Home ព័ត៌មានសំខាន់ៗ ពាក្យ​ចចា​ម​អ...

ពាក្យ​ចចា​ម​អារាម ថា​សាច់គោ​ផ្សារ​កែវ​សីមា មាន​រសជាតិ​ចត់​

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ ពាក្យ​ចចា​ម​អារាម តមាត់​គ្នា​មិន​ឈប់ ថា​សាច់គោ តាម​តូប​មួយចំនួន ដែល​កំពុង​ចរាចរ​តាំង​លក់ ក្នុង​ផ្សារ​កែវ​សីមា មាន​រសជាតិ​ចត់ ខុស​ប្រក្រតី​… និង​លួច​នាំចូល​ពី​ប្រទេស ជិតខាង​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះ​ស្រាវជ្រាវ​ពិនិត្យ​បញ្ហា និង​ស្រាវជ្រាវ​បន្ទាន់​។​

​ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ ក្រុ​ការងារ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ( ក​.​ប​.​ប​. ) ខេត្ត​មណ្ឌល​គី​រី បាន​ចុះ​អង្កេត​ស្រាវជ្រាវ ដល់ទី​កន្លែង ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ ។​

​លទ្ធផល​៖ តាម​ការសាកសួរ​ព័ត៌មាន ពី​អ្នកលក់ (​ភាគច្រើន​ជា​ជនជាតិ​ចាម​) សាច់គោ ដែល ដាក់លក់ មាន ៣ ប្រភព​គឺៈ​
១. បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​អ្ម​កកាប់​គោ​ដែល​គាត់​ចិញ្ចឹម ឬ​ទិញ​បាន​យកមក ដាក់លក់ ។
២. សាច់គោ​ដែល​នាំយក​មកពី​ភ្នំពេញ ឬ ពី​តំបន់​ផ្សេង ដែលមាន​ចំនួន​តិចតួច ហើយ​ពេលនេះ គឺ​មិនមាន​ទេ ព្រោះ​ជា​ពេលវេលា ដែល​បិទ​ខ្ទប់​តាម​តំបន់ និង​ការ ចរាចរណ៍​ឆ្លងខេត្ត ។​
៣. សាច់គោ​នាំចូល មកពី​ប្រទេសជិតខាង ដែល​គ្មាន​ប្រភព​ច្បាស់លាស់ (​មិន​ផ្លូវការ​) ហើយ​ពេលនេះ គឺ​មិនមាន​ទេ ព្រោះ​ជា​ពេលវេលា ដែល​បិទ​ខ្ទប់​ការឆ្លង​ព្រំដែន ។​

– ក្នុងករណី​ពីមុនមក មានការ​នាំចូល​សាច់គោ ពី​ប្រទេសជិតខាង​មែន​នោះ​ជា​សមត្ថកិច្ច របស់ កំលាំង​ជំនាញ ដែល​ឈរជើង នៅតាម​មាត់ច្រក​ព្រំដែន ។ តែបើ​ផ្អែក​តាម​វិធាន ពាណិជ្ជកម្ម យើង​មិនមាន​សិទ្ធិ​ហាមឃាត់ ការនាំ​ចូល​ពី​ក្រៅប្រទេស​នោះទេ លើកលែង តែ យើង​បាន​រកឃើញ ហេតុផល តាមបែប​វិទ្យាសាស្ត្រ ជាពិសេស​គឺ​ការប៉ះពាល់ ដល់​សុខភាព​អ្នកប្រើប្រាស់ មិនមែន​សំអាង តាម​ព័ត៌មាន ដែល​បានទទួល​នោះទេ ។

– ចំពោះ​ការប្រែប្រួល​រសជាតិ គឺអាច​កើតមានឡើង បណ្តាលមកពី​មូលហេតុ ចំនួន ២ គឺៈ​
១. សាច់គោ​ដែល​ដាក់លក់ ដោយ​ខ្វះ​អនាម័យ ឬ​លក់​មិន​អស់ ហើយ​រក្សាទុក​មិន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស នៃ​ការ​រក្សាទុក​ម្ហូបអាហារ ទើប​បណ្តាល​ឲ្យ​មានការ​ប្រែប្រួល គុណភាព ពណ៌ រូបរាង ក្លិន និង​រសជាតិ ។ សាច់​ប្រភេទ​នេះ យើង​ងាយ​សម្គាល់​បាន ជាបឋម​គឺ តាមរយៈ​ពណ៌ រូបរាង និង ក្លិន​តែម្តង មុននឹង​ឈានទៅដល់​ការ​ភ្លក្ស​រសជាតិ ។​

២ .​សាច់គោ​ដែល​លក់​មិន​អស់ ហើយ​រក្សាទុក ដោយ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ដើម្បី​រក្សា​ពណ៌ និង​រូបរាង​ខាងក្រៅ តែ​មិនអាច​រក្សា​គុណភាព ក្លិន និង​រសជាតិ​បានទេ ។ សាច់​ប្រភេទ​នេះ យើង​មិនអាច​សម្គាល់ ដោយ​ភ្នែក​ទទេ បានឡើយ ។ យើង​អាច ដឹងបាន តាមរយៈ​ការធ្វើ​តេស្ត​បឋម មុននឹង​ឈានទៅដល់ ការ​បញ្ជូនទៅ​មន្ទីរពិសោធន៍​។​

– បាន​យក​សាច់គោ​មួយចំនួន ដោយ​វិធីសាស្ត្រ​ចៃដន្យ មក​ធ្វើតេស្ត​បឋម ដើម្បី​រក សារធាតុ​គីមី ដែល​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់ បន្ថែម​លើ​ម្ហូបអាហារ ជាពិសេស​ការ ប្រើប្រាស់ សារធាតុ​គីមី ក្នុងការ​រក្សាទុក​ឲ្យ​បានយូរ ជា​លទ្ធផល គឺ​អវិជ្ជមាន​តែ​ការដាក់ តាំង​លក់ គឺ​ពុំ​អាច​គោរព​បាន ១០០% ទៅតាម​វិធាន​អនាម័យ ទាំងស្រុង​បាន​នៅ ឡើយ​ទេ ។​

– ជាប្រចាំ​ថ្ងៃ សាច់គោ​ភាគច្រើន ត្រូវបាន​លក់​អស់ទាំង​ស្រុង តាំងពី​ពេល​ថ្ងៃត្រង់ មាន​ថ្ងៃ​ខ្លះ សល់​ដល់ពេល​រសៀល ឬ​ពេល​ល្ងាច​ផងដែរ ។ ក្នុងករណី​ដែល​នៅសល់ បន្តិចបន្តួច គាត់​ទុក​បរិភោគ ក្នុង​គ្រួសារ ឬ​យកទៅ​ធ្វើជា​ងៀត​គោ ។​

​មន្ទីរជំនាញ​ខាងលើ បាន​អំពាវនាវ ជួយ​ផ្សព្វផ្សាយ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ចាប់ ផ្តើម ពី​ខ្លួន​យើង​ម្នាក់ៗ ចេះ​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ ជា​លក្ខណៈ​គ្រួសារ ដោយ​មិន​ប្រើ​សារធាតុ​គីមី ដើម្បី​បន្ថយ​ការនាំ​ចូល ជាពិសេស​គឺ​ដើម្បី​រក្សា​សុខភាព សម្រាប់​ខ្លួនឯង និង​សម្រាប់​ក្រុមគ្រួសារ នីមួយៗ​ផងដែរ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular