការចាក់វ៉ាក់សាំងបងប្អូនកម្មករនៅតំបន់ក្រហម និងបន្ទាប់មកនឹងចាក់ដល់បងប្អូនកម្មករនៅតំបន់លឿងបន្តទៀត។

ជាមួយគ្នានេះលោកហេងសួរបានឆ្លើយតបចំពោះថ្នាក់គ្រប់គ្រង រោងចក្រមួយចំនួនដែលចង់បើកដំណើរការឡើងវិញឆាប់រហួសនោះចាំបាច់ត្រូវតែអនុវត្តវិធានការក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបើពុំនោះទេនឹងប្រឈមបិទទៅវិញជាក់ជាពុំខានដោយ ្សារថានៅពេលមានបញ្ហាកើតឡើងដល់កម្មករនោះនឹងតរូវបិទទៅវិញចៀសពុំរួចឡើង។ហេតុនេះត្រូវពង្រឹងលើសុវត្តិភាពទើបការបើកដំណើរការបានយូរអង្វែង។

លោក ហេង សួរ បានផ្តាំផ្ញើរដល់ថ្នាក់គ្រប់គ្រងរោងចក្រចាំបាច់ត្រូវចេះបែងចែកវេនកម្មករ ការពិនិត្យទៅយន្តការផ្ទៃក្នុងលើសុវត្តិភាព ឱ្យត្រឹមត្រូវធ្វើយ៉ាងណាត្រូវតែផ្តើមដោយសុវត្តិភាព ផ្តើមដោយនិរន្តភាពដែលអាចដំណើរការបានយូរអង្វែង និងសង្វាក់ផលិតកម្មរឹងមាំសម្រាប់ការនាំចេញ។

គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការប្រឹក្សាការងារស្តីពីបើកដំណើរការ សកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាលកាលពីថ្មីៗមកនេះ បានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការ ឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តងនិងផ្តល់ អទិភាពចំពោះ កម្មករនិយោជិត ណាដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។

បើយោងតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំដែលបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែ ឧសភាបានបញ្ជាក់ថា ក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖

ក. វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមាននៅតាមរោងចក សហគ្រាសអង្គប្រជុំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី កំណត់នូវលក្ខណវិនិច្ឆ័យក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញនូវរោងចក្រ សហគ្រាស ដែល មានកម្មករនិយោជិតឆ្លងជំងឺកូវីដ-១៩។

ខ.កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

១. បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តង។ ការជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១ (២សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាពទៅលើ កម្មករនិយោជិតដែល (១) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២, (២) បានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដូសទី១ (៣) មិនស្ថិតនៅក្នុងតំបន់ដែលតម្រូវឱ្យផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ឬ (៤) បានផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ (មានចុងលិខិតបញ្ជាក់ដោយក្រុមគ្រូពេទ្យមានសមត្ថកិច្ច យកសំណាក ឬដោយពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២. ផ្តល់ប្រាក់ឈ្នួលចំនួន ៥០ភាគរយ នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ប្រចាំខែផ្សេងៗ ដែលកម្មករនិយោជិតធ្លាប់ទទួលបាននាពេលកន្លងមក) ដោយរក្សា ទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដូចជា ការថែមម៉ោងចំនួន ២ម៉ោងក្នុង១ថ្ងៃ និងការ ថែមម៉ោងនៅថ្ងៃអាទិត្យ ។ល។ របស់កម្មករនិយោជិត។

៣.ផ្តល់ម៉ាសយ៉ាងតិចចំនួន ១ ដល់កម្មករនិយោជិតនៅក្នុងអំឡុងម៉ោងការងារ និងត្រូវណែនាំឱ្យកម្មករនិយោជិត ពាក់ម៉ាសជាប្រចាំនៅក្នុងកន្លែងការងារ និងពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។

៤. រៀបចំឱ្យមានការបាញ់អាល់កុលលើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅមុនពេលចូលធ្វើការ និងក្រោយ ពេលអាហារថ្ងៃត្រង់ បន្ថែមឧបករណ៍បាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម និងសាប៊ូលាងដៃនៅក្នុង បន្ទប់ទឹក។ បាញ់អាល់កុលម្តងទៀតនៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។

៥. បែងចែកវេនសម្រាប់ការបរិភោគអាហារថ្ងៃត្រង់របស់កម្មករនិយោជិតផ្សេងៗគ្នា និងរៀបចំឃាំងរនាំ (ប្រសិន បើអាច) ឬរក្សាបាននូវគម្លាតសុវត្ថិភាពនៅពេលអង្គុយបរិភោគអាហារថ្ងៃត្រង់ ព្រមទាំងលើកទឹកចិត្តឱ្យកម្មករ និយោជិតយកអាហារ ពីផ្ទះមករៀងៗខ្លួន ជៀសវាងការចេញទៅទិញអាហារនៅខាងក្រៅរោងចក្រ។

៦. រៀបចំឱ្យមានច្រកចេញចូលបន្ថែម ឬបែងចែកពេលវេលា ឬមធ្យោបាយដែលអនុញ្ញាតឱ្យកម្មករនិយោជិត ដែលមកបំពេញការងារអាចចេញចូលរោងចក្រ និងទីតាំងផលិតកម្មបានដោយសុវត្ថិភាព និងមិនមានការប្រជ្រៀតគ្នា។

៧. គ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូលក្នុងទីតាំងផលិតកម្មឱ្យបានល្អ និងរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគជា ប្រចាំសប្តាហ៍។

៨. ជួយសម្របសម្រួលកម្មករនិយោជិត ក្នុងការចរចាជាមួយអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតឱ្យផ្ដល់ អាល់កុលលាងដៃមុនពេលឡើងយានយន្ត និងលាងសម្អាតយានយន្តនៅពេលដាក់កម្មករនិយោជិតចុះជាដើម៕