Home ព័ត៌មានអន្តរជាតិ ស្ត្រី​ម៉ាលី​...

ស្ត្រី​ម៉ាលី​ដែល​សម្រាល​កូនភ្លោះ ៩ នាក់​មាន​សុខភាព​ល្អ​ធម្មតា​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្លីនិក​ម៉ារ៉ុក​ដែល​ជា​កន្លែង​នាង​សម្រា​ល​កូន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០៥​ឧសភា​ថា ស្ត្រី​ជនជាតិ​ម៉ាលី​ម្នាក់ ដែល​សម្រាល​កូនភ្លោះ​នៅឯ​ប្រទេស​ម៉ារ៉ុក មាន​សុខភាព​ល្អ​ធម្មតា ហើយ​ទារក​ទាំង ៩ នាក់​របស់​នាង​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​កែវ​ចិញ្ចឹម ដោយសារ​ទម្ងន់​របស់​ពួកគេ​។​

​សាស្ត្រាចារ្យ យូ​សេ​ហ្វ អា​ឡៅ​អ៊ុយ ជា​នាយក​វេជ្ជសាស្ត្រ​នៃ​គ្លីនិក​អា​អ៊ី​ន​បូ​ចា​ក្នុង​ទីក្រុង​កា​សា​ប្លាន់​កា បាន​និយាយថា ករណី​នៃ​ការ​មាន​កូនភ្លោះ​ច្រើន​បែប​នេះ​គឺ “​កម្រ​និង​ពិសេស​ខ្លាំង​ណាស់​”​។​

​ឯតទគ្គ​កម្ម​ពិភពលោក​ដែល​បាន​បញ្ជាក់​សម្រាប់​កំណើត​កូន​រស់​ច្រើនជាងគេ​គឺ ៨ នាក់​ដែល​កើត​ជាមួយ​ស្ត្រី​ជនជាតិ​អាម៉េរិក​ឈ្មោះ ណា​ឌី​យ៉ា ស៊ូ​ឡេ​ម៉ាន ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “​ម្តាយ​មឹក​” ក្នុង​ឆ្នាំ ២០០៩ ពេល​នាង​មាន​អាយុ ៣៣ ឆ្នាំ​។​

​លោក​អា​ឡៅ​អ៊ុយ​និយាយថា ម្តាយ​ជនជាតិ​ម៉ាលី​អាយុ ២៥ ឆ្នាំ​ឈ្មោះ ហា​លី​ម៉ា ស៊ី​ស​សេ មក​ពី​ភាគ​ខាងជើង​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច​ដ៏​ក្រីក្រ​នេះ គឺ​មាន​សុខភាព​ល្អ​ធម្មតា​។​

​លោក​អា​ឡៅ​អ៊ុយ​បាន​បន្ថែមថា ទារក​មិនទាន់​គ្រប់​ខែ​របស់​នាង ដែល​មាន​ទម្ងន់​ត្រឹមតែ ៥០០ ក្រាម និង ១ គីឡូក្រាម នឹង​ត្រូវ​មើល​ថែ​ក្នុង​កែវ​ចិញ្ចឹម​រយៈពេល ២ ទៅ ៣ ខែ​។​

​ស៊ី​ស​សេ​មាន​ផ្ទៃពោះ ២៥ សប្តាហ៍​នៅ​ពេល​បញ្ជូន​ចូល​មន្ទីរពេទ្យ ហើយ​បុគ្គលិក​ពេទ្យ​អាច​ជួយ​ពន្យារ​ការ​ពរ​ពោះ​បាន​ដល់ ៣០ សប្តាហ៍​រហូតដល់​ការ​សម្រាល​ចាប់ផ្តើម​។​

​ក្រុមគ្រូពេទ្យ ១០ នាក់​ដែល​ជួយ​ដោយ​បុគ្គលិក​ពេទ្យ ២៥ នាក់​ទៀត​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការ​សម្រាល​កូនស្រី ៥ នាក់​និង​ក្មេងប្រុស ៤ នាក់​នេះ​។​

​រដ្ឋាភិបាល​ម៉ាលី​បាន​ជួយ​ដឹក​នាង​ស៊ី​ស​សេ​តាម​យន្តហោះ​ទៅកាន់​ម៉ារ៉ុក​ដើម្បី​ទទួលបាន​ការថែ​ទាំ​ល្អប្រសើរ​កាលពី​ថ្ងៃទី ៣០ ខែ​មីនា​។ ដំបូង​ឡើយ គេ​ជឿ​ថា នាង​មាន​កូនភ្លោះ ៧ នាក់​ក្រោយ​ឆ្លុះ​អេកូ​។​

​ករណី​ដែល​ស្ត្រី​អាច​ពរ​ពោះ​កូនភ្លោះ​៧​នាក់​ដោយ​ជោគជ័យ​គឺជា​រឿង​កម្រ​ណាស់ ហើយ​ការ​ដែល​អាច​ពរ​ពោះ​កូន​៩​នាក់​ដោយ​ជោគជ័យ គឺ​រឹតតែ​ជា​រឿង​កម្រ​ខ្លាំង​។​

​ក្រសួង​សុខាភិបាល​ម៉ាលី​បាន​និយាយថា នាង​ស៊ី​ស​សេ​បាន​សម្រាលកូន​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ឧសភា​ដោយ​ការវះកាត់​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ម៉ាលី ក្រុមគ្រូពេទ្យ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​នាង​ក៏ដូចជា​ឱកាស​រស់រាន​របស់​ទា​រក​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ម៉ាលី​លោក ហ្វា​ន់តា ស៊ី​ប៊ី បាន​អបអរសាទរ​ចំពោះ “​ក្រុមគ្រូពេទ្យ​នៃ​ប្រទេស​ម៉ាលី​និង​ម៉ារ៉ុក​ដែល​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​គឺជា​ប្រភព​ដើម​នៃ​លទ្ធផល​រីករាយ​នៃ​ការ​ពរ​ពោះ​មួយ​នេះ​”៕

​បុគ្គលិក​ពេទ្យ​ម៉ារ៉ុក​កំពុងតាមដាន​មើលទា​រក​ទាំង​៩​នាក់​ដែល​រស់នៅ​ក្នុង​កែវ​ចិញ្ចឹម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular