​ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ចំនួន​២០ ដែល​ផ្លាស់​ទីតាំង​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា បាន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើទឹក​ដី​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​មួយ​​ចំនួន​បានសម្រេច​ជួល​អាគារ ដីធ្លី និង​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត​កំពុង​ស្វែងរក​ការបោះ​ទីតាំង​នៃ​ដើម្បី​វិនិ​យោគ​ផងដែរ​។​

​លោក វ៉ី សំណាង អភិបាល អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ បាន​មាន​ប្រសាសន៍ថា ដោយ​កម្ពុជា ជា​ប្រទេសមួយ​មាន​សក្តានុពល និង​មានការ​ដឹកនាំ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ក្នុង ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ បានធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ចាប់អារម្មណ៍​និង​ដាក់ទុន​វិនិយោគ ដោយ​សម្លឹង​ឃើញ​ខេត្តកំពង់ស្ពឺ​នេះ​តែម្តង ព្រោះថា ខេត្ត​មួយ​នេះ​កំពុងមាន​ភាព​ទាក់ទាញ​អ្នកវិនិយោគ​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​ក្រុមហ៊ុន​ដែល​មកពី​មី​យ៉ាន់​ម៉ា​នេះ​តែម្តង​។ លោក​បាន​បញ្ជាក់ថា ការ​សម្រេចយក​ទីតាំង​កម្ពុជា ដើម្បី​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងអស់នោះ ភាគច្រើន​ជា​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់ កាបូប និង​ស្បែកជើង​។​

លោក​បន្តថា បច្ចុប្បន្ន​ពួកគេ​កំពុង​ស្វែងរក​ទីតាំង​វិនិយោគ​នៅលើ​ទឹកដី​ខេត្ត ក្នុងនោះ​រដ្ឋបាល​សាលាខេត្ត ក៏បាន​បង្ហាញ​ទីតាំង​អំពី​សក្តានុពល​របស់​ខេត្ត​មួយចំនួន​ដូចជា​៖ មាន​ផ្លូវ ទឹក និង​ភ្លើង​ជាដើម និង​បាន​បើកទូលាយ​ជូន​ក្រុម​វិនិយោគិន​ទាំងនោះ​អំពី​ការសម្រេចចិត្ត​ជ្រើសរើស​ទីតាំង​ដោយ​ខ្លួនឯង​។​

មកដល់ពេលនេះ ក្រុមហ៊ុន​ចំនួន​២​ហើយ បាន​ជួល​រោងចក្រ​ដើម្បី​ដំណើរ​រួចរាល់ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏មាន​ដី​សម្រាប់​ការវិនិយោគ និង​មួយចំនួន​កំពុង​ស្វែងរក​ទីតាំង​សម្រាប់​ការវិនិយោគ​របស់ខ្លួន​ផងដែរ​។ លោក​បន្ថែមថា ខេត្តកំពង់ស្ពឺ កំពុងមាន​មោទនភាព​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​បណ្តាក់ទុន​ថ្មីៗ​ជាច្រើន​បន្តបន្ទាប់ ជាក់ស្តែង ក្នុង​ពេលនេះ អ្នកវិនិយោគ​មកពី​ប្រ​ទស​ចិន ក៏បាន​ទាក់​ទង់​ជា​បន្តបន្ទាប់​ផងដែរ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​៤ បានមក​បើក​ទីតាំង​រួចរាល់ នឹង​ក្រុមហ៊ុន​មួយចំនួនទៀត កំពុង​ស្វែងរក​ពេលវេលា​សម​ស្រប​ណាមួយ ដើម្បី​ចុះមក​សិក្សា និង​បណ្តាក់​ទុនវិនិយោគ​ក្នុង​ខេត្ត ជាពិសេស​បន្ទាប់ពីរ​ស្ថានភាព​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​។​

​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុម័ត​គម្រោង​សរុប​បញ្ចូល​ទាំង​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មាន​ចំនួន ៤៩​គម្រោង ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ២.២០០​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ទំហំ​ទឹកប្រាក់​នៃ​ការវិនិយោគ កើនឡើង​ជិត​១១៤​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០៕​