លោក​ត្រាំ​ធ្វើ​ចំណាត់ការ​ដើម្បី​ក្តោប​ក្តាប់​អំណាច​លើ​បក្ស​សាធារណរដ្ឋ ត្បិត​បន្ត​ជាប់​បម្រាម​នៅលើ​ហ្វេ​សប៊ុក​

291

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បណ្តាញ​សង្គម​គឺជា​ជម្រើស​អាវុធ​របស់​គាត់​សម្រាប់​ការប្រយុទ្ធ​នឹង​ពួក​ប្រឆាំង​ក្នុង​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​លោក​ដូណាល់ ត្រាំ​កំពុងតែ​ស្វះស្វែង​រឹតបន្តឹង​កណ្តាប់​​ដៃ​ដែក​របស់​គាត់​ទៅលើ​គណ​បក្ស​សូម្បី​បន្ទាប់​ពី​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៥​ឧសភា​បាន​ពង្រីក​បម្រាម​របស់​គាត់​នៅលើ​ហ្វេ​សប៊ុក​ក៏ដោយ​។​

​ទោះបីជា​របូត​តំណែង​ប្រធានាធិបតី​ឱ្យទៅ​លោក ចូ បៃ​ដិន កាលពី​ឆ្នាំមុន​និង​តស៊ូ​នឹង​ការចោទប្រកាន់​ជា​លើក​ទី ២​បន្ទាប់​ពី​ការបះបោរ​ដ៏​សាហាវ​កាលពី​ខែ​មករា​នៅឯ​វិមាន​កា​ពី​តូ​ល​សហ​​រដ្ឋ​អាម៉េរិក​ក៏ដោយ ក៏​មហាសេដ្ឋី​សក់​មាស​រូប​នេះ​នៅតែ​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​គណបក្ស​សាធារណរដ្ឋ​ដដែល​។​

​កាលពី​ថ្ងៃ​ពុធ​លោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​លោក​មាន​ឥទ្ធិពល​ក្នុងគណ​បក្ស​ដោយ​លើកឡើង​ជា​ថ្មី​នូវ​ការអះអាង​មិន​ពិត​របស់​គាត់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​និង​ការទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​ថ្នាក់​​ដឹកនាំ​របស់​បក្ស ដែលនាំឱ្យ​គូប្រជែង ចូ បៃ​ដិន ប្រកាសថា “​បដិវត្តន៍​ដ៏​តូច​មួយ​នោះ​” កំពុង​ធ្វើ​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ក្រឡាប់ចាក់​។​

​លោក​ត្រាំ​បាន​ពន្លះ​ពួក​មេដឹកនាំ​គណបក្ស ដែល​បាន​ស្តីបន្ទោស​លោក​ជា​សាធារណៈ​រួម​ទាំង​សមាជិក​សភា​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​លោក មី​ត ម៉ា​កខូន​នែ​ល ឬ​អ្នក​ដែល​បាន​បោះឆ្នោត​ដើម្បី​​ចោទប្រកាន់​លោក​កាលពី​ខែ​មករា ជាពិសេស​គឺ​តំណាងរាស្ត្រ​លំដាប់​ទី​៣ លោកស្រី លី​ស ចេន​នី ដែល​ហាក់​ប្រឈម​មុខ​នឹង​ការដកចេញ​ពី​តំណែង​ជា​ប្រធាន​សន្និសីទ​របស់​បក្ស​សាធារណរដ្ឋ​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ឌឺដង​មួយ​ថា “​លោកស្រី លី​ស ចេន​នី គឺជា​មនុស្ស​ល្ងីល្ងើ​ល្មោភ​សង្គ្រាម ដែល​គ្មាន​ភារកិច្ច​អ្វី​សោះ​ក្នុង​ជួរ​ដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ​”​។ ​លោក​បាន​បន្ថែមថា លោក​គាំទ្រ​ក្រុម​មេដឹកនាំ​ណា​ដែល​ជឿ​លើ​គោលនយោបាយ “​ធ្វើឱ្យ​អាម៉េរិក​អស្ចារ្យ​ម្តងទៀត​” របស់គាត់​៕

​លោក​ត្រាំ​នៅតែ​មាន​ឥទ្ធិពល​ក្នុង​បក្ស​សាធារណរដ្ឋ​