Home ព័ត៌មានជាតិ សង្គម អង្គការ WCS ប...

អង្គការ WCS បង្ហាញ​របាយការណ៍រ​បស់​ខ្លួន ក្នុង​រយៈពេល ១ សប្តាហ៍​ចុងក្រោយ ក្នុងព្រៃ នៃ​ខេត្តមណ្ឌលគិរី​

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ កាលពី​សប្តាហ៍​កន្លងទៅ ក្រុមការងារ​ស្រាវជ្រាវ សត្វព្រៃ នៃ​អង្គការ WCS សហការ​ជាមួយ សហគមន៍​មូលដ្ឋាន​បាន​ចុះ​បំពេញការងារ ទីវាល នៅតាម​តំបន់ សំខាន់ៗ មួយចំនួន ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ស្វែង​រកមើល​អន្ទាក់ ដែល​ពួក​ព្រាន បានដាក់​ខុសច្បាប់ ដើម្បី​ចាប់​សត្វព្រៃ និង​ស្រាវជ្រាវ​បន្ថែម អំពី​វត្ត​មាននៃ​ប្រភេទ​សត្វព្រៃ ដែលមាន ដោយ​កម្រ និង​ជិត​ផុត​ពូជ​។ នេះ​បើតាម​អង្គការ WCS បានឱ្យដឹង តាម​របាយការណ៍ របស់ខ្លួន ក្នុង​រយៈពេល ១ សប្តាហ៍​ចុងក្រោយ ក្នុងព្រៃ នៃ​ខេត្តមណ្ឌលគិរី​។​

​ប្រភពពី​អង្គការ WCS បាន​បញ្ជាក់ថា ក្រុមការងារ បាន​ចំណាយពេល​ចំនួន​មួយ​សប្តាហ៍ ដើរ​រុករក​តាម​តំបន់​គោលដៅ​សំខាន់ៗ និង​ដោះ​បាន អន្ទាក់​ចំនួន ៣១ អន្ទាក់ ដែល អន្ទាក់​ទាំងនេះ គឺជា​កត្តា​គំរាមកំហែង​ដ៏​ធំ​មួយ រួមចំណែក​ក្នុងការ សម្លាប់​សត្វព្រៃ គ្រប់​ប្រភេទ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​។​

​ក្រុមការងារ ក៏បាន​ត្រឡប់​ទៅកាន់​ទីតាំង​ចាស់ ដែល​ពួកគេ បានដាក់​បង្កប់​ម៉ាស៊ីន​ថត សត្វព្រៃ​ស្វ័យ ប្រវត្តិ​ចំនួន ១០ គ្រឿង កាលពី​ខែមីនា កន្លងទៅ ដើម្បី​តាមដាន​វត្តមាន នៃ​ប្រភេទ​សត្វព្រៃ ដែលមាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​បំផុត​និង​បាន​ដោះយក​ម៉ាស៊ីន​ថត ទាំងនោះ ចំនួន ៨​គ្រឿង ត្រឡប់មក​ការិយាល័យ​វិញ ដើម្បី​ទាញយក​ទិន្នន័យ​។​

​មាន​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួន ត្រូវ​ថត​បាន​ដោយ ម៉ាស៊ីន​ថត​សត្វព្រៃ​ស្វ័យប្រវត្តិ ក្នុងកំឡុងពេល​ពី​ខែមីនា ដល់​ចុងខែ​មេសា កន្លងទៅ​។ ប្រភេទ​សត្វព្រៃ​សំខាន់ៗ ទាំងនោះ រួមមាន​៖ ប្រើស ខ្ទីង ស្វា​ត្រោស ឈ្លូស ជ្រូកព្រៃ កាំប្រមា ក្ងោក ស្វាអង្គត់ ស្តេច​កូ​លី​ត និង​ស្កា​ធំ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular