ខ្សែក្រវាត់​ខា​រ៉ា​បាវ​អ្នក​ប្រដាល់​កម្ពុជា​បាត់បង់​ឱកាស​ប្រជែង​យក​ខ្សែក្រវាត់​

1211
ចែករម្លែក

ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៣,៥០​គីឡូក្រាម វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​ល្ងាច​ថ្ងៃទី​១៥​កក្កដា អ្នក​ប្រដាល់​កម្ពុជា​ទាំង​២​រូប គឺ មាស ច័ន្ទ​មាន មកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ចាញ់​នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។​

​មាស ច័ន្ទ​មាន ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ផ្លា​យ ណ​យ (Phlay Noy) ដោយ​ពិន្ទុ​ដាច់​តែម្ដង​។ ក្នុងការ​ប្រកួត ៥​ទឹក ចៅក្រម​ទាំង​៥​រូប គឺ​លោក ឡុង វណ្ណ​ថន លោ ក​ព្រំ សុភា លោក ដួង បូរី លោក ម៉ាក់ សាមឿន និង លោក​គ្រៀល ពុ​ទ្ធី សុទ្ធតែ​ផ្ដល់​ពិ​ន្តុ​ឲ្យ ផ្លា​យ ណ​យ ឈ្នះ​ដូចគ្នា​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ កាល​ជួបគ្នា​នៅក្នុង​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ មាស ច័ន្ទ​មាន ចាញ់​ពិន្ទុ ផ្លា​យ ណ​យ ដាច់​ម្ដង​ហើយៗ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ទោះបី ច័ន្ទ​មាន ខិតខំ​យ៉ាងណា​ក៏​នៅតែ​បរាជ័យ​ដដែល​។​

​ចំពោះ រឿង សា​រ័ត្ន វិញ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដោយ​ពិន្ទុ​យ៉ា​ប្រផិតប្រផើយ​ជាទីបំផុត​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​វិនិច្ឆ័យ​នោះ​ថា ក្នុងចំណោម​ចៅក្រម​ទាំង​៥ ដែលមាន​លោក​ព្រំ សុភា លោក​ឡុង វណ្ណ​ថន លោក នួន បូរ៉ា លោក ម៉ាក់ សាមឿន និង​លោក ដួង បូរី គឺ​លទ្ធផល​ចុងក្រោយ​ស្មើគ្នា​ដោយ​ពិន្ទុ​។ សា​រ័ត្ន ត្រូវ​គណៈវិនិច្ឆ័យ​កាត់ក្ដី​ឲ្យ​ចាញ់ ដោយសារ​នៅ​ទឹក​ទី​៣ ត្រូវ លូ​ម លេង វាយ​មួយ​ជង្គង់​ចំ​ក្រោម​ឆ្អឹងជំនី​ដួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ទើប​ឲ្យ​ចាញ់​បែបនេះ ព្រោះ​ការប្រកួត​ខ្សែក្រវាត់​មិន​ស្មើគ្នា​ដាច់ខាត​។​

​គួរ​បញ្ជាក់ថា កាល​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​លូ​ម លេង​បាន​ប្រើ​កែង​ផ្ដួល​រឿង សា​រ័ត្ន ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៤​ម្ដង​ហើយ​។​

​ខ្សែក្រវាត់​នេះ គឺ​អ្នក​ប្រដាល់​ថៃ លូ​ម លេង និង ផ្លា​យ ណ​យ ត្រូវ​ប្រជែង​គ្នា​យក ហើយ​អ្នក​ដែល​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​មាន​រង្វាន់​អម ៥.០០០​ដុល្លារ ចំពោះ​ជើងឯក​រង​បាន ៣.០០០​ដុល្លារ​។ អ្នកចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិនមាន​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ឡើយ​។​

+​សុខ សុវណ្ណ និង ពុទ្ធ សំបូរ ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ដែរ​ហើយ​
​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie នា​យប់​ថ្ងៃទី​១៥​កក្កដា មាន​អ្នក​ប្រដាល់​២​រូប​ទៀតហើយ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ក៏មាន​ជឿំ​ចិត្ត​ថា សុវណ្ណ ឈ្នះ​ដែរ​។ ក្នុងចំណោម​ចៅក្រម​ទាំង​៥​រូប​មាន​ចៅក្រម​៤​រូប​ផ្ដល់​ពិន្ទុ​ឲ្យ សុវណ្ណ ឈ្នះ​និង​មានតែ​១​រូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ គឹម​ហឿ​ត ឈ្នះ​នោះ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ សៅ វណ្ណា ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មានតែ​ចៅក្រម​មួយរូប​តែប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ សៅ វណ្ណា ឈ្នះ​ចំពោះ​៤​រូប​ទៀត ផ្ដល់​ពិន្ទុ​ឲ្យ ពុទ្ធ សំបូរ ឈ្នះ​។ ពេលនេះ គឹម​ហឿ​ត និង វណ្ណា ខ្ទាត​ចេញពី​ការប្រកួត​ហើយ ឯ សុវណ្ណ និង សំបូរ ត្រៀម​ជួបគ្នា​នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

+​ម៉ន សា​ម៉េ​ត របួស​ទឹក​៣ ឯ ចាន់ ស៊ី​ណាត ស្មើគ្នា​ទៀត​
​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១៥​កក្កដា អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​អ្នក​ប្រដាល់​ថៃ​កោះ ផាត (Kos Phat) វាយ​ឲ្យ​របួស​លើ​ចិញ្ចើម​យ៉ាងធ្ងន់ធ្ងរ នៅ​ទឹក​ទី​៣ ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត ដោយសារតែ​របួស​ធំ​ហើយ​ឈាម​ហូរ​កាត់​ភ្នែក​។​

​ដោយឡែក​អ្នក​ប្រដាល់ ចាន់ ស៊ី​ណាត ដែល​ពុំ​ធ្លាប់​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​វ័យ​ចំណាស់​ថៃ ភូ​ន សាវ៉ាត (Phoun Sawath) នោះ បាន​ប្រកួត​ស្មើ​ពិន្ទុ​គ្នា​ម្ដងទៀត​។​

+​រឿង សោ​ភ័​ណ្ឌ បាន​រង្វាន់​១​លាន​រៀល​
​អ្នក​ប្រដាល់ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បានទទួល​ប្រាក់រង្វាន់​បន្ថែម​ពីលើ​តម្លៃ​ខ្លួន ប្រកួត​ពី​អា​ឡិច​ហ្ស​ង់ បន្ទាប់ពី​គេ​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ថៃ ស៊ុយ ង៉ា​ម (Suoy Ngam) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១៦​កក្កដា​។​

+​ធី តុង​ហ៊ី ឈ្នះ​ពិន្ទុ​ឡេះ តើក​
​ការប្រកួត​លើស​ង្វៀន​ឆ្មា​ខ្មៅ​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១៦​កក្កដា អ្នក​ប្រដាល់ ធី តុង​ហ៊ី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឡេះ តើក ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ​។​

​អ្នក​ប្រដាល់​តំបន់​អង្គរ ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ថន វាសនា ក្លិប​នាគរាជ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ដាច់​ដែរ​៕

ដោយ៖ រ៉ូហ្សា

ទីតាំងផ្សាយពាណិជ្ជកម្ម