ដោយ:សរិទ្ធ/ត្បូងឃ្មុំ: ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិស្ថាន មកធ្វើការ ឬ មកលេងសាច់ញាតិត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាកំហិត ។ នេះជាប្រសាសន៍របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ តាមបណ្តាញសង្គម Facebook ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការ «បិទខ្ទប់» ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដែលប្រជាពលរដ្ឋមួយចំនួន ត្រូវបានគេរំពឹងថា នឹងចាកចេញពីរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ទៅតាមបណ្តាខេត្តមួយចំនួន ។

ជាវិធានការរដ្ឋបាល នោះ ខេត្តនីមួយៗ នឹងមានវិធានការចំពោះពលរដ្ឋដែលធ្វើដំណើរចូលខេត្តរបស់ខ្លួន មានជាអាទិ៍ខេត្តត្បូងឃ្មុំ ជាដើម បានប្រកាសហើយថា «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិឋាន មកធ្វើការ ឬ មកលេងសាច់ញាតិត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាកំហិត»៕